ជាតិ
TI ប៉ាន់​ប្រមាណ​លទ្ធផល​បឋម​បោះឆ្នោត​ឃុំ​-​សង្កាត់ ថា CPP បាន ៤៩.៤ ភាគរយ ឯ​CNRP បាន ៤៣.២ ភាគរយ​
23, Jun 2017 , 9:39 pm        
រូបភាព
ដោយ:
​អង្គការ​តម្លាភាព​កម្ពុ​ជា(TI) បានធ្វើ​សន្និសីទ​សារព័ត៌មាន​បង្ហាញ​លទ្ធ​ផល​បឋម​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​អាណត្តិ​ទី​៤ ឆ្នាំ​២០១៧។ ការសិក្សា​ផ្អែកទៅលើ​សំណាក​វិទ្យាសាស្ត្រ​ស្ថិតិ​(SBO) អង្គការ​នេះ រកឃើញ​នូវ​លទ្ធផល​បឋម​ថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​សំឡេងគាំទ្រ​ទូទាំងប្រទេស​ចំនួន ៤៩.៤ ភាគរយ និង​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន ៤៣.២ ភាគរយ​។



​ចំនួន​សន្លឹកឆ្នោត​ទូទាំងប្រទេស​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​មាន​ប្រមាណ ៤៩.៤ ភាគរយ និង​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន ៤៣.២ ភាគរយ​។ នេះ​ជា​លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ ដែល​អង្គការ​ត​ម្ល​ភាព​កម្ពុជា បាន​រកឃើញ​តាមរយៈ​វិធីសាស្ត្រ​អង្កេត​ការណ៍​បោះឆ្នោត​បែប​សំណាក​គំរូ​វិទ្យាសាស្ត្រ​ស្ថិតិ SBO ។ ជាងនេះទៀត អង្គការ​មួយ​នេះ​រកឃើញថា អ្នក​ដែល​បាន​ចេញទៅ​បោះឆ្នោត​កាលពី​ថ្ងៃទី ៤ ខែមិថុនា កន្លងទៅ​មាន​ប្រមាណ ៩០.២​ភាព​រយ ខណៈដែល​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​ប្រកាសថា អ្នក​បាន​ទៅ​បោះឆ្នោត​ជាង ៨៩.៥ ភាគរយ​។​

​តាមពិតទៅ​លទ្ធផល​នេះ អង្គការ​ត​ម្ល​ភាព បានដាក់​អ្នកសង្កេតការណ៍​តែ ៨២២ នាក់​ប៉ុណ្ណោះ ដោយ​ពង្រាយ​តាមបែប​សំណាក (SBO)​ទៅកាន់​ការិយាល័យ​បោះឆ្នោត​ចំនួន​៤១១ ហើយ​វាយតម្លៃ​លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​ចំនួន ២២១៤៨ ការិយាល័យ​ទូទាំងប្រទេស ផ្អែកទៅលើ​សំណាក​វិទ្យាសាស្ត្រ​ស្ថិតិ​(SBO) នេះឯង​។ ដោយសារ​អង្គការ​នេះ ដាក់​ចំនួន​អ្នក​អង្កេត​ការណ៍​តិច​បែបនេះ ធ្វើ​ឲ្យ​វិមតិសង្ស័យ​អំ​ពី​សុក្រឹតភាព​នៃ​លទ្ធផល​បឋម​ដែល​អង្គការ​តម្លាភាពរ​ក​ឃើញ​។



​នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល បាន​បកស្រាយ​នៅក្នុង​ស​ន្និ​សី​ទ​សារព័ត៌​មាន នៅ​សណ្ឋាគារ​សាន់វ៉េ​កាលពី​ថ្ងៃទី ២២ ខែមិថុនា ក្រោយពី​បង្ហាញ​លទ្ធផល​បឋម​ដែល​អង្គការ​លោក​រកឃើញ​។ លោក ព្រាប កុល ពន្យល់​ពី​មូល​ហេតុដែល TI អាច​វាយតម្លៃ​ការបោះឆ្នោត​ទូទាំងប្រទេស​បាន គឺ​ការ​សង្កេតការណ៍​តាមបែប​សំណាក​វិទ្យាសាស្ត្រ​ស្ថិតិ​(SBO) ដែលមាន​រហូតដល់​៧​ជំហាន​។ លោក​ថា ជំហាន​ទី​១ ស្វែងរក​ចំនួន​តួលេខ​ការិយាល័យ​បោះឆ្នោត​សរុប​ដែលមាន ២២,១៤៨ នៅក្នុង​២៥ រាជធានី ខេត្ត និង​ជំហាន​ទី​២ គណនា​សំណាក​គំរូ​ការិយាល័យ​បោះឆ្នោត ​ដែល​ត្រូវធ្វើ​ការសង្កេត​ដើម្បី​ឲ្យ​ត្រូវ​តាម​លក្ខណៈ​វិទ្យាសាស្ត្រ ​​និង​កំណត់​ចំនួន​ប៉ុន្មាន ​ដែល​អាច​តំណាង​ឲ្យ ២២,១៤៨ ការិយាល័យ​ទូទាំងប្រទេស ដោយ​ការ​គណនា​នេះ​មាន​ច្រើន​របៀប​តាម​លក្ខណៈខុសៗ​គ្នា​ទៅតាម​អ្នកវិទ្យាសាស្ត្រ​។ ជំហាន​ទី​៣​ ត្រូវ​ជ្រើសរើស​ការកំណត់​ចំនួន​ការិយាល័យ​បោះឆ្នោត​សំណាក​ នៅតាម​ខេត្ត​នីមួយៗ ហើយ​នៅ​ក្នុងនោះ​ត្រូវបាន​បែងចែក​ជា​ពីរ​តំបន់​គឺ ទីប្រជុំជន និង​ជនបទ​។

