អន្តរជាតិ
រដ្ឋអារ៉ាប់ ទារឲ្យ កាតា ឈប់រាប់អានអ៊ីរ៉ង់, បិទ Al Jazeera ,ដេញទ័ពតួកគីចេញ
× រដ្ឋអារ៉ាប់ចំនួនបួន បានដាក់លក្ខខណ្ឌជាច្រើនឲ្យកាតាអនុវត្តតាមបើសិនជារដ្ឋមួយនេះចង់ស្តារចំណងការទូតជាមួយពិភពអារ៉ាប់វិញនោះ។ ក្នុងចំណោមលក្ខខណ្ឌទាំងនោះមានដូចជា កាត់បន្ថយទំនាក់ទំនងជាមួយអ៊ីរ៉ង់ បិទសារព័តមាន Al Jazeera និងព្យួរកិច្ចសហប្រតិបត្តិការយោធាមួយតួកគីផងដែរ។
បន្ទាប់ពីប្រឈមមុខគ្នាផ្នែកការទូតអស់ជាច្រើនសប្តាហ៍ រដ្ឋអារ៉ាប់ចំនួនបួនដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានបញ្ចេញលក្ខខណ្ឌមួយចំនួនឲ្យកាតាត្រូវធ្វើដើម្បីអាចចំណងការទូតជាមួយពិភពអារ៉ាប់ឡើងវិញ។
យោងតាមសារព័ត៌មាន Financial Times គុយវ៉ែត ដែលជាអ្នកសម្រុះសម្រួលជម្លោះនេះបានបង្ហើបឲ្យឃើញពីលក្ខខណ្ឌដែលគេទាមទារឲ្យកាតាបំពេញតាមនេះ។ លក្ខខណ្ឌទាំងនោះមានចំនួន ១៣ ចំណុច ហើយកាតាត្រូវបំពេញឲ្យបានក្នុងរយៈពេល១០ថ្ងៃ។
លក្ខខណ្ឌសំខាន់ៗមានដូចជា បិទទ្វារឈប់ទទួលកងទ័ពតួកគី បិទសារព័ត៌មាន Al Jazeera នៅកាតានិងរាល់សាខារបស់ខ្លួននៅបរទេស រួមទាំង បន្ថយកម្រិតទំនាក់ទំនងជាមួយអ៊ីរ៉ងផងដែរ។ ចំណែកលក្ខខណ្ឌផ្សេងទៀតមានដូចជា អនុវត្តគោលនយោបាយដែលថ្កោលទោសទំនាក់ទំនងរវាងកាតាមានជាមួយបណ្តាក្រុមប្រដាប់អាវុធឥស្លាមជ្រុលនិយម ឈប់ផ្តល់លុយគាំទ្រភេរវជន និងប្រគល់រាល់មនុស្សទាំងឡាយណាដែលត្រូវបានអារ៉ាប៊ីសាអូឌីត, អារ៉ាប់រួម អេមីរ៉ាត់, បារ៉ែន និងអេហ្ស៊ីប កំណត់ថាជាភេរវជនផង។
យ៉ាងណាក៏ដោយ លក្ខខណ្ឌដែលប្រទេសទាំងបួនខាងលើកំណត់នោះហាក់បីដូចជាធំហួសហេតុ ហួសលើសអ្វីដែលកាតាអាចធ្វើបាន។ គេរង់ចាំមើលថា តើកាតានឹងឆ្លើយតបបែបណាចំពោះការទាមទាររបស់បណ្តារដ្ឋអារ៉ាប់ទាំងនោះ។
សូមបញ្ជាក់ថា កាតាប្រឈមមុខបញ្ហាខ្លាំង ដោយសារបណ្តាប្រទេសអារ៉ាប់ជិតខាង ហ៊ុមព័ទ្ធសេដ្ឋកិច្ច កាត់ផ្តាច់អស់រាល់ទំនាក់ទំនងផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស ក្រោយកាត់ចំណងការទូត ដោយចោទថា កាតាជារដ្ឋគាំទ្រភេរវកម្ម។ ប៉ុន្តែរដ្ឋមន្ត្រីសេដ្ឋកិច្ចប្រទេសនេះអះអាងថា ទណ្ឌកម្មរបស់បណ្តារដ្ឋអារ៉ាប់ទាំងនោះមិនប៉ះពាល់សេដ្ឋកិច្ចខ្លួនខ្លាំងឡើយ។ អ្វីដែលគួរឲ្យកត់សម្គាល់ តួកគី និងអ៊ីរ៉ង់ក្លាយជាមិត្តក្នុងគ្រាអាសន្នរបស់កាតាដែលលេចមុខជាងគេ ក្នុងការជួយផ្គត់ផ្គង់ស្បៀងអាហារឲ្យកាតារាល់ថ្ងៃ៕
Tag:
កាតា
Al Jazeera
អ៊ីរ៉ង់
អារ៉ាប៊ីសាអូឌីត
© រក្សាសិទ្ធិដោយ thmeythmey.com