អន្តរជាតិ
ប្រជាជន​ពិភពលោក​នឹង​កើន​ដល់​៩,៨​ពាន់​លាន​នាក់​ត្រឹម​ឆ្នាំ​២០៥០ ហើយ​ឥណ្ឌា​វ៉ា​ដាច់​ចិន​
23, Jun 2017 , 8:19 pm        
រូបភាព
ដោយ:
​យោងតាម​សេចក្ដីរាយការណ៍​អង្គការសហប្រជាជាតិ ចំនួន​ប្រជាជន ពិភពលោក​ដែល​បច្ចុប្បន្ន​មាន​ត្រឹម ៧,៦​ពាន់​លាន​នាក់​នឹង​កើនឡើង​ដល់ ៩,៨​ពាន់​លាន​នាក់​ត្រឹម​ឆ្នាំ​២០៥០​។ អ្វីដែល​សំខាន់ ឥណ្ឌា​នឹង​ជំនួស​តំណែង​មហា​យក្ស​ចិន​ក្នុងនាម​ជា​ប្រទេស​ដែលមាន​ប្រជាជន​ច្រើនជាងគេ​ត្រឹម​ឆ្នាំ ២០២៤ ខាងមុខ​នេះដែរ​។​



​គិត​ត្រឹម​ឆ្នាំ ២០៥០ ចំនួន​ប្រជាជន​ពិភពលោក​នឹង​កើនឡើង​ដល់ ៩, ៨​ពាន់​លាន​នាក់​ឯណោះ​។​នេះ​ជាការ​វាយតម្លៃ​របស់​អង្គការសហប្រជាជាតិ​តាមរយៈ​របាយការណ៍​មួយ​ដែល​ចុះផ្សាយ​ថ្ងៃ ២១ ខែមិថុនា​។​

​របាយការណ៍​ដែល​ចងក្រង​ឡើង​ដោយ​នាយកដ្ឋាន​កិច្ចការ​សង្គម​និង​សេដ្ឋកិច្ច​អង្គការសហប្រជាជាតិ បាន​កត់សម្គាល់ថា ឥណ្ឌា​បច្ចុប្បន្ន​(២០១៧)​ដែលជា​ចំនួន​ប្រជាជន​ច្រើន​លំដាប់​ទី​ពីរ​ពិភពលោក​នឹង​វ៉ា​ដាច់​ចំនួន​ប្រជាជន​ចិន ក្នុង​រយៈពេល​តែ​ប្រាំពីរ​ឆ្នាំ​ប៉ុណ្ណោះ​។​

​សូម​បើក​វង់ក្រចក​ន​បន្តិច​ដែរ​ថា បច្ចុប្បន្ន​ឥណ្ឌា​មាន​ចំនួន​ប្រជាជន​១,៣​ពាន់​លាន​នាក់ ខណៈ​ឯ​ចិន​មាន​ចំនួន​ប្រជាជន​ចិន ១,៤​ពាន់​លាន​នាក់​។ ដូច្នេះហើយ​នៅ​ឆ្នាំ ២០២៤ ឥណ្ឌា​នឹង​ជំនួស​តំណែង​ចិន​ក្នុងនាម​ជា​ប្រទេស​មាន​ប្រជាជន​ច្រើនជាងគេ​វិញ​ម្តង​។​

​យោងតាម​របាយការណ៍​ដដែល ចំនួន​ប្រជា​ជននី​ហ្សេ​រី​យ៉ា កំពុងតែ​កើនឡើង​យ៉ាង​រហ័ស ហើយ​វា​នឹង​ជំនួស​តំណែង​អាមេរិក​ដែលមាន​ចំនួន​ប្រជាជន​ច្រើនជាងគេ​លំដាប់​ទី​បី​លើ​ពិភពលោក​ក្នុង​ឆ្នាំ​២០៥០​។​ម្យ៉ាងវិញទៀត ចំនួន​ប្រជាជន​នៅ​ប្រទេស​ចំនួន ២៦ ក្នុង​តំបន់​អាហ្វ្រិក​ទាំងមូល​នឹង​កើនឡើង​យ៉ាងហោចណាស់​ទ្វេដង​ត្រឹម​ឆ្នាំ​២០៥០​។​

​ចំនួន​ប្រជាជន​ដែលមាន​អាយុ​លើស ឬ​ស្មើ​៦០​ឆ្នាំ​នឹង​កើនឡើង​លើសពី​រដង​ក្នុង​ឆ្នាំ​២០៥០ និង​បន្ត​កើន​លើសបី​ដង​នៅត្រឹម​ឆ្នាំ ២១០០​។ បច្ចុប្បន្ន​ចំនួន​ប្រជាជន​ដែលមាន​វ័យ​ចំណាស់​ជុំវិញ​ពិភពលោក​ក្នុង​ឆ្នាំ​២០១៧ នេះ​មាន​ចំនួន​៩៦២ លាន​នាក់ ហើយ​ចំនួន​នេះ​នឹង​កើន​ដល់​២.១ ពាន់​លាន​នាក់​ក្នុង​ឆ្នាំ​២០៥០​។ វា​បន្ត​កើន​ដល់​៣.១​លាន​នាក់​ក្នុង​ឆ្នាំ​២១០០ ផងដែរ​។​
​ទោះបីជា​អាត្រា​កំណើនប្រជាជន​ថយចុះ​ក៏ដោយ ចំនួន​ប្រជាជន​ជុំវិញ​ពិភពលោក​នៅតែមាន​ទំនោរ​កើនឡើង​បន្តបន្ទាប់ ហើយ​ចំនួន​ប្រជាជន​ប្រហែល ៨៣ លាន​នាក់​កើនឡើង​ទូទាំង​ពិភពលោក​រៀងរាល់ឆ្នាំ​ផងដែរ​៕


Tag:
 ​ចិន​
  ឥណ្ឌា​
  អង្គការសហប្រជាជាតិ​
  ប្រជាជន​ពិភពលោក​
© រក្សាសិទ្ធិដោយ thmeythmey.com