បទយកការណ៍ / បទសម្ភាសន៍
កញ្ញា ឆន ខេមរ៉ា កូន​កសិករ​ដែល​ចង់​ក្លាយជា​ឯកអគ្គរាជទូត​
25, Jun 2017 , 10:39 pm        
រូបភាព
ដោយ:
​កញ្ញា ឆន ខេមរ៉ា ជា​និស្សិត​ខ្មែរ​ម្នាក់​ដែល​កំពុង​រៀន​ជំនាញ​ទំនាក់ទំនង​អន្តរជាតិ នៅ​សាកលវិទ្យាល័យ Georgetown ប្រទេស​កាតា​។ កាលពីពេល​កន្លងទៅ នាង ត្រូវបាន​ជ្រើសរើស​តំណាង​និស្សិត​ចម្រុះ​ជាតិ​សាសន៍​ជាង​១​ពាន់​នាក់ ឲ្យ​ថ្លែង​សុន្ទរកថា​បញ្ចប់​ឆ្នាំ​សិក្សា​មូលដ្ឋាន​ទៀតផង ដោយសារ​នាង​ខិតខំ​ប្រឹងប្រែង​រៀន ផ្តើមចេញពី​សិស្ស​រៀន​ខ្សោយ​ក្នុង​ថ្នាក់ រហូត​ក្លាយជា​និស្សិត​ឆ្នើម ជាប់​លេខ​៣ ប្រចាំ​សាលា​។ មាន​ដើមកំណើត​នៅ​ខេត្តកណ្តាល ឪពុកម្តាយ​ជា​កសិករ កញ្ញា​ខេមរ៉ា មាន​មហិច្ឆតា បើក​អង្គការ ដែល​ជួយ​កុមារ​នៅ​ជនបទ​ឲ្យ​ទទួលបាន​ការអប់រំ និង​ចង់​ក្លាយជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កាតា​។



​សូម​អញ្ជើញ​ស្តាប់ និង​អាន​បទសម្ភាសន៍​រវាង  លោក ទីន សុខ​លីម អ្នកកាសែត នៃ​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​កញ្ញា ឆន ខេមរ៉ា និស្សិត​អាហារូបករណ៍​សាកលវិទ្យាល័យ Georgetown ដូចតទៅ​៖




​លោក ទីន សុខ​លីម​៖  កញ្ញា​អាច​ចែករំលែក​បទពិសោធន៍​បានទេ ហេតុអ្វី​បានជា​កញ្ញា​បានទទួល​អាហារូបករណ៍​ទៅ​បន្ត​ការសិក្សា​នៅ​សាកលវិទ្យាល័យ Georgetown ?

