ជាតិ
​​​ន​យោ​បាយ​ជាតិ​
ខួប៥០ឆ្នាំ​នៃ​ចំណង​ទូត៖ កម្ពុជា-វៀតណាម រំពឹងថា​ទំនាក់ទំនង​ទ្វេភាគី នឹង​កាន់តែ​រឹងមាំ
24, Jun 2017 , 10:56 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកសម្តេចហ៊ុន សែន
រូបភាពពីហ្វេសប៊ុកសម្តេចហ៊ុន សែន
ថ្នាក់ដឹកនាំ​កម្ពុជា-វៀតណាម រំពឹងថា​ទំនាក់ទំនង​ទ្វេភាគី នឹងត្រូវ​ពង្រឹង និង​ពង្រីក​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត ដោយ​ឈរលើ​ស្មារតី«ភាពជា​អ្នកជិតខាង​ល្អ មិ​ត​ភាពជា​ប្រពៃណី កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ និង​ស្ថិរភាព​យូរអង្វែង»។ ក្តី​រំពឹង​នេះ ធ្វើឡើង​ក្នុង​ខួប៥០ ថ្ងៃ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា-វៀតណាម ២៤ ខែមិថុនា ឆ្នាំ១៩៦៧-២៤ ខែមិថុនា ឆ្នាំ២០១៧ ។

 
ព្រះករុណា ព្រះបាទ​នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា រួមទាំង​ថ្នាក់ដឹកនាំ​រដ្ឋសភា ព្រឹទ្ធសភា ​រាជរដ្ឋាភិបាល​កម្ពុជា និងរដ្ឋមន្ត្រីការបរទេសកម្ពុជា បាន​ផ្ញើ​ព្រះរាជសារ និង​លិខិត​សាទរ ជូន​ដល់​ថ្នាក់ដឹកនាំ​វៀតណាម ក្នុងឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី៥០ ថ្ងៃ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា-វៀតណាម។  
 
បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា ខ្លឹមសារនៃ​ព្រះរាជសារ និង​លិខិត​សាទរ​របស់​ថ្នាក់ដឹកនាំ​ប្រទេស​កម្ពុជា​ មិនត្រឹមតែ​គូសបញ្ជាក់​ពី​ប្រវត្តិ​នៃ​ទំនាក់ទំនង​វ​វ​វាង​កម្ពុជា និង​វៀតណាម ដែល​កើតមាន​យូរ​ឆ្នាំ​មកហើយនោះទេ ប៉ុន្តែថែមទាំងបានសរសើរ ​ចំពោះ​សមិទ្ធផល​ជាច្រើន ដែល​រដ្ឋាភិបាល និង​ប្រជាជន​វៀតណាម​សម្រេចបាន។

​ថ្នាក់ដឹកនាំ​កម្ពុជា ​​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ចំណងមិត្តភាព​ជា​ប្រពៃណី សាមគ្គីភាព ភាពជា​អ្នកជិតខាង​ល្អ និង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំង២ នឹង​បន្ត​រីកចម្រើន និង​ពង្រីក​ថែមទៀត​ ​ដើម្បី​ជា​ប្រយោជន៍​រួម​នៃ​ប្រជាជន​ប្រទេស​ទាំងពីរ ក៏ដូចជា​ភាពសម្បូររុងរឿង នៃ​សហគមន៍​អាស៊ាន​ទាំងមូល ដែល​អាចរួមចំណែក​ដ​ល់​ការកសាង​សន្តិភាព ស្ថិរភាព​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល។
 
នៅក្នុង​ឱកាស​នេះ ថ្នាក់ដឹកនាំ​វៀតណាម ក៏បាន​ផ្ញើលិខិត​អបអរសាទរ​មកកាន់​កម្ពុជា​វិញ​ដែរ ដោយបាន​សម្តែង​ការ​ស្ងប់​ស្ងែ​ង និង​អរសាទរ​ចំពោះ​សមិទ្ធផល​ដ៏​ធំធេង និង​ជាទី​មោ​ទក ដែល​ប្រជាជន និង​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រេ​បាន។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា ដែលបន្តលើកឡើងពី​ខ្លឹមសា​នៃ​លិខិត​សាទរ​នោះថា ថ្នាក់ដឹកនាំ​វៀតណាម ក៏​កត់សម្គាល់ពីទំនាក់​ទង​រវាង​កម្ពុ​ជា និង​វៀតណាម ដែលត្រូវបាន​ពង្រឹង និង​ពង្រីក​ឥតឈប់ឈរ ក្នុង​រយៈពេល៥០ឆ្នាំ​មកនេះ ទោះជា​មានការ​រអាក់រអួល​ក៏ដោយ ដោយ​ឈរលើ​ស្មារតី«ភាពជា​អ្នកជិតខាង​ល្អ មិ​ត​ភាពជា​ប្រពៃណី កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ និង​ស្ថិរភាព​យូរអង្វែង» ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com