អត្ថបទពាណិជ្ជកម្ម
ការប្រើប្រាស់​សេវា​ធានារ៉ាប់រង​ខ្នាតតូច មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​
26, Jun 2017 , 9:05 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ការប្រើប្រាស់​សេវា​ធានារ៉ាប់រង​សុខភាព​ខ្នាតតូច​លើ​សុខភាព និង​គ្រោះថ្នាក់​របស់​អតិថិជន​កម្ចី អេ អឹម ខេ មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​រយៈពេល​បួន​ខែ​ដើមឆ្នាំ ២០១៧ នេះ​បើ​យោងតាម​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំខែ​របស់ អេ អឹម ខេ​។ ការកើនឡើង​នេះ​ដោយសារតែ​អតិថិជន​មានការ​យល់ដឹង​ច្រើន​អំពី​អត្ថប្រយោជន៍​សេវា​ធានារ៉ាប់រង ជាពិសេស​យល់ដឹង​ពី​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​នៅក្នុង​គ្រួសារ​នៅពេល​ដែលមាន​ហានិភ័យ ដូចជា​ជំងឺ ឬ គ្រោះថ្នាក់​ណាមួយ​ដែល​បានកើត​ឡើងជា​យថាហេតុ​។​

​របាយការណ៍​ដដែល បានបង្ហាញ​ពី​ការកើនឡើង​ចំនួន​អតិថិជន​ដល់​ជាង​២១​ម៉ឺន​នាក់ គឺ​ប្រមាណ​ជាង​៦២%​នៃ​ចំនួន​អតិថិជន​កម្ចី អេ អឹម ខេ សរុប​បាន​នឹង​កំពុងតែ​ប្រើប្រាស់​សេវា​ធានារ៉ាប់រង​ខ្នាតតូច អេ អឹម ខេ នេះ បើ​គិត​ត្រឹម​បំណាច់​ខែមេសា ២០១៧​។ ចំណែកឯ​ឆ្នាំ​២០១៦ អេ អឹម ខេ មាន​អតិថិជន​កម្ចី​ដែល​ប្រើប្រាស់​សេវា​ធានារ៉ាប់រង​ខ្នាតតូច​លើ​សុខភាព និង​គ្រោះថ្នាក់​ត្រឹមតែ​ជាង​១៨​ម៉ឺន​នាក់​តែប៉ុណ្ណោះ​។

​គួរ​កត់សម្គាល់ថា អេ អឹម ខេ បាន​សហការ​ជាមួយ​ក្រុមហ៊ុន ធានារ៉ាប់រង​ហ្វ​ត​តេ ផ្តល់​សេវា​ធានារ៉ាប់រង​ខ្នាតតូច​ជូន​ចំពោះ​អតិថិជន​កម្ចី អេ អឹម ខេ នៅក្នុង​ឆ្នាំ​២០១៤ ដែល​នៅពេលនោះ​មាន​អតិថិជន​ត្រឹមតែ​ជាង ៩​ពាន់​នាក់​ប៉ុណ្ណោះ​ដែល​បាន​ប្រើប្រាស់​សេវា​មួយ​នេះ​។ ប៉ុន្តែ​ចំនួន​អតិថិជន​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ពីមួយ​ឆ្នាំ​ទៅមួយ​ឆ្នាំ​។​

​លោក គា បូរាណ ប្រធាន​នាយក​ប្រតិបត្តិ អេ អឹម ខេ បាន​មានប្រសាសន៍ថា “​ប្រជាជន​កម្ពុជា​នៅពេល​បច្ចុប្បន្ន​មានការ​យល់ដឹង​ច្រើន​អំពី​សេវា​ធានារ៉ាប់រង​ខ្នាតតូច​មួយ​នេះ ក៏ដូចជា​សេវា​ធានារ៉ាប់រង​គ្រោះថ្នាក់​ផ្សេងៗ​ទៀត មិន​ថា​ទាំង​អ្នក​រស់នៅក្នុង​ទីក្រុង ឬ​ជនបទ​នោះឡើយ​។ នេះ​គឺជា​កត្តា​ដ៏​ល្អ​បំផុត ព្រោះ​ការប្រើប្រាស់​សេវា​ធានារ៉ាប់រង​ខ្នាតតូច​នេះ វា​បាន​ជួយ​ការពារ​ហានិភ័យ​ហិរញ្ញវត្ថុ​ផ្សេងៗ ដែល​អាច​កើតឡើង​ជាយថាហេតុ​នៅក្នុង​គ្រួសារ​នីមួយៗ​។ យើង​មិនអាច​ដឹង​មុន​ថា នឹងមាន​គ្រោះថ្នាក់​អ្វី​កើតឡើង​ចំពោះ​ខ្លួន​យើង ឬ​ក្រុមគ្រួសារ​យើង​បានទេ​នៅ​ថ្ងៃ​ខាងមុខ ដូចនេះ​បើ​យើង​មាន​សេវា​ធានារ៉ាប់រង​នេះ វា​ពិតជា​អាចជួយ​កាត់​បន្ថយថ្លៃ​ចំណាយ​ចំពោះ​ថ្លៃ​ព្យាបាល មិនបាច់​ខ្ចីបុល​គេ ឬ​លក់​ទ្រព្យសម្បត្តិ​មានតម្លៃ​នៅក្នុង​ផ្ទះ​ដើម្បី​យកលុយ​មក​បង់ថ្លៃ​ព្យាបាល​នោះទេ​”​។

