អន្តរជាតិ
អូស្ត្រាលី​ផ្តល់ជំនួយ​៧០ ម៉ឺន​ដុល្លារ​ដល់​ប្រជាជន​ហ្វីលីពីន​រងគ្រោះ​នៅ​ក្រុង Marawi
23, Jun 2017 , 4:02 pm        
រូបភាព
រូបភាព៖ ABS-CBN
រូបភាព៖ ABS-CBN
ដោយ:
​រដ្ឋាភិបាល​អូស្ដ្រាលី​ឧបត្ថម្ភ​អាហារ និង​របស់របរ​ជាច្រើន​ទៀត​ដែល​គិត​ជា​ទឹកប្រាក់​ប្រហែល ៧០ ម៉ឺន​ដុល្លារ​អាមេរិក​ដល់​ប្រជាជន​ដែល​រត់​ភៀសខ្លួន​ពី​ទីក្រុង Marawi ដោយ​ការ​ការប្រយុទ្ធ​គ្នា​រវាង​កង​ម្លាំ​ង​រដ្ឋាភិបាល និង​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​។ ថវិកា​ទំហំ​ប្រហែល ៧០ ម៉ឺន​ដុល្លារ​អាមេរិក​នេះ​ជា​ជំនួយ​បន្ថែម​លើ​ជំនួយ ៣០ លាន​ដុល្លារ​ដែល​អូស្ត្រាលី​សន្យា​ផ្តល់​ឲ្យ​ហ្វីលីពីន​កាលពី​ខែមីនា​ឆ្នាំមុន​។​



​ជំនួយ​ជាច្រើន​សន្ធឹកសន្ធាប់​មាន​ទាំង​ចំណីអាហារ​និង​របស់របរ​ប្រើប្រាស់​មានតម្លៃ​៧០​ម៉ឺន​ដុល្លារ​អាមេរិក​ត្រូវបាន​អូស្ត្រាលី​ផ្តល់ជូន​ប្រជាជន​ហ្វីលីពីន​ដែល​រងគ្រោះ​ដោយសារ​ការប៉ះទង្គិច​គ្នា​ដោយ​អាវុធ​នៅ​ក្រុង Marawi​។

​សារព័ត៌មាន​ហ្វីលីពីន ABS-CBN ផ្សាយ​ថា រដ្ឋមន្ត្រីការបរទេស​អូស្ដ្រាលី​លោកស្រី Julie Bishop បាន​រៀបរាប់​ជំនួយ​ដែល​អូស្ត្រាលី​ផ្តល់​ឲ្យ​នោះ​មាន​តង់ កន្ទេល ម៉ុង ម្សៅ​សាប៊ូ ពិល កញ្ចែ​សម្រាប់​ហៅរក​ជំនួយ សំលៀកបំពាក់ ស្បៀងអាហារ​មាន​ទំហំ ៥០០ តោន រួមជាមួយ​ឧបករណ៍​ផ្សេងទៀត​ជាច្រើន​។​

​រដ្ឋមន្ត្រី​រូបនេះ​បាន​បន្តទៀតថា រដ្ឋាភិបាល​អូស្ដ្រាលី​គាំទ្រ​ការប្រឆាំង​ភេរវកម្ម​របស់​ហ្វីលីពីន និង​ការបញ្ចប់​ការបះបោរ​ដោយ​ក្រុម​ជ្រុលនិយម​នៅ​កោះ​មិន​ដា​ណាវ​។ កាលពី​ខែមីនា​អូស្ដ្រាលី​បាន​សន្យាថា​ជួយ​ហ្វីលីពីន ៣០​លាន​ដុល្លារ​គាំទ្រ​ការស្វែងរក​សន្តិភាព ហើយ​ជំនួយ​លើក​នេះ​ជា​ជំនួយ​បន្ថែម​ពីលើ​អ្វីដែល​អូស្ត្រាលី​បាន​សន្យា​កាលពី​ខែមីនា​ដែរ​។​

​រដ្ឋមន្ត្រីក្រសួង​រូបនេះ​បាន​ថ្លែងថា​៖«​រដ្ឋាភិបាល​អូស្ដ្រាលី​ប្តេជ្ញា​គាំទ្រ​ការស្វែងរក​សន្តិភាព និង​ការអភិវឌ្ឍ​នៅ​កោះ​មិន​ណា​ដាវ​ដែលជា​កិច្ចការ​ដ៏​សំខាន់​ក្នុង​ការរក្សា​ស្ថិរភាព​នៅ​ហ្វីលីពីន​ទាំងមូល​។ រដ្ឋាភិបាល​អូស្ដ្រាលី​នឹង​បន្ត​សហការ​ជាមួយ​ហ្វីលីពីន​ដើម្បី​កម្ចាត់​ក្រុម​ភេរវជន​ក្នុង​តំបន់​»​។​

​ការហ៊ុមព័ទ្ធ និង​ការប្រយុទ្ធ​គ្នា​រវាង​កងទ័ព​ហ្វីលីពីន និង​ក្រុម​ជ្រុលនិយម​ឥស្លាម​ដើម្បី​ដណ្ដើមយក​ក្រុង Marawi មកវិញ​បាន​បង្ក​ការភ័យខ្លាច​ដល់​ប្រទេស​នានា​ក្នុង​តំបន់​។ គេ​ភ័យ​ថា ក្រុម​ភេរវជន​ដែ​ស្ហ (Daesh) អាច​នឹង​ដណ្តើមយក​តំបន់​ភាគខាងត្បូង​ហ្វីលីពីន​ដែល​សម្បូរ​ដោយ​ប្រជាជន​ម៉ូ​ស្លី​ម​ធ្វើជា​ទីតាំង​របស់ខ្លួន​។

​ការប្រយុទ្ធ​គ្នា​រវាង​កងទ័ព​ហ្វីលីពីន និង​ក្រុម​ភេរវជន​មាន​ភក្តីភាព​ចំពោះ​ក្រុម​ដែ​ស្ហ កើនឡើង​កាន់តែខ្លាំង​ឡើង​នៅ​ថ្ងៃ ២០ ខែមិថុនា ដោយ​ទាហាន​រដ្ឋាភិបាល​បង្កើន​ការវាយប្រហារ​ទាំង​លើគោក និង​ពីលើ​អាកាស​ផង​។ កងទ័ព​ហ្វីលីពីន​មានបំណង​បោសសម្អាត​ក្រុម​ភេរវជន​នេះ​ឲ្យ​អស់​មុនពេល​បុណ្យ​បួស Ramadan ចប់​ផងដែរ​។ គិត​ត្រឹម​ថ្ងៃ​អង្គារ ទី​២០​មិថុនា មនុស្ស​ជាង ៣០០​នាក់​បាន​ស្លាប់​ដោយសារ​ការប្រយុទ្ធ​គ្នា​នេះ​ក្នុងនោះ​មាន​ក្រុម​ភេរវជន ២៥៨​នាក់ ទាហាន​រដ្ឋាភិបាល ៦៥​នាក់ និង​ជន​ស៊ីវិល​២៦​នាក់​ដែរ​៕


Tag:
 អូស្ត្រាលី​
  ហ្វីលីពីន​
  Marawi
  Jolie Bishop
© រក្សាសិទ្ធិដោយ thmeythmey.com