ជាតិ
បន្ទប់​ស្ថានការណ៍​៖ ការចាត់ចែង​បោះឆ្នោត​ប្រសើរ​ជាង​មុន តែ​មានការ​រឹតត្បិត​សេរីភាព​
26, Jun 2017 , 3:08 pm        
រូបភាព
​បន្ទប់​ស្ថានការណ៍​ដែលជា​យន្តការ​តាមដាន​ការបោះឆ្នោត​ដែល​ប្រជុំគ្នា​ដោយ​អង្គការ​សង្គម​ស៊ីវិល​ជិត​៣០​ស្ថាប័ន បាន​វាយតម្លៃ​ជា​លើកចុងក្រោយ​ថា ការចាត់ចែង​នៃ​ការបោះឆ្នោត​មាន​ភាពប្រសើរ​ជាង​មុន​។ ទោះ​យ៉ាង​ក៏ដោយ ក្រុម​តំណាង​សង្គម​ស៊ីវិល​ទាំងនោះ នៅតែ​មើលឃើញ​អំពី​កង្វះ​យុត្តិធម៌ និង​សេរីភាព​ត្រូវបាន​រឹតត្បិត​។​



​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​តាមដាន​ដំណើការ​បោះឆ្នោត ដែល​ហៅ​ខ្លួនឯង​ថា ជា​ក្រុម​បន្ទប់​ស្ថានការណ៍​បាន​អះអាងថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​អនុវត្ត​ភារកិច្ច​ដោយមាន​តម្លាភាព ទាក់ទង​និង​បញ្ជី​ឈ្មោះ​បោះឆ្នោត ការចុះឈ្មោះ​បោះឆ្នោត និង​ការចុះបញ្ជី​បេក្ខជន​គណបក្សនយោបាយ ព្រមទាំង​ការរាប់​សន្លឹកឆ្នោត​ផង​។ សម្រាប់​ក្រុម​បន្ទប់​ស្ថានការណ៍ «​ការចាត់ចែង និង​ការអនុវត្ត​ភារកិច្ច​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​មាន​សញ្ញា​វិជ្ជមាន និង​ប្រសើរ​ជាង​មុខ​»​។​

​នេះ​ជាការ​វាយតម្លៃ​លើកចុងក្រោយ​របស់​ក្រុម​បន្ទប់​ស្ថានការណ៍ ខណៈដែល​លទ្ធផល​ផ្លូវការ​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។​
​ទោះយ៉ាងណា បញ្ហា​មួយចំនួន​នៅតែ​ត្រូវបាន​កត់សម្គាល់​ដោយ​ក្រុមអ្នកតាមដាន​ដំណើរការ​បោះឆ្នោត​នេះ​។​

​សេចក្តីថ្លែងការណ៍​រប​ស់​បន្ទប់​ស្ថានការណ៍​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖«​គ្មាន​អំពើហិង្សា​ធ្ងន់ធ្ងរ​បានកើត​ឡើង​ក្នុងសម័យ​បោះឆ្នោត​ឡើយ ប៉ុន្តែ​មាន​បញ្ហា​មួយចំនួន​កើតមុន​ថ្ងៃ​បោះឆ្នោត​ដូចជា​៖ បរិយាកាស​ដែល​មានការ​សង្កត់​ខាង​ន​យោ​យ ការប្រើប្រាស់​ធនធានរ​ដ្ឋ​ដែល​ធ្វើ​ឲ្យ​ខ្វះ​សមធម៌​នៅលើ​ទីលាន​ប្រកួតប្រជែង​នយោបាយ​»​។ សេចក្តីថ្លែងការណ៍​ដដែល​បន្ត​លើកឡើង​អំពី​ចំនុច​ខ្វះខាត​មួយចំនួនទៀត​ដូចជា​៖ ការខ្វះ​ឯករាជ្យ​របស់​មន្ត្រី​តុលាការ ការ​លំអៀង​នយោបាយ​នៃ​មន្ត្រីជាន់ខ្ពស់​កងកម្លាំង​ប្រដាប់អាវុធ​ដែល​ដាក់​សម្ពាធ​លើ​ការបញ្ចេញមតិ និង​គំរាម​ដល់​សកម្មភាព​គណបក្ស​ប្រកួតប្រជែង និង​អង្គការ​សមាគម​មិនមែន​រដ្ឋាភិបាល​។

«​ទាំងនេះ បាន​នាំ​ឲ្យ​បរិយាកាស​សម្រាប់​ដំណើរការ​បោះឆ្នោត​ស្ថិតនៅក្នុង​កម្រិត​រឹតត្បិត​សេរីភាព និង​ខ្វះ​យុត្តិធម៌​ពេញលេញ​»​។ នេះ​ជាការ​សន្និដ្ឋាន​របស់​ក្រុម​បន្ទប់​ស្ថានការណ៍​ស្តីពី​ការ​ពោះ​ឆ្នោត​ឃុំ​សង្កាត់​ថ្ងៃទី​៤​មិថុនា​កន្លងទៅនេះ​។​

​ក្រុម​បន្ទប់​ស្ថានការណ៍​ក៏មាន​អនុសាសន៍​ចំនួន​១៥​ចំនុច​ដែរ ដើម្បី​ធ្វើ​ឲ្យ​ការបោះឆ្នោត​លើក​ក្រោយ កាន់​តែមាន​តំណើរការ​ល្អ​។ អនុសាសន៍​ទាំងនោះ​មានដូចជា ពង្រឹង​គោលការណ៍​សមធម៌ និង​តម្លាភាព​នៃ​ហិរញ្ញវត្ថុ​ឃោសនាបោះឆ្នោត​របស់​គណ​បក្សនយោបាយ ពង្រឹង​អព្យាក្រឹតភាព​ខាង​នយោបាយ​របស់​កងកម្លាំង​ប្រដាប់អាវុធ និង​មន្ត្រី​តុលាការ ជំរុញ​ការចេញ​អត្ត​សញ្ញាប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​ដោះលែង​អ្នក​ជាប់ឃុំ​ទាំងឡាយ​ដែល​ទាក់ទង​នឹង​នយោបាយ មនសិការ និង​ការពារ​សិទ្ធិមនុស្ស ដើម្បី​ពួកគេ​បាន​ចូលរួម​ជីវិត​នយោបាយ ជាដើម​៕


Tag:
 បោះឆ្នោត​ឃុំ​សង្កាត់
  បន្ទប់​ស្ថានការណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com