អន្តរជាតិ
មេទ័ព​អាមេរិក​ថា បើ​ធ្វើសង្គ្រាម​ជាមួយ​កូរ៉េខាងជើង ក្រុង​សេ​អ៊ូ​ល​នឹង​វិនាស​
23, Jun 2017 , 7:19 pm        
រូបភាព
​ប្រមុខ​ការពារជាតិ​អាមេរិក ជេ​ម​ស៍ ម៉ា​ធី​ស (James Mattis) និង​ប្រមុខ​កងទ័ព ចូ​សេ​ហ្វ ដាន់​ហ្វ​ត (Joseph Dunford) បាន​ព្រមាន​ពី​គ្រោះថ្នាក់​មិនអាច​ស្មាន​ដល់ បើ​សង្គ្រាម​ជាមួយ​កូរ៉េខាងជើង​ផ្ទុះ​ឡើយ​ចៀស​មិន​ផុត​។ រដ្ឋធានី​សេ​អ៊ូ​ល ដែល​ស្ថិតនៅ​ចម្ងាយ​មិន​ដល់​មួយរយ​គីឡូម៉ែត្រ​ពី​បន្ទាត់​ព្រំដែន​ជាមួយ​កូរ៉េខាងត្បូង ប្រាកដជា​ត្រូវ​រលាយ​ហិនហោច ហើយ​ជីវិត​មនុស្ស​រាប់លាន​នាក់​រស់នៅ​ទីក្រុង បូក​នឹង​ទាហាន​អាមេរិក​ក៏​ប្រឈមមុខ​គ្រោះថ្នាក់​ដែរ​។​



​បើទោះជា​ការប្រឈមមុខ​ផ្នែក​យោធា​ជាមួយ​កូរ៉េខាងជើង​ភាព​តានតឹង​ខ្លាំង​ក្ដី លទ្ធភាព​ដែល​ឈានដល់​ការផ្ទុះ​សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ​មាន​កម្រិត​តិចតួច​នៅឡើយ​។ យ៉ាងណាក្ដី មន្ត្រីជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការ​សន្តិសុខ និយាយថា សង្គ្រាម​ជាមួយ​កូរ៉េខាងជើង នឹងធ្វើ​ឲ្យ​ទីក្រុង​សេ​អ៊ូ​ល​រលាយ​មិន​ខាន​។ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ជេ​ម​ស៍ ម៉ា​ធី​ស និង​នាយសេនាធិការ​ចម្រុះ​កងទ័ព ឧ​ត្ត​ម​សេនីយ៍ ចូ​សេ​ហ្វ ដាន់​ហ្វ​ត សុទ្ធតែ​បាន​ព្រមាន​ពី​គ្រោះមហន្តរាយ​នៃ​សង្គ្រាម​នេះ

​ក្នុង​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិការ​ស​ភា​កាលពី​ថ្មីៗ​នេះ លោក ម៉ា​ធី​ស និយាយថា សង្គ្រាម​លើក​នេះ នឹងមិន​ដូច​សង្គ្រាម​ឆ្នាំ​១៩៥០-១៩៥៣ ឡើយ ហើយ​អាមេរិក​ត្រូវតែ​ប្រើប្រាស់​គ្រប់​កម្លាំង​ទាំងអស់​ដើម្បី​ទប់ស្កាត់​។ បើតាម​សម្ដី​លោក ម៉ា​ធី​ស សង្គ្រាម​ជាមួយ​កូរ៉េខាងជើង នឹង​ជា​សង្គ្រាម​ដែល​គ្រោះថ្នាក់ ព្រោះ​កូរ៉េខាងជើង​មាន​សព្វាវុធ​ទំនើប​ច្រើនៗ មិន​ថា​មី​ស៊ី​ល ឬ​អាវុធ​នុយក្លេអ៊ែរ​ឡើយ ហើយ​ថែមទាំង​មាន​ឥទ្ធិពល​ខ្លាំង​ទៀតផង​។​

​ជាការ​ពិត កូរ៉េខាងជើង​មាន​សម​ត្ថ​ភាពខ្លាំង​មិនអាច​មើលស្រាល​បានទេ ហើយ​ចុង​ក្រោយនេះ​កូរ៉េខាងជើង​កំពុង​សម្រុក​អភិវឌ្ឍ​មី​ស៊ី​ល​អន្តរទ្វីប​ដែល​អាច​បាញ់​ដល់​ទឹកដី​អាមេរិក​។ យ៉ាងណាក្ដី ឧ​ត្ត​ម​សេនីយ៍ ដាន់​ហ្វ​ត ដែលមាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​ដែរនោះ បានបង្ហាញ​ការព្រួយបារម្ភ​ខ្លាំង​លើ​ការគំរាមកំហែង​អាវុធ​ធុន​ស្រាល​របស់​កូរ៉េខាងជើង​ដូចជា​រ៉ុក្កែត​ចម្ងាយ​ឆ្ងាយ​ដែល​ពង្រាយ​តាម​ព្រំដែន​រវាង​កូរ៉េ​ទាំងពីរ​។​

​ប្រមុខ​កងទ័ព​អាមេរិក​រូបនេះ​បាន​ប្រាប់​សមាជិកសភា​អាមេរិក​ថា ទីក្រុង​សេ​អ៊ូ​ល​មាន​ប្រជាជន​២៥​លាន​នាក់ និង​មាន​ជនជាតិ​អាមេរិក​ជាង​៣​សែន​នាក់​ផង ស្ថិតក្នុង​គោលដៅ​របស់​រ៉ុក្កែត កាំភ្លើង​ធំ និង​មី​ស៊ី​ល​ជាច្រើន​ពាន់​គ្រឿង ដែល​ពង្រាយ​តាម​ព្រំដែន​។ បើទោះជា​រំពឹង​ទទួលជោគជ័យ​ពេល​សង្គ្រាម​ផ្ទុះឡើង​ក្ដី លោក​បញ្ជាក់ថា ចំនួន​មនុស្ស​ស្លាប់ នឹង​កើនឡើង​ខ្លាំង​មិន​ដូច​អ្វីដែល​ធ្លាប់​កើតឡើង​កាលពី​៦០ ឬ​៧០​ឆ្នាំមុន​ឡើយ​។ នេះ​បើតាម​ការផ្សាយ​របស់គេ​ហ​ទំព័រ Military.com​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​បួន​រូបនេះ​បន្ថែមថា ប្រជាជន​កូរ៉េខាងត្បូង​នឹង​ស្លា​ប់គរ​ជើង​នៅ​រយៈពេល​៥ ទៅ​៧​ថ្ងៃ​ដំបូង​នៃ​សង្គ្រាម ព្រោះ​ប្រជ​ជន​ក្នុង​ទីក្រុង​សេ​អ៊ូ​ល​រស់នៅ​តំបន់​កៀ​កូរ៉េខាងជើង ហើយ​ពិបាក​ក្នុង​ទប់ស្កាត់​ណាស់​។ នៅពេលនេះ រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ កំពុង​ស្វះស្វែង​បញ្ចប់​មហិច្ឆតា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​តាម​គ្រប់​មធ្យោបាយ និង​បាន​សម្ពាធ​កាន់តែខ្លាំង​លើ​ចិន​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​នេះ​ផងដែរ​៕


Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com