​លោក​ប្រធាន បាន​សំណូមពរ​ដល់​ប្រជាជន​កម្ពុជា​គ្រប់រូប សូម​ប្រើប្រាស់​សេវា​ធានារ៉ាប់រង​ខ្នាតតូច លើ​សុខភាព និង​គ្រោះថ្នាក់​នេះ ព្រោះ​វា​ធ្វើ​ឲ្យ​គ្រួសារ​លោកអ្នក​មាន​សុវត្ថិភាព​ហិរញ្ញវត្ថុ មិនមាន​ក្តី​បារ​ម្មណ៍​ចំពោះ​ការចំណាយ​លើ​ថ្លៃ​សេវា​ព្យាបាល​នៅពេលដែល​គាត់​មាន​ជំងឺ ឬ​គ្រោះថ្នាក់​ផ្សេងៗ នឹងត្រូវ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ ចំពោះ​ថ្លៃ​សេវា​ធានារ៉ាប់រង​នេះ គឺ​មិន​ដល់​១០០​រៀល​ផង​ក្នុង​មួយថ្ងៃ  ដែលមាន​ការធានា​ពេញ​១​ឆ្នាំ អតិថិជន​នឹង​ទទួល​អត្ថប្រយោជន៍​យ៉ាងច្រើន​ដូចជា​៖ ទទួលបាន​ការឧបត្ថម្ភ​ថ្លៃ​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ ២​ម៉ឺន​រៀល​ក្នុង​១​ថ្ងៃ ទទួលបាន​ការឧបត្ថម្ភ​ថ្លៃ​វះកាត់​អតិបរមា​ដល់ ៦០​ម៉ឺន​រៀល​ក្នុង​១​ករណី ទទួលបាន​ការឧបត្ថម្ភ​ពិការភាព​ដោយសារ​គ្រោះថ្នាក់​រហូតដល់ ២ ទៅ ៣​លាន​រៀល ទទួលបាន​ការឧបត្ថម្ភ​មរណភាព​ដែល​បណ្តាលមកពី​ជំងឺ​រហូតដល់ ៦០​ម៉ឺន​រៀល ទទួលបាន​ការឧបត្ថម្ភ​មរណភាព​ដែល​បណ្តាលមកពី​គ្រោះថ្នាក់​ចាប់ពី ៦.៦០០.០០០​រៀល ដល់ ៧.៦០០.០០០​រៀល​។

​សូម​រំលឹក​ផងដែរ​ថា សេវា​ធានារ៉ាប់រង​សុខភាព​ខ្នាតតូច​នេះ អេ អឹម ខេ ផ្តល់ជូន​តែ​ចំពោះ​អតិថិជន​កម្ចី​តែប៉ុណ្ណោះ​។ គិត​ត្រឹម ខែមេសា ឆ្នាំ​២០១៧​នេះ អតិថិជន​ចំនួន​ជិត​២​ម៉ឺន​នាក់​បានទទួល​សំណង​ពី​សេវា​ធានារ៉ាប់រង​នេះ ជាមួយនឹង​ទឹកប្រាក់​ចំនួន​ជាង ១​លាន​ដុល្លារ ភាគច្រើន​នៃ​ការធានារ៉ាប់រង​គឺ​ទៅលើ​ថ្លៃ​សេវា​ព្យាបាល ថ្លៃ​វះកាត់ និង​គ្រោះថ្នាក់​ផ្សេងៗ​។ ទទ្ទឹម​គ្នា​នេះ​ផងដែរ ដោយ​មើលឃើញ​ពី​តម្រូវការ សេវា​ធានារ៉ាប់រង​នេះ អេ អឹម ខេ បានដាក់​ឲ្យ​ដំណើរការ សេវ​ធានារ៉ាប់រង​ថ្មី​មួយទៀត គឺ​សេវា​ធានារ៉ាប់រង​គ្រោះថ្នាក់​បុគ្គល សម្រាប់​សាធារណជន​ទូទៅ​នាពេល​ថ្មីៗ​នេះ​ផងដែរ​។​