​បើតាមលោក ព្រាប កុល ​​ជំហាន​ទី​៤ ត្រូវ​គណនា​មធ្យមភាគតំណាង​ឲ្យ​ជា​ភាគរយ​ថា តើ​ចំនួន​ហ្នឹង បើ​គិត​បាន​ប៉ុន្មាន​ភាគរយ គឺយក​ចំនួន​សរុប​ការិយាល័យ​បោះឆ្នោត​នៅ​ខេត្ត​មួយ​ ទៅ​ចែ​ក​នឹង​ចំនួន​សរុប​ការិយាល័យ​បោះឆ្នោត​ទូទាំងប្រទេស ហើយ​ទៅ​គុណ​នឹង​១​០០ ​និង​ឃើញ​ចំនួន​ភាគរយ​នៃ​ខេត្ត​នោះ។ ​ត្រូវធ្វើ​ដូចគ្នា​ទាំងអស់​ទូទាំងប្រទេស​។ ជំហាន​ទី​៥ គណនា​ភាគរយ​ការិយាល័យ​បោះឆ្នោត​នៅ​ទីប្រជុំជន និង​ជនបទ គឺ​យក​ការិយាល័យ​ខេត្ត​ ទៅ​គុណ​នឹង​ចំនួន​ការិយាល័យ​ទីប្រជុំជន ​រួច​​ទៅ​ចែក​នឹង​១០០ នឹង​ឃើញ​ការិយាល័យ​សំណាក​ទីប្រជុំជន រីឯ​ជនបទ ​យក​ការិយាល័យ​បោះឆ្នោត​ខេត្ត​ ទៅ​គុណ​នឹង​ចំនួន​ការិយាល័យ​ជនបទ ​រួច​ចែក​នឹង​១០០ នឹង​ឃើញ​ការិយាល័យ​បោះឆ្នោត​សំណាក​ជនបទ​​​។ 

ជំហាន​ទី​៦ ការ​គណនា​គម្លាត​(Interval) គឺកំណត់​លេខ​ដែលជា​គម្លាត​ក្នុងការ​ជ្រើសរើស​ការិយាល័យ​បោះឆ្នោត​សំណាក​ដោយ​ចៃដន្យ។ ​ជំហាន​ទី​៧ គឺ​ការជ្រើសរើស​យក​ក្នុងចំណោម ២២,១៤៨​ការិយាល័យ​ទូទាំងប្រទេស រាប់​លេខ​រៀង​នោះ​ កំណត់​យក​ទីតាំង​ណាមួយ​ យក​ទាល់តែ​គ្រប់​គោលដៅ ដែល​បានកំណត់​រហូតដល់​ ៤១១​ការិយាល័យ ចំ​កន្លែង​ណា​ ទៅ​កន្លែង​នោះ ​មិនអាច​ដូរ​បានទេ ដើម្បី​កុំ​ឲ្យ​ខុស​ ហើយ​ឲ្យ​ត្រូវ​តាម​SBO​។​ 

​យ៉ាងណា​នៅ​ចំពោះមុខ​អ្នកសារព័ត៌មាន លោក ព្រាប កុល ទទួលស្គាល់ថា វិធីសាស្ត្រ​នៃ​ការ​គណនានេះ ​អាច​នឹង​ពិបាក​យល់ ព្រោះ​វា​ជា​រឿង​បច្ចេកទេស ដែល​ត្រូវការ​ពេល​សិក្សា​។ តែ​លោក កុល មានជំនឿថា លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​ឃុំ​-​សង្កាត់ ដែល​ក្រុម​អ្នកជំនាញ​អង្គការ​លោក​បាន​រកឃើញ​តាម​សំណាក​វិទ្យាសាស្ត្រ​ស្ថិត SBO នេះ មាន​ភាពត្រឹមត្រូវ​ស្ទើរតែ ១០០ ភាគរយ​៕


Tag:
 បោះឆ្នោត​ឃុំ​-​សង្កាត់​
  TI
  តម្លាភាព
© រក្សាសិទ្ធិដោយ thmeythmey.com