​កញ្ញា ឆន ខេមរ៉ា​៖ ពីដំបូង គឺ​វិទ្យាល័យ​ខ្ញុំ​ខ្វះខាត​ច្រើន ហើយ​អង្ក​ការ​រ៉ូ​តា នៃ​ប្រទេស​កាតា បាន​ជួយ​សាង​សង់សាលា​នៅក្នុង​វិទ្យាល័យ​ខ្ញុំ​ដែល​ស្ថិតនៅ​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។ ជា​រៀងរាល់ឆ្នាំ អង្ក​ការ​រ៉ូ​តា តែង​នាំ​សិស្ស​ពី​ប្រទេស​កាតា មក​ផ្លាស់ប្តូរ​ការសិក្សា​នៅ​សាលា​ខ្ញុំ ហើយ​នៅក្នុង​សាលា មាន​អ្នកចេះ​ភាសា​អង់គ្លេស​អាច​ប្រើការ​បាន តែ​៤​នាក់​ប៉ុណ្ណោះ ហើយ​ខ្ញុំ​ម្នាក់​ក្នុងចំណោម​នោះ​។ លោកនាយក​សាលា តែង​ផ្តល់ឱកាស​ឲ្យ​ពួក​ខ្ញុំ ឲ្យ​ទំនាក់ទំនង​ជាមួយ​សិស្ស​ពី​ប្រទេស​កាតា និង​បកប្រែ​ឲ្យ​មិត្ត​ទៅក្នុង​ថ្នាក់​ដែល​មិនចេះ​អង់គ្លេស​។ កម្មវិធី​នេះ​មាន​ជា​រៀងរាល់ឆ្នាំ ហើយ​ខ្ញុំ​តែងតែ​ចូលរួម និង​មាន​ទំនាក់​ទំនងជា​មួយអង្គ​កា​នេះ​។ កម្មវិធី​ផ្លាស់ប្តូរ​ការសិក្សា​នេះ មាន​រាល់​ឆ្នាំ ហើយ​ខ្ញុំ​តែងតែ​ចូល​។ សកម្មភាព​ទាំងអស់​នេះហើយ ដែល​ធ្វើ​ឲ្យ​ពួក​ខ្ញុំ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អង្គការ​រ៉ូ​តា​។ ក្រោយមកទៀត អង្គការ​រ៉ូ​តា ត្រូវការ​ជ្រើសរើស​សិស្ស​ម្នាក់​តំណាង​សាលា ឲ្យ​ទៅ​បន្ត​ការសិក្សា​នៅ​កាតា ដូច្នេះ​តម្រូវ​ឲ្យ​ពួក​ខ្ញុំ​ទាំង​៤​នាក់​ប្រជែង​គ្នា​ផ្នែក​ភាសា​អង់គ្លេស នៅពេល​ខ្ញុំ​ធ្វើ​បានល្អ​ជាងគេ ទាំង​សាលា និង​អង្គការ​ក៏​សម្រេចចិត្ត​រើសយក​ខ្ញុំ​។ ប៉ុន្តែ​ទោះបី​គាត់​សម្រេច​ផ្តល់​អាហារូបករណ៍​មែន ខ្ញុំ​ត្រូវបំពេញ​លក្ខខណ្ឌ​នៅ​សាកលវិទ្យាល័យ​ទៀត ទើប​អាច​ទៅ​រៀន​បាន​។ 



​លោក ទីន សុខ​លីម​៖  ដើម្បី​ទទួលបាន​អាហារូបករណ៍​នេះ តើ​កញ្ញា​ត្រូវបំពេញ​លក្ខខណ្ឌ​អ្វីខ្លះ​?

​កញ្ញា ឆន ខេមរ៉ា​៖ ទាក់ទង​នឹង​អាហារូបករណ៍​នេះ ដំបូង​គេ​ត្រូវការ​ពិន្ទុ IELTS និង ACT នេះ​គឺជា​លក្ខខណ្ឌ​សំខាន់បំផុត​ដែល​គេ​ទាមទារ​។ ភាសា​អង់គ្លេស​របស់ខ្ញុំ ពេលនោះ​នៅ​ខ្សោយ ហើយ​ខ្ញុំ​គិតថា​មិនអាច​ធ្វើបាន​នោះទេ ប៉ុន្តែ​ដោយសារ​វា​ជា​លក្ខខណ្ឌ​ចំ​បាច់​បំផុត ទើប​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់ផ្តើម​រៀន​។ ខ្ញុំ​មើលសៀវភៅ​ខ្លាំងណាស់​ទាក់ទង​នឹង IELTS ខ្ញុំ​មាន​ពេល​២​ខែ​ប៉ុណ្ណោះ មុននឹង​ការប្រលង​មកដល់ ហើយ​ខ្ញុំ​ផ្តោតលើ IELTS ខ្លាំង ទាំង​ការ​ស្តាប់ និយាយ អាន និង​សរសេរ​។ ក្នុង​មួយថ្ងៃ ខ្ញុំ​បាន​គេង​តែ​ប្រហែល​២​ម៉ោង​ប៉ុណ្ណោះ​។ ការប្រលង IELTS ដំបូង​របស់ខ្ញុំ​បាន​ពិន្ទុ​តែ ៥.៥ នៅ​មិនទាន់​គ្រប់​ទេ​លក្ខខណ្ឌ​ទេ ប៉ុន្តែ​សំណាងល្អ ដែល​គេ​នៅ​ផ្តល់ឱកាស​ឲ្យ​ខ្ញុំ​ប្រលង​ម្តងទៀត ដោយសារ​ពិន្ទុ ACT របស់ខ្ញុំ​បាន​ខ្ពស់ ។ ក្រោយមក​ខ្ញុំ​ប្រលង IELTS លើក​ទី​២ ខ្ញុំ​បាន​ពិន្ទុ ៦.៥ គ្រប់​លក្ខខណ្ឌ​។

