ជាតិ
តើ​លោក នួន ផា​រ័ត្ន ដែល​ត្រូវបានតែងតាំង​ជា​អភិបាលរង​ភ្នំពេញ​ជា​អ្នកណា?
24, Jun 2017 , 9:21 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក នួន ផារ័ត្ន
រូបពីហ្វេសប៊ុកលោក នួន ផារ័ត្ន
តាម​ការគ្រោងទុក នៅ​ថ្ងៃទី២៨ខែមិថុនា សាលា​រាជធានី​ភ្នំពេញ​នឹង​រៀបចំ​ការផ្ទេរ​តំណែង​អភិបាល​រាជធានី​ភ្នំពេញ ព្រមទាំង​អភិបាលរង​ម្នាក់ និង​ពិធី​តែងតាំង​អភិបាលរង​ថ្មី​មួយរូប​ទៀត។ លោក ឃួ​ង ស្រេង ដែលជា​អភិបាលរង នឹងត្រូវ​ឡើងកាន់តំណែង​ជា​អភិបាល​រាជធានី ជំនួស​លោក ប៉ា សុជាតិ​វង្ស ដែល​ត្រូវ​ចូលនិវត្តន៍។ លោក កើត ឆែ ដែល​អភិបាលរង​ខេត្តពោធិ៍សាត់ នឹង​ត្រឡប់មក​ទទួល​តំណែង​ជា​អភិបាលរង​រាជធានី​ជំនួស​លោក ត្រាក់ ថៃសៀង ដែល​ត្រូវ​ផ្ទេរ​ឲ្យ​ទៅ​បម្រើ​ការងារ​នៅ​ក្រសួងមហាផ្ទៃ។ បើ​យោងតាម​អនុក្រឹត្យ​ដែល​ចុះហត្ថលេខា​ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី២២ខែមិថុនា​នេះ តំណែង​អភិបាលរង​មួយទៀត ត្រូវបាន​ផ្តល់​ឲ្យ​លោក នួន ផា​រ័ត្ន។ តើ​លោក នួន ផា​រ័ត្ន ជា​អ្នកណា?

 
មុន​ការតែងតាំង​ជា​អភិបាលរង​នៃ​រាជធានី​ភ្នំពេញ លោក នួន ផា​រ័ត្ន ដែលមាន​អាយុ៣៧ឆ្នាំ គឺជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ខេត្តកំពង់ស្ពឺ និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​ខេត្ត​ដដែល​នេះ។ បើសិនជា​គេ​ឃើញ​លោក នួន ផា​រ័ត្ន តែងមាន​វត្តមាន​ញឹកញាប់​ជាមួយ លោក ហ៊ុន ម៉ា​នី នៅក្នុង​កម្មវិធី​យុវជន​នានា​ នោះ​ក៏​ព្រោះតែ​លោក នួន ផា​រ័ត្ន គឺជា​សមាជិក​គណៈអចិន្ត្រៃយ៍​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ា​នី។
 
តាមពិត លោក នួន ផា​រ័ត្ន មាន​ជំនាញ​ផ្នែក​ច្បាប់ ហើយ​បានធ្វើ​ការងារ​ច្រើន​ទាក់ទង​នឹង​ការតាក់តែង​ច្បាប់​ផងដែរ។ លោក នួន ផា​រ័ត្ន បានបញ្ចប់​ថ្នាក់អនុបណ្ឌិត​ផ្នែក​នីតិសាស្ត្រ និង​ផ្នែក​វិជ្ជាជីវៈ​តុលាការ​ពី​ប្រទេស​បារាំង​ក្នុង​ឆ្នាំ២០០៣ ។ ពេល​ត្រឡប់​ពី​ប្រទេស​បារាំង លោក ផា​រ័ត្ន បាន​ធ្វើជាសាស្ត្រាចារ្យ​ច្បាប់​នៅ​សា​លក​វិទ្យាល័យ​នានា​ក្នុង​រាជធានី​ភ្នំពេញ មុននឹង​លោក​ក្លាយជា​សមាជិក​ក្រុមប្រឹក្សា​អ្នកច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ ក្នុង​ឆ្នាំ២០០៧។ លោក នួន ផា​រ័ត្ន ក៏​ធ្លាប់​ចូលរួមចំណែក​ក្នុង​ការងារ​ផ្នែក​ច្បាប់​នៅ​សាលាក្តី​ខ្មែរក្រហម​ដែរ តាមរយៈ​តួនាទី​ជា​ប្រធាន​ក្រុមអ្នកច្បាប់​នៃ​ការិយាល័យ​សហ​ចៅក្រម​ស៊ើបអង្កេត៕
 
 
 

Tag:
 នួន ផារ័ត្ន
 ឃួង ស្រេង
 អភិបាលរងភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com