បទយកការណ៍ / បទសម្ភាសន៍
យុវជន​អាចធ្វើ​អ្វីខ្លះ ដើម្បី​ជួយ​អភិវឌ្ឍន៍​ឃុំ​-​សង្កាត់​?
25, Jun 2017 , 4:28 pm        
រូបភាព
ដោយ:
​ការចូលរួម​របស់​យុវជន ក្នុង​ដំណើរការ​អភិវឌ្ឍ​ឃុំ​-​សង្កាត់​មាន​សារសំខាន់​ណាស់​។ យុវជន​ជាម​នុស្ស​ដែលមាន​សក្តានុពល​ចំណេះដឹង និង​ថាមពល​កម្លាំងកាយ និង​កម្លាំងចិត្ត​រឹងមាំ​។ យុវជន​អាច​តាមដាន​មើល​ការអនុវត្ត​គោលនយោបាយ​ដែល​អ្នកនយោបាយ​បាន​សន្យា និង​ចូលរួម​ប្រជុំ លើក​ជា​បញ្ហា និង​ស្នើ​ឲ្យ​ថ្នាក់ដឹកនាំ​ឃុំ​-​សង្កាត់​ដោះស្រាយ​។ ម្យ៉ាងទៀត​យុវជន​ក៏​អាច​ស្ម័គ្រចិត្ត​ធ្វើ​សកម្មភាព​នានា និង​បង្កើត​គម្រោង​ផ្សេងៗ ជួយ​ឃុំ​-​សង្កាត់​ដែរ​។



​លោក អ៊ុក សារិន នាយក​ផ្នែក​ផលិតកម្ម​វិធី​សហគមន៍​ទេសចរណ៍​UniqueTripCambodia  និយាយថា​លោក បាន​ចូលរួម​បង្កើត​សហគមន៍​ទេសចរណ៍ និង​ដឹកនាំ​យុវជន​ទស្សនកិច្ច​សិក្សា​នៅ​សហគមន៍  ព្រមទាំង​ស្នាក់នៅ​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ដែរ​។ សកម្មភាព​នេះ ត្បិតតែ​តូច ប៉ុន្តែ​នេះ​ជា​អ្វីដែល​យុវជន​អាចជួយ​ឃុំ​-​សង្កាត់ និង​ឲ្យ​ពលរដ្ឋ​នៅ​ទីនោះ​មានមុខ​របរ មានលទ្ធភាព​រក​ចំណូល​ដោះស្រាយ​ជីវភាព​។  យុវជន​វ័យ​២៥​ឆ្នាំ​រូបនេះ ឲ្យ​ដឹងថា​កត្តា​ដែល​ជំរុញ​ឲ្យ​លោក ចូលរួម​ការងារ​ឃុំ​-​សង្កាត់​ដោយ សារ​ឃើញ​អ្នក​សហគមន៍​មាន​ជីវភាព​ខ្វះខាត មិនសូវមាន​ចំណេះដឹង និង​ចង់​ជំរុញ​ឲ្យ​មាន​សហគមន៍​ទេសចរណ៍ នៅ​ឃុំ​-​សង្កាត់ ដែល​កំពុងមាន​សក្តានុពល​ផ្នែក​ទេសចរណ៍​ស្រាប់​។ 



​លោក ស៊ុម ច័ន្ទ​តារា និស្សិត​សាលា​ភូមិន្ទ​រដ្ឋបាល បានចាប់ផ្តើម​ជួយ​ឃុំ​-​សង្កាត់​ទាំងពី​ឆ្នាំ​២០១៤ មក​ម្លេះ តាមរយៈ​ការចុះ​អប់រំ​ពលរដ្ឋ​ពី​បញ្ហា​គ្រឿងញៀន គ្រឿង​ស្រវឹង នៅ​-​សង្កាត់ និង​ចូលរួម​ប្រជុំ​ជាមួយ​ចៅ​-​សង្កាត់ ដើម្បី​ជំរុញ​ឲ្យ​មាន​សេចក្តីណែនាំ ស្តីពី​ការប្រើប្រាស់​គ្រឿង​ស្រវឹង​។ យុវជន​រូបនេះ ក៏​ធ្លាប់បាន​ចូលរួម​ជាមួយ​អង្គការ​សង្គម​ស៊ីវិល និង​បង្កើត​គម្រោង​ផ្ទាល់ខ្លួន​ស្វែងរក​ជំនួយ ដើម្បី​ចែក​សម្ភារ​សិក្សា​ដល់​សិស្ស​ក្រីក្រ លំបាក និង​លើកទឹកចិត្ត​ឲ្យ​ក្មេង​កុំ​បោះ​បង់ការសិក្សា​។  និស្សិត​រូបនេះ​សង្ឃឹមថា ការរួមចំណែក​របស់​ខ្លួន នឹង​ក្លាយជា​គំរូ​មួយ និង​ដាស់​ស្មារតី​ឲ្យ​យុវជន និង​ចង់​ឲ្យ​ភាគី​ពាក់ព័ន្ធ​ចូលរួម​ជួយ​ឃុំ​-​សង្កាត់​ទាំងអស់គ្នា​។