​លោក ទីន សុខ​លីម​៖  ដោយសារ​កញ្ញា​ជា​កូន​កសិករ រៀន​នៅ​ជនបទ តើ​កញ្ញា​រៀន​បែបណា​ទើប​មាន​សមត្ថភាព​ប្រលង​ជាប់ IELTS ?

​កញ្ញា ឆន ខេមរ៉ា​៖ នៅ​តំបន់​ខ្ញុំ មិនសូវមាន​សាលា​អង់គ្លេស​ទេ ប៉ុន្តែ​មាន​គ្រូ​តាម​តំបន់ និង​មាន​បងស្រី​ម្នាក់ ដែល​កាលណោះ គាត់​រៀន​ថ្នាក់​ទី​១២ និង​ចេះ​ភាសា​អង់គ្លេស​ពូកែ គាត់​បាន​បើក​បង្រៀន​ភាសា​អង់គ្លេស ហើយ​ពួក​ខ្ញុំ​ក្មេងៗ ក៏​ទៅ​រៀន​ជាមួយ​គាត់​។ រៀន​មួយ​ម៉ោង តម្លៃ​២០០​រៀល ទៅ​៣០០​រៀល​។ ទោះបី​មិនមាន​សាលារៀន​ត្រឹមត្រូវ ប៉ុន្តែ​ពួក​ខ្ញុំ​មិនដែល​រៀន​លេងសើច​ទេ ម៉ោង​រៀន​គឺ​ដឹង​តែ​រៀន ហើយ​ពេលមកដល់​ផ្ទះ ពួក​ខ្ញុំ​តែងតែ​អនុវត្តន៍​ជា​រៀងរាល់ថ្ងៃ​។  ជួន​មាន​ជនជាតិ​មកលេង​ផង ពួកយើង​ចេះតែ​អនុវត្តន៍ ទោះ​ពីដំបូង​ស្តាប់​គេ​មិនបាន ប៉ុន្តែ​យើង​ចេះតែ​ចូលរួម​ជាមួយ​គេ​។ នៅផ្ទះ​អត់​មាន​អ្នកចេះ​អង់គ្លេស​ទេ ខ្ញុំ​និយាយ​ជាមួយ​សត្វ​ក៏មាន និយាយ​នៅមុខ​កញ្ចក់​ក៏មានដែ ទោះបី​ខុស​ខ្លះ ត្រូវ​ខ្លះ ខ្ញុំ​តែងមាន​ភាពក្លាហាន​និយាយ ជាមួយ​ជនជាតិ​បរទេស ពេលដែល​គេ​មក​ទស្សនកិច្ច​នៅ​រាល់​ឆ្នាំ រួមផ្សំ​នឹង​ការរៀន​ត្រៀម​IELTS មុន​ការប្រលង ទើប​ធ្វើ​ឲ្យ​ខ្ញុំ​អាច​ប្រលង​ជាប់​។ 

​លោក ទីន សុខ​លីម​៖  បន្ទាប់ពី​បាន​ប្រលង​ជាប់​អាហារូបករណ៍ តើ​កញ្ញា​ត្រូវបំពេញ​លក្ខខណ្ឌ​អ្វីខ្លះ​ទៀត​ទើប​សាកល​វិទ្យា​អនុញ្ញាត​ឲ្យ​ចូលរ​រៀន​?

