កីឡាអន្តរជាតិ
អន្តរជាតិ
Confederations Cup៖ ស៊ី​លី​ឡើងទៅ​ជួប​ព័រ​ទុយ​ហ្គា​ល់ ខណៈ​អាល្លឺម៉ង់​ត្រូវ​ប៉ះ​ម៉ិ​ក​ស៊ិ​កនៅ​វគ្គ​១/២
26, Jun 2017 , 2:09 pm        
រូបភាព
​ក្រុមបាល់ទាត់​ជម្រើសជាតិ ព័រ​ទុយ​ហ្គា​ល់ ម៉ិ​ក​ស៊ិ​ក ស៊ី​លី និង​អាល្លឺម៉ង់ បាន​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Confederations Cup ហើយ​ក្រោយ​មាន​ពិន្ទុ​លើសគេ​ពី​ការប្រកួត​ជម្រុះ​តាម​ពូ​ល​រៀងៗ​ខ្លួន​។​



​ការប្រកួត​ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល​នៃ​ពានរង្វាន់ Confederations Cup កន្លងមក​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់អាច​រកបាន​៧​ពិន្ទុ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​មួយ និង ម៉ិ​ក​ស៊ិ​កមាន​៧​ពិន្ទុ​ដែរ​តែ​ចាញ់​គ្រាប់​បាល់ប​ញ្ជូ​ល​ទី​ព័រ​ទុយ​ហ្គា​ល់​ស្ថិតនៅ​លេខ​២​ពូ​ល A ខណៈ​ម្ចាស់ផ្ទះ​រុស្ស៊ី និង​នូ​វែ​ល​សេ​ឡង់​ត្រូវ​ហាលអាវ​។​

​ចំណែក​ពូ​ល B វិញ អាល្លឺម៉ង់​ឈរ​នៅ​លេខ​មួយ​មាន​៧​ពិន្ទុ និង ស៊ី​លី​បាន​លេខ​២​មាន​៥​ពិន្ទុ ហើយ​អូស្ត្រាលី​ជាមួយ​កា​ម៉េ​រ៉ូ​ន​អស់សិទ្ធិ​ទៅ​វគ្គ​បន្ត​។​

​ដូច្នេះ​ក្នុង​វគ្គ​ពាក់កណ្តាល់​ផ្តាច់ព្រ័ត្រ Confederations Cup ក្នុង​លេខ​១​ពូ​ល​A ព័រ​ទុយ​ហ្គា​ល់​ត្រូវ​ជួប​ក្រុម​លេខ​២​ពូ​ល B ស៊ី​លី  ចំណែក​អាល្លឺម៉ង់​ដែល​ឈរ​នៅ​លេខ​១​ពូ​ល B នឹងត្រូវ​ប៉ះ ម៉ិ​ក​ស៊ិ​ក លេខ​២​ពូ​ល A​។ ក្រុម​ទាំង​៤​នឹង​បន្តធ្វើ​ការប្រកួត​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃ​ពុធ ទី​២៨ ខែមិថុនា​នេះ​។​

​សូមបញ្ជាក់ថា ការប្រកួត​ពាន Confederations Cup លើក​ទី​១០ ដែល​រុស្ស៊ី​ធ្វើជា​ម្ចាស់ផ្ទះ​នេះ មាន​ប្រទេស​៨​ចូលរួម និង​ចែកជា​ពីរ​ពូ​ល ដោយ​ពូ​ល A មាន​ម្ចាស់ផ្ទះ​រុស្ស៊ី ក្នុងនាម​ជា​ម្ចាស់ផ្ទះ World Cup ឆ្នាំ​២០១៨​ខាងមុខ នូ​វែ​ល​សេ​ឡង់​ដែលជា​ជើងឯក​ប្រចាំ​តំបន់​អូ​សេ​អា​នី​(Oceania Nations Cup) ម្ចាស់​ជើងឯក​អឺរ៉ុប​ព័រ​ទុយ​ហ្គា​ល់​(UERO 2016) និង​ម៉ិ​ក​ស៊ិ​ក​ម្ចាស់​ពាន​ប្រចាំ​តំបន់​កា​រ៉ា​អ៊ី​ប (CONCACAF)​។​

​រីឯ​ពូ​ល B រួមមាន​អាល្លឺម៉ង់​ក្នុងនាម​ជា​ម្ចាស់​ជើងឯក World Cup ឆ្នាំ​២០១៤ ស៊ី​លី​ដែល​ម្ចាស់​ជើងឯក​តំបន់​អាមេរិក​ឡាទីន (Copa America) អូស្ត្រាលី​ម្ចាស់​ជើងពាន​តំបន់​អាស៊ី (AFC Asian Cup) និង​កា​ម៉េ​រូ​ន ម្ចាស់​ពាន​ទ្វីបអាហ្វ្រិក​(African Nation Cup)៕


Tag:
 ​បាល់ទាត់​
  Confederations Cup
© រក្សាសិទ្ធិដោយ thmeythmey.com