​ជាក់ស្តែង អតិថិជន​ឈ្មោះ ផន នី​ម រស់នៅ​ភូមិ​ព្រែក​៣ ឃុំ​សំរោង ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្តពោធិ៍សាត់ គាត់​បានទទួល​សេវា​ធានារ៉ាប់រង​ខ្នាតតូច​លើ​សុខភាព និង​គ្រោះថ្នាក់ អេ អឹម ខេ​។ គ្រួសារ​របស់គាត់ គឺ​ប្រពន្ធ​មាន​ជំងឺ​ឈានទៅដល់​ការវះកាត់ រីឯ​ប្តី​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​។ ប៉ុន្តែ​ដោយសារតែ គាត់​ទិញ​សេវា​ធានារ៉ាប់រង អេ អឹម ខេ គ្រួសារ​របស់គាត់​ពុំមាន​វិបត្តិ​ផ្នែក​ហិរញ្ញវត្ថុ​នៅក្នុង​គ្រួសារ​ឡើយ ដោយ​គាត់​ទទួលបាន​ការធានារ៉ាប់រង​ទាំង​ប្រពន្ធ និង​ប្តី គិត​ជា​ទឹកប្រាក់​ចំនួន​ជាង​៦​លាន​រៀល​។ អ្នកស្រី​ផន នី​ម បាន​លើកឡើងថា “​ប្រសិនបើ​មិនបាន​ទិញ​សេវា​ធានារ៉ាប់រង​សុខភាព​ខ្នាតតូច អេ អឹម ខេ ទេ ប្រហែលជា​ខ្ញុំ​ត្រូវ​ទៅ​ចងការ​អ្នកជិតខាង​ដើម្បី​យកលុយ​ចំណាយ​លើ​ថ្លៃ​ព្យាបាល ឬ ក៏​អាច​លក់​របស់របរ​មា​ន​តម្លៃ​នៅក្នុង​ផ្ទះ​ក៏​មិនដឹង​។​”

​អេ អឹម ខេ គឺជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដែល​ឈានមុខ​គេ​លើ​វិសាលភាព​ប្រតិបត្តិការ និង​ចំនួន​អតិថិជន​ប្រាក់កម្ចី​។ គិត​ត្រឹម ខែមេសា ឆ្នាំ​២០១៧ នេះ អេ អឹម ខេ មាន​វិសាលភាព​ប្រតិបត្តិការ​គ្របដណ្តប់​៨៩%​នៃ​ចំនួន​ភូមិ​សរុប​ទូទាំងប្រទេស មាន​បុគ្គលិក​ជាង ២.៤០០​នាក់ អតិថិជន​សរុប​ជាង​៥៨​ម៉ឺន​នាក់ ជាមួយនឹង​ផលប​ត្រ​ប្រាក់កម្ចី​ជាង​១៦៣​លាន​ដុល្លារ​អាមេរិក ជាមួយ​ការិយាល័យ​ប្រតិបត្តិការ​ចំនួន ១៥១ កន្លែង និង មាន​ភ្នាក់ងារ​ជាង​២.៥០០​កន្លែង នៅ​ទូទាំងប្រទេស​។ អេ អឹម ខេ មាន​ផលិតផល និង សេវាកម្ម​ជាច្រើន កំពុង​ផ្តល់ជូន​អតិថិជន ដូចជា សេវា​ប្រាក់កម្ចី ប្រាក់​សន្សំ ផ្ទេរប្រាក់ សេវា​ទូទាត់​វិក្កយបត្រ ធានារ៉ាប់រង​ខ្នាតតូច ធនាគារ​ចល័ត សេវា​បើកប្រាក់​បៀវត្សរ៍ ម៉ាស៊ីន​ដក និង​ដាក់​ប្រាក់​ដោយ​ស្វ័យប្រវត្តិ (ATMs/CDMs)​។​


© រក្សាសិទ្ធិដោយ thmeythmey.com