​កញ្ញា ឆន ខេមរ៉ា​៖ សាកលវិទ្យាល័យ Georgetown ដែល​ខ្ញុំ​ត្រូវ​ទៅ​រៀន គេ​ជ្រើសរើស​សិស្ស​តែ​៨០​នាក់​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំៗ  ហើយ​មាន​មនុស្ស​ទូទាំង​សាកលលោក​ស្នើសុំ​ចូលរៀន​នៅ​ទីនោះ​។ វា​ពិបាក​ក្នុង​ការជាប់ ហើយ​លក្ខខណ្ឌ​របស់​សាលា គឺ​ត្រូវការ​ពិន្ទុ​មកពី​វិទ្យាល័យ​ដែល​ខ្ពស់ជាង​៧៥​ភាគរយ ពិន្ទុ IELTS​ទាប​បំផុត​ត្រឹម​៦.5 ពិន្ទុ ពី​ន្ទុ​ACT និង​ពិន្ទុ​ឆ្នាំ​សិក្សា​មូលដ្ឋាន​ដែលមាន GPA ចាប់ពី​៣.០ ឡើងទៅ និង​មាន​លិខិត​គាំទ្រ​ពីសា​លា (Recommendation Letter) ទើប​សាលា​អនុញ្ញាត​ឲ្យ​ចូលរៀន​។



​លោក ទីន សុខ​លីម​៖ ក្រោយពី​បន្ត​ការសិក្សា​នៅ​ទីនោះ តើ​កញ្ញា​ជួប​ផល​លំបាក​អ្វីខ្លះ​? 

​កញ្ញា ឆន ខេមរ៉ា​៖ ទៅ​ទីនោះ​មានការ​លំបាក​ច្រើន​។ ទី​១​គឺ​វប្បធម៌ ព្រោះ​កាតា ជា​ប្រទេស​កាន់សាសនា​ឥស្លាម គេ​បែងចែក​សិស្ស​ប្រុស សិស្សស្រី​រៀន​ផ្សេងគ្នា​។ មួយទៀត អាកាសធាតុ​ក្តៅ​ខ្លាំង និង​ការប្រើប្រាស់​ភាសា​អង់គ្លេស​របស់​យើង មិនសូវ​ស្ទាត់ជំនាញ​។ ប៉ុន្តែ​ឧបសគ្គ​នេះ វា​លំបាក​តែ​ដំបូង​ទេ ក្រោយមក​ខ្ញុំ​អាច​ជំនះ​វា​បាន​។

​លោក ទីន សុខ​លីម​៖ បញ្ហា​ភាសា​ជា​ឧបសគ្គ​ចម្បង​សម្រាប់​ការសិក្សា តើ​កញ្ញា​ជំនះ​បែបណា​រហូត​ក្លាយជា​សិស្ស​ពូកែ ជាប់​ចំណាត់ថ្នាក់​លេខ​៣ ក្នុងចំណោម​ចម្រុះ​ជាតិ​សាសន៍​ចំនួន​១៧ ប្រទេស​? 

