ជាតិ
នាយករដ្ឋមន្ត្រី កំណត់យកថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៨ ជាថ្ងៃបោះឆ្នោតព្រឹទ្ធសភា
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឲ្យដឹងជាមុនថា រដ្ឋាភិបាលនឹងសម្រេចយកថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៨ ជាថ្ងៃបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា អាណត្តិទី ៤ ។
សម្តេច ហ៊ុន សែន ថ្លែងថា រដ្ឋាភិបាលរង់ចាំតែច្បាប់ជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលត្រូវបានវិសោធនកម្មថ្មី ចូលជាធរមានទេ បន្ទាប់មកសម្តេចនឹងចុះហត្ថលេខា កំណត់យកអាទិត្យទី ១៤ ខែមករា ឆ្នាំ ២០១៨ ជាថ្ងៃបោះឆ្នោតជ្រើសរើសមាជិកព្រឹទ្ធសភាអាណត្តិទី៤ ។ នៅក្នុងពិធីចែកសញ្ញាបត្រដល់សិស្សសាលាភូមិន្ទរដ្ឋបាល នៅថ្ងៃទី ២៦ ខែមិថុនា ប្រមុខរដ្ឋាភិបាល បញ្ជាក់ថា មូលហេតុដែលលោកប្រកាសកំណត់ថ្ងៃបោះឆ្នោត មុនពេលចុះហត្ថលេខា ដើម្បីឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានដឹង និងត្រៀមលក្ខណៈទាន់ពេលក្នុងការរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា។
បើតាមសម្តេចនាយករដ្ឋមន្ត្រី រដ្ឋាភិបាលបានត្រៀមកញ្ចប់ថវិការួចរាល់ហើយ ដើម្បីផ្តល់ជូនគ.ជ.បរៀបចំការបោះឆ្នោតនេះ។ ទន្ទឹមនឹងនេះ សម្តេច ក៏ឆ្លៀត ប្រាប់ឲ្យដឹងមុនថា នៅខែកក្កដា ឆ្នាំ ២០១៨ នឹងមានការរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ។ សម្តេចបន្តថា ការរៀបចំការបោះឆ្នោត ដោយគ្មានការពន្យារពេលនេះ គឺជាភាពទៀងទាត់នៃដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ «បើគេចង់ពន្យារពេល មានហេតុផលរយពាន់ហេតុផល»។ នេះការបញ្ជាក់បន្ថែមរបស់សម្តេចនាយករដ្ឋមន្ត្រី។
ជាមួយគ្នា សម្តេច ហ៊ុន សែន ក៏បញ្ជាក់បីមូលហេតុដែលនាំឲ្យមានការវិសោធនកម្មច្បាប់ជ្រើសតាំងសមាជិកព្រឹទ្ធសភាថ្មីដែរ។ សម្តេច ពន្យល់ថា ការវិសោធនកម្ម ដើម្បីបន្ថែមអាសនៈព្រឹទ្ធសភាមួយទៀត ពោលគឺពី ៦១ ឡើងដល់ ៦២ ដោយសារចំនួនអាសនៈនៅក្នុងរដ្ឋសភានឹងត្រូវឡើងពី ១២៣ ដល់ ១២៥។ បើតាមសម្តេច អាសនៈរដ្ឋសភាចំនួន ២ ដែលបន្ថែមនោះ គឺនៅក្នុងខេត្តព្រះសីហនុ ពី ១ អាសនៈ ដល់ ៣ អាសនៈ។
សូមបញ្ជាក់ថា អ្នកដែលមានសិទ្ធិបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ និងសមាជិករដ្ឋសភា។ បើតាមលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលគ.ជ.ប បានប្រកាសកាលពីថ្ងៃទី២៥ ខែមិថុនា គណបក្សប្រជាជនកម្ពុជាទទួលបានកៅអីក្រុមប្រឹក្សាចំនួន ៦៥០៣ ក្នុងនោះអាសនៈមេឃុំ ចៅសង្កាត់ចំនួន ១១៥៦ គណបក្សសង្គ្រោះជាតិទទួលបានកៅអីក្រុមប្រឹក្សាឃុំ សង្កាត់ ៥០០៧ ក្នុងនោះកៅមេឃុំ ចៅសង្កាត់ចំនួន ៤៨៩ ។
ចំណែកណបក្សហ្វ៊ុនស៊ិនប៉ិចទទួលបានក្រុមប្រឹក្សាចំនួន ២៨ គណបក្សខ្មែររួបរួមជាតិទទួលបានអាសនៈក្រុមប្រឹក្សាចំនួន ២៤ ក្នុងនោះអាសនៈមេឃុំ ១ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យទទួលបានអាសនៈក្រុមប្រឹក្សាចំនួន ៤ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យទទួលបានក្រុមប្រឹក្សា ១ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋានទទួលបានអាសនៈក្រុមប្រឹក្សាចំនួន ៥ ។ អាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់សរុបទូទាំងប្រទេសមានចំនួន ១១៥៧២ ៕
Tag:
ហ៊ុន សែន
បោះឆ្នោតព្រឹទ្ធសភា
© រក្សាសិទ្ធិដោយ thmeythmey.com