បទយកការណ៍ / បទសម្ភាសន៍
លោក យ៉ាន ចាន់​លី បាន​ទៅ​រៀន​ចិញ្ចឹម​រុយ នៅ​អ៊ីស្រាអែល​
26, Jun 2017 , 8:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក យ៉ាន ចាន់​លី និស្សិត​ខ្មែរ​ម្នាក់ បាន​ទៅធ្វើ​ការងារ​នៅ​ប្រទេស​អ៊ីស្រាអែល​នៅក្នុង​កសិដ្ឋាន​ចិញ្ចឹម​រុយ​។ រយៈពេល​១​ឆ្នាំ​នៃ​ការងារ​របស់ខ្លួន ចាន់​លី ទទួលបាន​បទពិសោធ​ថ្មី​ក្នុង​ជីវិត​របស់ខ្លួន ដោយ​ស្គាល់ និង​យល់ដឹង​យ៉ាងច្បាស់​អំពី​វិធីសាស្ត្រ​ចិញ្ចឹមសត្វ​រុយ ដើម្បី​បង្កើតជា​ចំណី​ដល់​សត្វល្អិត​មាន​ប្រយោជន៍ ដែល​គេ​យក​សត្វល្អិត​ទាំងនោះ លក់​ឲ្យ​ទៅ​កសិដ្ឋាន​ចិញ្ចឹមសត្វ​នានា ក្នុងតម្លៃ​១៥០​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​។​



​លោក យ៉ាន ចាន់​លី និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​(​ចម្ការ​ដូង​) បាន​ប្រឡង​ជាប់​កម្មវិធី Israel Internship Program ទៅ​សិក្សា និង​ធ្វើ​ការងារ​នៅ​ប្រទេស​អ៊ីស្រាអែល​រយៈពេល​មួយឆ្នាំ​(២០១៥-២០១៦) នៅ​កសិដ្ឋាន​ចិញ្ចឹមសត្វ​រុយ​។   

​អង្គុយ​ក្នុង​ទីធ្លា​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម និស្សិត​វ័យ​២៣​ឆ្នាំ និង​មាន​ស្រុកកំណើត​នៅ​ខេត្តបន្ទាយមានជ័យ​រូបនេះ បាន​ចែករំលែក​បទពិសោធ​នៃ​ការងារ​របស់ខ្លួន​នៅក្នុង​កសិដ្ឋាន​ចិញ្ចឹម​រុយ​ដោយ​រៀបរាប់ ថា ការចិញ្ចឹម​សត្វ​រុយ មិនមែន​ដើម្បី​បង្កើត​សត្វ​រុយ​នោះឡើយ ប៉ុន្តែ គោលដៅ​នៃ​ការចិញ្ចឹម​រុយ គឺ​ដើម្បី​សម្លាប់​រុយ ឬ​កាត់បន្ថយ​ចំនួន​រុយ​នៅ​កសិដ្ឋាន​ចិញ្ចឹមសត្វ​នានា ដែល​តែងតែ​កើត​ឡើងជា​ស្វ័យប្រវត្តិ​ពី​គំនរ​លាមក​សត្វ​។ 

​លោក​បន្តថា ការចិញ្ចឹម​រុយ ធ្វើឡើង​ដើម្បី​យក​ដុក​ឌឺ​របស់​រុយ សម្រាប់​ជា​ចំណី​របស់​សត្វ​អូ​ម៉ាស់​បា​រ៉ា​សិត ដែលជា​សត្វ​មាន​ប្រយោជន៍​សម្រាប់​ប្រើ​ក្នុង​កសិដ្ឋាន​ចិញ្ចឹមសត្វ ដោយ​ប្រើ​វា​ឲ្យ​ទៅ​ស៊ី​ដុក​ឌឺ​របស់​រុយ ដើម្បី​កុំ​ឲ្យ​ដុក​ឌឺ​រុយ ញាស់​ក្លាយជា​សត្វ​រុយ​ពេញវ័យ​។

​លោក​និយាយ​ដូច្នេះ​ថា​៖«​សត្វ​គោ កាលណា​មានការ​រំខាន​ពី​ពពួក​រុយ នឹងធ្វើ​ឲ្យ​កន្ទុយ​វា​បក់​ចុះឡើង ហើយ​ទឹកដោះគោ ក៏​បាត់បង់​ផលិតភាព​ដែរ​។ ដូច្នេះ គេ​ប្រើ​វិធី​ធម្មជាតិ ដោយ​ការចិញ្ចឹម​រុយ​ដើម្បី​សម្លាប់​រុយ​»៕    

​ដើម្បី​ជ្រាប​លម្អិត សូម​អញ្ជើញ​ស្តាប់​ការពន្យល់​របស់លោក យ៉ាន ចាន់​លី តាមរយៈ​ការសាកសួរ​របស់លោក រ៉ឹ​ម ភា​រី អ្នកយកព័ត៌មាន​រប​ស់​គេហទំព័រ​ថ្មីៗ ដូចតទៅ​៖                   

































Tag:
 និស្សិត​ខ្មែរ​
  ​ចិញ្ចឹម​រុយ​
  ​អ៊ីស្រាអែល
© រក្សាសិទ្ធិដោយ thmeythmey.com