​កញ្ញា ឆន ខេមរ៉ា​៖ នៅពេលដែល​ខ្ញុំ​ចូលរួម​ដំបូង វា​មានការ​ពិបាក ពិន្ទុ​របស់ខ្ញុំ​ទាប និង​ស្តាប់​គ្រូ​ជនជាតិ​មិនសូវ​បាន ប៉ុន្តែ​ខ្ញុំ​មិនបាន​បោះបង់​ទេ​។ ពេល​គេ​ចេញលេង ខ្ញុំ​ទៅ​បន្ទប់​សាស្ត្រាចារ្យ សុំ​គាត់​ឲ្យ​ជួយ ដោយសារ​ខ្ញុំ​ស្តាប់​មិនសូវ​បានទេ​។  ដូច្នេះ​រាល់ពេល​ចេញលេង ខ្ញុំ​ទៅ​បន្ទប់​គាត់ ដើម្បី​ឲ្យ​គាត់​ជួយ​កែលំអរ​ការនិយាយ វេយ្យាករណ៍ និង​បញ្ហា​ផ្សេងទៀត​។ ចំណែក​ការរៀន​នៅផ្ទះ ក៏​ដូច្នេះ​ដែរ ពេលដែល​សាស្ត្រា   ចា​រ្យ ដាក់​កិច្ចការ​ស្រាវជ្រាវ​ភ្លាម ខ្ញុំ​ធ្វើ​ភ្លាម ហើយ​ក្នុង​មួយថ្ងៃ​ខ្ញុំ​គេង​បានតែ ២ ទៅ​៣ ម៉ោង​ប៉ុណ្ណោះ ដោយសារ​ឆ្នាំ​មូលដ្ឋាន គឺជា​ឆ្នាំ​ដែល​សំខាន់បំផុត ដូច្នេះ​ត្រូវធ្វើ​យ៉ាងណា ដើម្បី​រៀន​តាម​ឲ្យ​ទាន់​គេ​។  អីចឹង​បើ​មិត្ត​ខ្ញុំ​រៀន​៤​ម៉ោង ខ្ញុំ​រៀន​ត្រូវ​៨​ម៉ោង បើ​មិត្ត​រួម​ថ្នាក់​ខ្ញុំ​រៀន​៨​ម៉ោង ខ្ញុំ​ត្រូវ​រៀន​១៦​ម៉ោង គឺ​ខ្ញុំ​ត្រូវតែ​ប្រឹង​ឲ្យ​លើសគេ ដើម្បី​រៀន​ឲ្យ​ទាន់​ដូច​សិស្ស​ដទៃទៀត​។ ក្រោយមក​ពិន្ទុ​ខ្ញុំ​បាន​ពិន្ទុ​ខ្ពស់​លើសគេ និង​បញ្ចប់​ឆ្នាំ​សិក្សា​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ ប្រចាំ​សាកលវិទ្យាល័យ​។  

​លោក ទីន សុខ​លីម​៖ តើ​កត្តា​អ្វីដែល​សាកលវិទ្យាល័យ Georgetown ជ្រើសរើស​កញ្ញា​ឡើង​ថ្លែង​សុន្ទរកថា បញ្ចប់​ឆ្នាំ​សិក្សា​មូលដ្ឋាន​? 

​កញ្ញា ឆន ខេមរ៉ា​៖ ទាក់ទង​នឹង​ការជ្រើសរើស​ឲ្យ​ឡើង​ថ្លែង​សុន្ទរកថា​នោះ ជា​រៀងរាល់ឆ្នាំ​គឺ​ខាង​សាកលវិទ្យាល័យ​ជ្រើសរើស​និស្សិត​៣​នាក់ ពី​ចំណាក់​ថ្នាក់​លេខ​១​ដល់​លេខ​៣ ។ សាកលវិទ្យាល័យ​នេះ មាន​១៧​ប្រទេស​ចម្រុះ​ជាតិ​សាសន៍ ដែលមាន​សិស្ស​ជាង​១​ពាន់​នាក់ ប៉ុន្តែ​អ្នក​ជាប់​និទ្ទេស A ទាំងអស់​បានតែ​បួន​នាក់​ទេ ហើយ​ខ្ញុំ​ជាប់​លេខ​បី ដែល​លេខ​១ បាន​លើ​ជនជាតិ​កាតា លេខ​២ ជនជាតិ​អាមេរិក និង​លេខ​៣​បាន​លើ​រូបខ្ញុំ ជា​ជនជាតិខ្មែរ​។ ការជ្រើសរើស​ឡើង​ថ្លែង​សុន្ទ​កថា​បញ្ចប់​ឆ្នាំ ដោយសា​ខ្ញុំ​ទទួលបាន​ពិន្ទុ​ខ្ពស់  ហើយ​ខ្ញុំ​មានរឿង​ដែល​ត្រូវ​ចែករំលែក ដោយសារ​សាស្ត្រាចារ្យ​មាន​មោទកភាព ព្រោះ​ពីរ​ខែ​ដំបូង​ខ្ញុំ​មាន​ពិន្ទុ​ទាប​ជាងគេ និង​ក្រោយមក​ខ្ញុំ​បានទទួល​ពិន្ទុ​លំដាប់​ខ្ពស់ នៅក្នុង​សាលា​ដែល​រឿង​មួយ​ដ៏​ល្អ​ក្នុង​និយាយ​ជំរុញ​ទឹកចិត្ត​។