​កញ្ញា ម៉ៃ ស៊ី​នេ​ត និស្សិត​ផ្នែក​ទំនាក់ទំនង​អន្តជាតិ បាន​ស្ម័គ្រចិត្ត​ចុះ​បង្រៀន​ប្រជា​សហគមន៍​ពី​សិទ្ធិ ការរស់នៅ​ស្អាត និង​បង្រៀន​ក្មេងៗ​ក្នុង​សហគមន៍​ឲ្យ​ចេះ​អាន​អក្សរ ព្រមទាំង​ជំរុញ​ឲ្យ​អាណាព្យាបាល បញ្ជូន​កូន​ទៅ​សាលារៀន​។ នាង​ក៏​ធ្លាប់បាន​ចូលរួម​ដោះស្រាយ​ជម្លោះ​នៅក្នុង​សហគមន៍ ក៏ដូចជា​អំពើហិង្សា​ផងដែរ​។

​មានបំណង​ក្លាយជា​មេឃុំ​ផង កញ្ញា ស៊ី​នេ​ត បញ្ជាក់ថា​កត្តា​ដែល​ជំរុញ​ឲ្យ​នាង​ធ្វើ​ការងារ​ទាំងអស់នេះ ព្រោះ​នាង​មិន​ចង់ឃើញ​ការអភិវឌ្ឍន៍​មានតែ​នៅ​ទីក្រុង​ទេ តែ​ត្រូវតែ​អភិវឌ្ឍន៍​ចាប់ពី​ថ្នាក់មូលដ្ឋាន​ឡើងទៅ​។ និស្សិត​រូបនេះ ក៏​ចង់​ឲ្យ​ពលរដ្ឋ​ចេះ​ប្រើប្រាស់ និង​យល់ដឹង​ពី​សិទ្ធិ​របស់ខ្លួន និង​ហ៊ាន​ប្រើ​សិទ្ធិ​ឲ្យ​ត្រូវ​តាមច្បាប់​ដែរ​។

​លោក ស្រ៊ុន ស៊ន ស្ថាបនិក​ក្រុម​អនាគត​យុវជន​កម្ពុជា​អាស៊ាន ដែល​ធ្លាប់បាន​បង្រៀន​ពលរដ្ឋ​អំពី​អំណាច​ពលរដ្ឋ សិទ្ធិមនុស្ស ច្បាប់ និង​ការតស៊ូ​មតិ​ផង​នោះ ចង់ឃើញ​ចៅសង្កាត់​អាណត្តិ​ថ្មី​បង្កើត​វេទិកាសាធារណៈ​ឲ្យ​បាន​ទៀងទាត់​។ វេទិកា គឺ​ដើម្បី​ឲ្យ​ពលរដ្ឋ និង​ថ្នាក់ដឹកនាំ​មូលដ្ឋាន​បាន​ជួបពិភាក្សា​គ្នា ស្វែងរក​ដំណោះស្រាយ​បញ្ហា​មួយចំនួន ដូចជា​គ្រឿងញៀន គ្រឿង​ស្រវឹង គ្រោះថ្នាក់​ចរាចរណ៍ ការអប់រំ ការស្វែងរក​ការងារ​ធ្វើ  បញ្ហា​បាត់បង់​ជម្រក គ្មាន​ជម្រក និង​ទីផ្សារ​កសិកម្ម​ជាដើម​។​



​ចំណែកឯ​កញ្ញា​ម៉ៃ ស៊ី​នេ​ត វិញ ស្នើ​ឲ្យ​យុវជន​ចូលរួម​អភិវឌ្ឍន៍​ឃុំ​-​សង្កាត់​តាម​លទ្ធភាព ពោល​ពេល​បញ្ចប់​ការសិក្សា មិនត្រូវ​មានគំនិត​គិតតែ​ធ្វើការ​រកប្រាក់​នៅ​ទីក្រុង​ទេ ភ្លេច​គិតពី​ការអភិវឌ្ឍន៍​ដល់​សហគមន៍​នោះទេ​។ នាង​និយាយថា​ការរួម​គ្នា​គិតពី​ផលប្រយោជន៍​នៅ​ថ្នាក់មូលដ្ឋាន​ឡើងទៅ វា​ពិតជា​ចំណុច​ចម្បង ដើម្បី​ឈានដល់​ការអភិវឌ្ឍន៍ ប្រកបដោយ​និរន្តរភាព​នៃ​ប្រទេសជាតិ​មួយ​។​




Tag:
 ​យុវជន​
  ​ឃុំ​-​សង្កាត់​
© រក្សាសិទ្ធិដោយ thmeythmey.com