អន្តរជាតិ
ឥណ្ឌូណេស៊ីរងគ្រោះព្រោះភេរវកម្មជាថ្មី រដ្ឋាភិបាលត្រៀមពង្រឹងវិធានការប្រឆាំងភេរវកម្ម
× ឥណ្ឌូណេស៊ីរងគ្រោះដោយចលនាភេរវកម្មជាថ្មីទៀត ដោយក្រុមប្រដាប់អាវុធមានគ្នាពីរនាក់បានកាប់សម្លាប់មន្ត្រីប៉ូលិសម្នាក់នៅខេត្តស៊ូម៉ាត្រាខាងជើងនៅថ្ងៃអាទិត្យ។ ជនបង្កម្នាក់ត្រូវបានប៉ូលិសបាញ់សម្លាប់ខណៈដែលម្នាក់ទៀតត្រូវបានចាប់ខ្លូនផងដែរ។ សមត្ថកិច្ចឥណ្ឌូណេស៊ីបានបញ្ជាក់ថា ពួកគេជាក្រុមដែលមានភក្តីភាពចំពោះក្រុមភេរវជនដែស្ហ (Daesh) ឬក្រុមរដ្ឋឥស្លាមនៅស៊ីរីនិងអ៊ីរ៉ាក់ផង។ បច្ចុប្បន្នរដ្ឋាភិបាលក្រុងហ្សាការតាកំពុងពន្លឿនការដាក់ចេញវិធានការចំបាច់ដើម្បីឆ្លើយតបចលនាភេរវកម្មជាពិសេសការរត់ឆ្លងដែនរបស់ប្រជាជនខ្លួនទៅធ្វើសង្គ្រាមជីហាតនៅមជ្ឈិមបូព៌ាផងដែរ។
ក្រុមប្រដាប់អាវុធដែលជាបណ្តាញក្រុមភេរវជនដែស្ហដែលមានគ្នីគ្នាពីរនាក់បានវាយប្រហារលើប៉ូលិសស្ថិតនៅក្រុង Medan នៅខេត្តស៊ូម៉ាត្រាខាងជើងនៅថ្ងៃអាទិត្យទី ២៥ មិថុនា។ បើតាមមន្ត្រីប៉ូលិសស្ថិតនៅកន្លែងកើតហេតុ ជនប្រដាប់អាវុធដែលជាអ្នកប្រកាសភក្តីភាពចំពោះក្រុមភេរវជនរដ្ឋឥស្លាមឬក្រុមដែស្ហនោះបានលួចឆ្លងចូលប៉ុស្តិ៍ប៉ូលិសហើយស្រែកថា «Allahu Akbar»ដែលមានន័យថា «ព្រះគឺអស្ចារ្យបំផុត» មុនគេចាប់ផ្តើមកាប់លើប៉ូលិសម្នាក់បណ្តាឲ្យរងរបួសធ្ងន់។ ប៉ុន្តែអកុសលប៉ូលិសនោះបានស្លាប់ដោយសារគេរងរបួសធ្ងន់ធ្ងរពេក។
បើតាមសារព័ត៌មាន Channel News Asia អ្នកនាំពាក្យប៉ូលិសប្រចាំតំបន់ Rina Sari Ginting បានបញ្ជាក់ថា ជនបង្កម្នាក់ត្រូវបានប៉ូលិសបាញ់សម្លាប់ ហើយម្នាក់ទៀតត្រូវបានចាប់ខ្លួនក្រោយធ្វើសកម្មភាពនេះ។ ប៉ូលិសក៏សន្និដ្ឋានថា ក្រុមប្រដាប់អាវុធទាំងនេះធ្វើសកម្មភាពតាមបញ្ជារបស់ Bahrun Naim ជនជាតិឥណ្ឌូណេស៊ីដែលជាសមាជិកក្រុមភេរវជនដែស្ហនៅស៊ីរីផង។ ហើយពួកគេទាក់ទងគ្នាដោយប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមផងដែរកន្លងមក។