​លោក ទីន សុខ​លីម​៖ បទពិសោធន៍​មួយឆ្នាំ​ដែល​កញ្ញា​បាន​សិក្សា រហូត​ទទួលបាន​ជោគជ័យ​ជា​សិស្ស​ខ្មែរ​តែ​ម្នាក់ តើ​កញ្ញា​បាន​រៀនសូត្រ​អ្វីខ្លះ​នៅ​ទីនោះ​?

​កញ្ញា ឆន ខេមរ៉ា​៖ ទី​១​ខ្ញុំ​បាន​រៀន​ទាក់ទង​សម្រប​ខ្លួន​ទៅនឹង​វប្បធម៌ ភាសា ការរស់នៅ​ផ្សេងគ្នា​។ ទី​២ នេះ​មេរៀន​ដែល​ខ្ញុំ​រៀន​គឺ​ត្រូវមាន​ភាពម្ចាស់ការ​។ មេរៀន​សំខាន់បំផុត ទោះបីជា​យ៉ាងម៉េច​ក៏ដោយ ខ្ញុំ​មិនដែល​បោះបង់​ទេ បើទោះបី​លំបាក​ពីដំបូង ខ្ញុំ​ជឿថា​មិន​លំបាក​រហូត​ទេ​។ បើ​យើង​ប្រឹង យើង​ទទួលបាន​ជ័យជម្នះ ដូច​អ្វីដែល​ខ្ញុំ​បានធ្វើ​អីចឹង ទោះបី​ដំបូង​ជា​សិស្ស​រៀន​អន់​ជាងគេ​ក្នុង​ថ្នាក់ ប៉ុន្តែ​មិន​ខ្ញុំ​ឲ្យ​វា​ស្ថិតនៅ​ខ្ញុំ​យូរ​ទេ​។ មេរៀន​ដែល​ខ្ញុំ​បាន​រៀន អ្វី​ក៏ដោយ​កុំ​បោះបង់ ពេល​ចុងក្រោយ​វា​នឹង​ផ្តល់​លទ្ធផល​នោះ​។

 លោក ទីន សុខ​លីម​៖ ហេតុអ្វី​បានជា​កញ្ញា​រៀន​មុខ​វិទ្យា​ទំនាក់ទំនង​អន្តជាតិ​? នឹង​ប្រើប្រាស់​ជំនាញ​នេះ​ធ្វើ​អ្វី​ដើម្បី​ជួយ​អភិវឌ្ឍ​សង្គម ?

