កីឡាជាតិ
ជាតិ
Hun Sen Cup៖ ឡាបូរ៉ាវី រកបាន៩គ្រាប់ឯ វិរៈ រកបាន៧គ្រាប់ក្នុងជ័យជម្នះ១៤-១ និង១៤-០
× ក្រុមណាហ្គាវើល បានលត់ក្រុមស្វាយរៀង ១៤-០ ឯបឹងកេតលត់ក្រុមឧត្តរមានជ័យ ១៤-១ នាការប្រកួតជើងទី១ ដំណាក់កាលទី៤ នៃពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១១ កាលពីថ្ងៃសៅរ៍ ទី២៤ ខែមិថុនា។ កីឡាករ ឃួន ឡាបូរ៉ាវី និង សួង វិរៈ បានរួមចំណែករកគ្រាប់បាល់ច្រើនជាងគេ ក្នុងជ័យជម្នះដ៏ធំធេងនេះ។
ខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី រកបាន៩គ្រាប់ម្នាក់ឯង ក្នុងជំនួបតទល់ជាមួយក្រុមឧត្តរមានជ័យ នាការប្រកួតបាល់ទាត់ ដណ្តើមពានរង្វាន់សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ២០១៧ កាលពីល្ងាចថ្ងៃទី២៤ ខែមិថុនា នៅ ពហុកីឡដ្ឋានជាតិ។ ឡាបូរ៉ាវី បានរួមចំណែកច្រើនជាងគេសម្រាប់ការជួយក្រុមបឹងកេតយកឈ្នះក្រុមឧត្តរមានជ័យ ១៤-។ ជ័យជម្នះនេះ ក៏មានការរួមចំណែកពីកីឡាករ ឱ ភារុន ២គ្រាប់ និងកីឡាករ ជា វេស្លី, លី មីហ្សាន និង សួន សុភ័ក្ត្រា ម្នាក់១គ្រាប់ផងដែរ។
ជាមួយគ្នានេះ កីឡាករ សួង វិរៈ បានទាត់បញ្ចូលទីចំនួន៧គ្រាប់ ដើម្បីជួយក្រុមណាហ្គាវើលលត់ក្រុមមកពីខេត្តស្វាយរៀង ១៤-០ បន្ថែមលើពីរគ្រាប់របស់កីឡាករ នួន បូរី និងម្នាក់មួយគ្រាប់របស់កីឡាករ គួច ដានី, ម៉ាត់ ណូរ៉ូទីន, សុះ ស៊ូហាណា គួច សុគម្ភៈ និង ចិត្រា។
ជ័យជម្នះដ៏ធំធេងរបស់បឹងកេង និងណាហ្គាវើល ក្នុងជើងទី១ នៃដំណាក់កាលទី៤ បានជួយឲ្យក្រុមទាំងពីរ មានក្តីសង្ឃឹម១០០ភាគរយ ក្នុងការឡើងទៅកាន់វគ្គបន្ត នៃពានរង្វាន់សម្តេច ហ៊ុន សែន ទោះបីនៅសល់មួយប្រកួត ក្នុងជើងទី២ក៏ដោយ៕
© រក្សាសិទ្ធិដោយ thmeythmey.com