ឥណ្ឌូណេស៊ីក្លាយជាគោលដៅមួយចម្បងនៃការវាយប្រហាររបស់ក្រុមភេរវជនជាពិសេសក្រុមដែស្ហឬក្រុមរដ្ឋឥស្លាមនៅស៊ីរីនិងអ៊ីរ៉ាក់ ហើយគេបារម្ភខ្លាំងថាក្រុមនេះនឹងពង្រីកបណ្តាញនិងពង្រឹងកម្លាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូលផង។ ការវាយប្រហារកើតឡើងជាបន្តបន្ទាប់ ហើយកាលពីខែមុនោះគេឃើញមានការបំផ្ទុះគ្រាប់បែកនៅស្ថានីយ៍រថយន្តមួយនៅកណ្តាលរដ្ឋធានីហ្សាការតាផងដែរដែលបណ្តាលឲ្យប៉ូលិស បីនាក់ស្លាប់។
ច្បាប់ថ្មីដាក់គុកសកម្មប្រយុទ្ធឆ្លងដែនទៅធ្វើសង្គ្រាមនៅមជ្ឈិមបូព៌ាដល់ ១៥ឆ្នាំ
ស្បពេលដែលការគំរាមកំហែងដោយក្រុមភេរវជនកើនឡើង ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ (Joko Widodo) បានទទូចឲ្យសភាពន្លឿនការអនុម័តបទបញ្ញត្តិថ្មីដែលសម្តៅដល់ការប្រឆាំងចលនាភេរវកម្មក្នុងនោះមានការបន្ថែមអំណាចដល់ប៉ូលិសចាប់ឃុំមនុស្សបានដោយមិនចាំបាច់មានការកាត់ទោស។ មួយទៀតរដ្ឋាភិបាលក៏អាចចាប់ខ្លួនជនណាដែលប្រើប្រាស់សម្តីរើសអើងឬផ្សព្វផ្សាយមនោគមន៍វិជ្ជាជ្រុលនិយមជាដើម។
មកដល់ពេលនេះ រដ្ឋាភិបាលឥណ្ឌូណេស៊ីក៏ជំរុញឲ្យមានការអនុម័តច្បាប់ថ្មីដែលអនុញ្ញាតអាជ្ញាធរអាចដាក់គុកក្រុមសកម្មប្រយុទ្ធដែលបានឆ្លងដែនទៅច្បាំងក្នុងសង្គ្រាមជីហាតនៅស៊ីរីនិងអ៊ីរ៉ាក់ហើយត្រឡប់មកស្រុកវិញដែរ។ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ជនជាតិឥណ្ឌូណេស៊ីប្រហែល ៤០០នាក់ដែលបានឆ្លងដែនទៅចូលរួមជាមួយក្រុមភេរវជនដែស្ហ ហើយវាជាគ្រោះថ្នាក់ធំនៅពេលដែលពួកគេត្រឡប់មកស្រុកវិញនោះ។
ពាក់ព័ន្ធការអនុម័តច្បាប់នេះ សមាជិកសភាឥណ្ឌូណេស៊ី Arsul Sani បានអះអាងដូច្នេះ៖ «ក្រមព្រហ្មទណ្ឌថ្មីនេះមានកំណត់ពីគោលការណ៍ទូទៅដែលមានន័យថាពេលណាក៏ដោយដែលជនជាតិឥណ្ឌូណេស៊ីប្រព្រឹត្តបទឧក្រិដ្ឋ គេអាចត្រូវកាត់ទោសនៅឥណ្ឌូណេស៊ី។ គេអាចប្រឈមមុខការជាប់ពន្ធនាគារ ១៥ ឆ្នាំ»។ សមាជិកសភារូបនេះបានបញ្ជាក់បន្ថែមផងដែរថា ច្បាប់ថ្មីនេះប្រហែលជានឹងត្រូវអនុម័តនៅខែកញ្ញាខាងមុខនេះ។
បណ្តាញក្រុមដែស្ហមានស្ទើរគ្រប់ខេត្តទូទាំងប្រទេស ហើយគេរង់ចាំតែបញ្ជា
