កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករអេហ្ស៊ីប Salah ផ្ទេរទៅ Liverpool ក្នុងតម្លៃ៤៣លានដុល្លារអាមេរិក
× Liverpool ទិញបានខ្សែប្រយុទ្ធល្បឿនលឿន Mohamed Salah ពីក្រុម AS Roma ជាផ្លួវការហើយក្នុងតម្លៃ ៣៤លានផោន ប្រមាណ៤៣លានដុល្លារ។ អតីតសមាជិកក្រុម Chelsea នឹងចុះកិច្ចសន្យារយៈពេល៥ឆ្នាំ និងជាប់ជាកីឡាកររបស់ទ្វីបអាហ្វ្រិកដែលមានតម្លៃថ្លៃជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់។
បើតាមការចុះផ្សាយរបស់វេបសាយផ្លួវការ Liverpool បើគិតពីអាត្រាទឹកប្រាក់បច្ចុប្បន្ន តម្លៃខ្លួនរបស់កីឡាករសញ្ជាតិអេហ្ស៊ីបវ័យ២៥ឆ្នាំរូបនេះ ដែលស្មើគ្នាជាមួយ Sadio Mane ដែលអ្នកចាត់ការ Jurgen Klopp ទិញពី Southampton កាលពីឆ្នាំមុន គឺជាឯតទគ្គកម្មថ្មីសម្រាប់ក្រុមហង្សក្រហម Liverpool បើទោះបីជាកាលពីឆ្នាំ២០១១ ពួកគេបានទិញ Andy Carroll តម្លៃ៣៥លានផោន ប្រហែលជាង៤៤លានដុល្លារពី Newcastle United ក៏ដោយ។
កាលពីឆ្នាំ២០១៤ Salah ជិតឈានទៅចូលរួមជាមួយ Liverpool ម្តងរួចមកហើយ តែបែជាចូលរួមជាមួយ Chelsea ទៅវិញ។ រដូវកាលដំបូងនៅទឹកដី Stamford Bridge រូបគេបានឈ្នះពាន Premier League ក្រោមការដឹកនាំរបស់លោក Jose Mourinho និងបានបង្ហាញខ្លួនឲ្យតោខៀវបានតែ១១ប្រកួតប៉ុណ្ណោះ ហើយរដូវកាលបន្ទាប់ អតីតខ្សែប្រយុទ្ធ FC Basel នេះក៏ត្រូវបាន Fiorentina ខ្ចីជើង និងលក់ឲ្យទៅ Roma រហូតដល់ឆ្នាំ២០១៧។
Salah ដែលស៊ុតបញ្ចូលទី១៥គ្រាប់ និងជួយ Roma បានចំណាត់ថ្នាក់លេខ២ក្នុងក្របខណ្ឌអ៊ីតាលី Serie A រដូវកាលមុន នឹងត្រូវពាក់អាវលេខ១១ជំនួស Roberto Firmino ដែលផ្ដូរទៅលេខ៩វិញ៕
Tag:
បាល់ទាត់
Mohamed Salah
Liverpool
ដោះដូរកីឡាករ
© រក្សាសិទ្ធិដោយ thmeythmey.com