ជាតិ
ស្រីមុំ៖ មេធាវី សុំឲ្យតុលាការ សម្រេចឲ្យបានលឿនថា ត្រូវដោះលែងមន្ត្រីសិទ្ធិមនុស្ស ឬក៏បញ្ចូនទៅជម្រះ
× ភ្នំពេញ៖ ការស៊ើសួរលើសំណុំរឿងមន្ត្រីអាដហុកទាំងបួនរូប និងមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មួយរូប ដែលកំពុងជាប់ឃុំ ដោយសាររឿងស្រីមុំតាំងពីឆ្នាំ២0១៦មកនោះ ត្រូវបានបិទបញ្ចប់ហើយ។ នេះបើតាមលោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលប្រាប់អ្នកសារព័ត៌មានតាមបណ្តាញទំនាក់ទំនង Telegram។
លោក លី សុផាណា បញ្ជាក់ថា ចៅក្រមស៊ើសួរ បានទម្លាក់សំណុំរឿងមន្ត្រីអាដហុក និងមន្ត្រីគ.ជ.ប ទៅឲ្យព្រះរាជអាជ្ញាហើយ ដើម្បីធ្វើសេចក្តីសន្និដ្ឋានស្ថាពរ។ ក្រុមមេធាមេវី ដែលការពារក្តីឲ្យមន្ត្រីអាដហុក និងមន្ត្រីគ.ជ.ប ក៏បានទទួលដំណឹងនេះដែរ។ ប៉ុន្តែក្រុមមេធាវីទាំងនោះ មិនទាន់ដឹងនៅឡើយទេ ថាព្រះរាជអាជ្ញា នឹងសម្រេចយ៉ាងណា ចំពោះសេចក្តីសន្និដ្ឋានចុងក្រោយនេះ។
លោក សំ សុគង់ មេធាវីមួយរូប ដែលការពារក្តីឲ្យមន្ត្រីអាដហុក និងមន្ត្រីគ.ជ.ប បានស្នើឲ្យចៅក្រមស៊ើសួរ ធ្វើសេចក្តីសម្រេចឲ្យបានលឿន ថាត្រូវទម្លាក់ការចោទប្រកាន់លើកូនក្តីរបស់លោក ឬក៏ត្រូវបញ្ជូនសំណុំរឿងទៅជំនុំជម្រះ នៅពេលដែលបានទទួលសេចក្តីសន្និដ្ឋានស្ថាពរពីព្រះរាជអាជ្ញារួចហើយ។ លោក មិនចង់ឲ្យចៅក្រមស៊ើសួរ ពន្យារពេលក្នុងការដោះស្រាយសំណុំរឿងខាងលើ បន្តទៀតនោះទេ។
លោកមេធាវីរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗ យ៉ាងដូច្នេះ៖«ពួកគាត់ បានជាប់ឃុំអស់រយៈពេលយូរមកហើយ ដូច្នេះគួរតែត្រូវបានដោះស្រាយឲ្យបានឆាប់ៗ។ មិនថា ដោះលែងឬបញ្ជូនទៅជុំនុំជម្រះទេ ខ្ញុំ សុំឲ្យចៅក្រមស៊ើសួរ សម្រេចឲ្យបានលឿន។ បើកាលណា នៅតែឃុំពួកគាត់ទៀត គឺប៉ះពាល់ដល់សិទ្ធិរបស់ពួកគាត់»។
លោក សំ សុគង់ ពន្យល់ថា ជាធម្មតា ព្រះរាជអាជ្ញា មានពេលយ៉ាងយូរកន្លះខែ ដើម្បីពិចារណាក្នុងការធ្វើសេចក្តីសន្និដ្ឋានស្ថាពររបស់ខ្លួន ហើយត្រូវបញ្ចូនទៅឲ្យចៅក្រមស៊ើសួរវិញ។ លោក បន្តថា សេចក្តីសន្និដ្ឋានស្ថាពររបស់ព្រះរាជអាជ្ញា តែងតែមានខ្លឹមសារពីរយ៉ាង គឺស្នើឲ្យចៅក្រមស៊ើសួរ ទម្លាក់ការចោទប្រកាន់លើជនត្រូវចោទ បើមិនមានភស្តុតាងគ្រប់គ្រាន់ ឬក៏ស្នើឲ្យបញ្ចូនសំណុំរឿងទៅជំនុំជម្រះ បើមានភស្តុតាងគ្រប់គ្រាន់។
បើគិតរហូតមកដល់ពេលនេះ មន្ត្រីអាដហុកបួនរូប ដែលរួមមាន លោក នី សុខា លោក ណៃ វង់ដា លោក យី សុខសាន្ត និងលោកស្រី លឹម មុន្នី ព្រមទាំងលោក នី ចរិយា អគ្គលេខាធិការរងគ.ជ.ប បានជាប់ឃុំជាងមួយឆ្នាំហើយ។ មន្ត្រីអាដហុក ត្រូវបានចោទពីបទ «សូកប៉ាន់សាក្សី» ហើយមន្ត្រីគ.ជ.ប ត្រូវបានចោទពីបទ «សមគំនិតក្នុងអំពើសូកប៉ាន់សាក្សី»។ តុលាការ រកឃើញថា អ្នកទាំងប្រាំ បានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវរបស់ស្រីមុំ និងឯកឧត្តម កឹម សុខា ប្រធានគណបក្សប្រឆាំង៕
Tag:
អាដហុក
គជប
មេធាវី
តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com