ឥណ្ឌូណេស៊ីដែលជាប្រទេសម៉ូស្លីមធំជាងគេលើពិភពលោកមានប្រជាជនជាង ២០០លាននាក់ ។ រដ្ឋអាស៊ីអាគ្នេយ៍មួយនេះនឹងប្រឈមមុខការគំរាមកំហែងកាន់តែខ្លាំងនៅពេលបច្ចុប្បន្ន ព្រោះបណ្តាក្រុមភេរវជនដែស្ហមាននៅស្ទើរគ្រប់ខេត្តទាំងអស់នៃប្រទេសឥណ្ឌូណេស៊ីផងដែរ។
មេទ័ពឥណ្ឌូណេស៊ី លោក Gatot Nurmantyo បានថ្លែងនៅដើមខែមិថុនាថា លោកបារម្ភខ្លាំងពីការកើនឡើងឥទ្ធិពលក្រុមភេរវជនដែស្ហនៅតំបន់អាស៊ីអាគ្នេយ៍ ហើយបណ្តាញក្រុមភេរវជននេះមាននៅស្ទើរគ្រប់ខេត្តរបស់ឥណ្ឌូណេស៊ីរួចទៅហើយ ពួកគេភាគច្រើននៅសម្ងំមិនទាន់ធ្វើសកម្មភាពឡើយ។
លោកបានបញ្ជាក់ដូច្នេះ៖ «បន្ទាប់ពីមានស៊ើបអង្កេតជាក់ស្តែង យើងរកឃើញថា វាមានបណ្តាញក្រុមភេរវជនរដ្ឋឥស្លាមនៅស្ទើរតែគ្រប់ខេត្តពាសពេញប្រទេសឥណ្ឌូណេស៊ី។ ប៉ុន្តែ ពួកគេជាបណ្តាញដែលមិនទាន់ធ្វើសកម្មភាពនិងនៅរង់ចាំបញ្ជា (Sleeper Cells) »។
រយៈពេលប៉ុន្មានខែចុងក្រោយនេះ រដ្ឋាភិបាលនានាក្នុងតំបន់ប្រុងជើងការខ្ពស់ដោយសារក្រុមសកម្មប្រយុទ្ធដែលជាបណ្តាញភេរវជនរដ្ឋឥស្លាមវាយប្រហារបន្តបន្ទាប់គ្នា។ ការវាយប្រហារទ្រង់ទ្រាយធំបំផុតគឺការកាន់កាប់ទីក្រុង Marawi នៅភាគខាងត្បូងប្រទេសហ្វីលីពីនកាលពីចុងខែឧសភាកន្លងទៅ។ ប្រតិបត្តិការដណ្តើមទីក្រុងនេះមកវិញនៅតែបន្តមកដល់ឥឡូវនេះ ហើយមនុស្សប្រហែល២០០នាក់ហើយបានស្លាប់បាត់បង់ជីវិតក្នុងនោះមានក្រុមភេរវជនយ៉ាងហោចណាស់ ១២០នាក់ដែរ។ អ្វីដែលគួរឲ្យបារម្ភគឺ ក្រុមសកម្មប្រយុទ្ធដែលធ្វើសកម្មភាពនៅហ្វីលីពីនទាំងនោះមានទាំងជនជាតិម៉ាឡេស៊ី និងឥណ្ឌូនេស៊ីផងដែរ។ វាបង្ហាញឲ្យឃើញថា ក្រុមភេរវជនពង្រីកបណ្តាញរបស់ខ្លួនស្ទើរពាសពេញតំបន់ទាំងមូលផងដែរ។
អាស៊ីអាគ្នេយ៍ជាជម្រកធំមួយសម្រាប់បណ្តាញក្រុមភេរវជនដែលប្រកាសភក្តីភាពចំពោះក្រុមភេរវជនរដ្ឋឥស្លាមនៅស៊ីរីនិងអ៊ីរ៉ាក់នោះ ហើយប្រទេសម៉ូស្លីមធំៗដូចជាម៉ាឡេស៊ីនិងឥណ្ឌូណេស៊ីនោះបានចាប់និងឃុំខ្លួនក្រុមជនសង្ស័យជាបណ្តាញក្រុមភេរវជននេះអស់ជាច្រើននាក់មកហើយដែរកន្លងមក៕
Tag:
ភេរវកម្ម
ដែស្ហ
ឥណ្ឌូណេស៊ី
ចូកូ វីដូដូ
© រក្សាសិទ្ធិដោយ thmeythmey.com