កញ្ញា ឆន ខេមរ៉ា​៖ ថ្ងៃ​អនាគត ខ្ញុំ​មាន​គម្រោង​បង្កើត​អង្គការ​ដើម្បី​ជួយ​ខ្មែរ និង​មួយទៀត ខ្ញុំ​ចង់​ក្លាយជា​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​កាតា​។  ខ្ញុំ​គិតថា ប្រសិនបើ​ខ្ញុំ​រៀន​ជំនាញ​ផ្សេង ខ្ញុំ​អាចជួយ​បានតែ​ខ្លួនឯង និង​គ្រួសារ​ប៉ុណ្ណោះ ប៉ុន្តែ​បើ​ខ្ញុំ​រៀន​ផ្នែក​នេះ ខ្ញុំ​មិន​ត្រឹមតែ​ជួយ​បានតែ​ខ្លួនឯង​ទេ ថែមទាំង​ជួយ​បាន​សហគមន៍​ទៀតផង​។ 

​លោក ទីន សុខ​លីម​៖ តើ​កត្តា​អ្វីដែល​ជំរុញ​ឲ្យ​កញ្ញា​ចង់​បង្កើតជា​អង្គការ និង​ធ្វើជា​ឯកអគ្គរាជទូត​ប្រចាំ​ប្រទេស​កាតា​?

​កញ្ញា ឆន ខេមរ៉ា​៖  ខ្ញុំ​ចង់​ធ្វើការ​នៅ​អង្គការ​សង្គម​ស៊ីវិល​ដោ យ​សារ​ខ្ញុំ​ចង់​ជួយ​ក្មេង​នៅ​ខ្មែរ​យើង​ឲ្យ​រៀន​បាន​ច្រើន​។ ជាក់ស្តែង​ឪពុក ម្តាយ​ខ្ញុំ មិន​ជឿថា​ការអប់រំ  អាច​កែប្រែ​ជីវិត​បាន​កម្រិតណា​ទេ  ដោយសារតែ​គាត់​ឃើញ​មនុស្ស​នៅ​ជុំវិញ​គាត់​ជា​កសិករ គ្មាន​អ្នកធ្វើការ​។ អីចឹង​ហើយ គាត់​គិតថា​ទោះយ៉ាងណា យើង​នៅតែ​ជា​កសិករ​។ ដូច្នេះ​ខ្ញុំ​ចង់​ជួយ​ក្មេងៗ​នៅ​ភូមិ​ខ្ញុំ ឲ្យ​ទទួលបាន​សិក្សា​ខ្ពស់​។ មួយទៀត ខ្ញុំ​ចង់​ធ្វើ​ឯកអគ្គរាជទូត ព្រោះ​ទោះបី​ខ្ញុំ​នៅ​ប្រទេស​ណាក៏ដោយ ខ្ញុំ​នៅតែ​ជា​តំណាង​របស់​ប្រទេស​កម្ពុជា​។ ខ្ញុំ​ស្រលាញ់​ការរស់នៅ​បរទេស ប៉ុន្តែ​ចង់​ធ្វើដំណើរ​ទៅ​ក្រៅ តំណាង​កម្ពុជា​។ 

​លោក ទីន សុខ​លីម​៖ ជា​ចុងក្រោយ​តើ​កញ្ញា​មាន​អ្វី​ចង់​ផ្ញើ​សា​ទៅកាន់​យុវជន​ផ្សេងទៀត​?

​កញ្ញា ឆន ខេមរ៉ា​៖ ជា​សា​ចុងក្រោយ​របស់ខ្ញុំ ខ្ញុំ​ផ្តាំផ្ញើ​ទៅកាន់​សិស្ស​ទាំងអស់ ជាពិសេស​សិស្ស​ដែល​នៅតាម​ខេត្ត​ឲ្យ​ខំ​ប្រឹងរៀន កុំ​មើល​តែ​មជ្ឈដ្ឋាន​នៅ​ជុំវិញខ្លួន​។ ត្រូវ​ជឿថា ការអប់រំ​អាច​កែប្រែ​ជីវិត​យើង​។ បើ​យើង​មាន​ក្តី​សុបិន ត្រូវ​រត់ទៅរក​វា កុំ​បោះបង់​៕


Tag:
 ឆន ខេមរ៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com