អន្តរជាតិ
កាតា​ប្តេជ្ញា​ពង្រឹង​ទំនាក់ទំនង​ជាមួយ​អ៊ីរ៉ង់ ទោះ​ប្រឈម​ជម្លោះ​ការទូត​ជាមួយ​រដ្ឋ​អារ៉ាប់​ផ្សេងទៀត
26, Jun 2017 , 10:19 pm        
រូបភាព
​ស្តេច​កាតា Sheikh Tamim bin Hamad Al Thani  បាន​ជជែក​តាម​ទូរ​សព្ទ​ជាមួយ​ប្រធានាធិបតី​អ៊ីរ៉ង់​លោក ហាសាន រ៉ូ​ហា​នី (Hassan Rouhani)​។  ក្សត្រ​អង្គ​នេះ​បានបង្ហាញ​ព្រះទ័យ​ចង់​ពង្រឹង​ទំនាក់ទំនង​ជាមួយ​អ៊ីរ៉ង់ ទោះបីជា​ត្រូវមាន​បញ្ហា​ប្រឈម​ជាមួយ​បណ្តា​រដ្ឋ​អារ៉ាប់​ក៏ដោយ​។​



​មេដឹកនាំ​កាតា និង​អ៊ីរ៉ង់​ប្តេជ្ញាចិត្ត​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​លើ​គ្រប់​វិស័យ ស្រប​ពេលដែល​ជម្លោះ​រវាង​កាតា និង​រដ្ឋ​អារ៉ាប់​ផ្សេងទៀត​នៅ​មិនទាន់​ថមថយ​កម្តៅ​នោះ​។ ជំហរ​កាតា​ប្រហែលជា​នឹងធ្វើ​ឲ្យ​បណ្តា​ឲ្យ​ប្រទេស​អារ៉ាប់​បក្សពួក​អា​រ៉ា​ប៊ី​សា​អូឌីត​ខឹងសម្បារ​កាន់តែខ្លាំង​ថែមទៀត​។​

​យោងតាម​សារព័ត៌មាន​កាតា Al Mayadeen មហាក្សត្រ​កាតា​រូបនេះ​បានលើកឡើង​ក្នុងពេល​សន្ទនា​តាម​ទូរ​សព្ទ​ជាមួយ​ប្រធានាធិបតី​អ៊ីរ៉ង់​លោក ហាសាន រ៉ូ​ហា​នី កាតា​កំពុង​ស្វះស្វែង​គាំទ្រ​ការអភិវឌ្ឍ​ទំនាក់ទំនង​ទ្វេភាគី​ដែល​ស្មុគស្មាញ​ជាមួយ​អ៊ីរ៉ង់​ដើម្បី​ធ្វើយ៉ាងណា​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​ពិភព​អារ៉ាប់​ផងដែរ​។​

​ការលើកឡើង​ពី​ជំហរ​ស្តារ​ទំនាក់ទំនង​ជាមួយ​អ៊ីរ៉ង់​នេះ កើតឡើង​ប្រហែល​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពេលដែល​គុយ​វ៉ែត​បញ្ចេញ លក្ខខណ្ឌ​ចំនួន ១៣ ដែល​អា​រ៉ា​ប៊ី​សា​អូឌីត​និង​រដ្ឋ​អារ៉ាប់​ទាមទារ​ឲ្យ​ឲ្យ​កាតា​ធ្វើ​ដើម្បី​អាច​ចំណង​ការទូត​ជាមួយ​ពិភព​អារ៉ាប់​ឡើងវិញ ។ លក្ខខណ្ឌ​សំខាន់ៗ​មានដូចជា បិទទ្វារ​ឈប់​ទទួល​កងទ័ព​តួ​ក​គី បិទ​សារព័ត៌មាន Al Jazeera នៅ​កាតា​និង​រាល់​សាខា​របស់ខ្លួន​នៅ​បរទេស រួមទាំង បន្ថយ​កម្រិត​ទំនាក់ទំនង​ជាមួយ​អ៊ីរ៉ង​ផងដែរ​។​

 ចំណែក​លក្ខខណ្ឌ​ផ្សេងទៀត​មានដូចជា អនុវត្ត​គោលនយោបាយ​ដែល​ថ្កោលទោស​ទំនាក់ទំនង​រវាង​កាតា​មាន​ជាមួយ​បណ្តា​ក្រុម​ប្រដាប់អាវុធ​ឥស្លាម​ជ្រុលនិយម ឈប់​ផ្តល់​លុយ​គាំទ្រ​ភេរវជន និង​ប្រគល់​រាល់​មនុស្ស​ទាំងឡាយណា​ដែល​ត្រូវបាន​អា​រ៉ា​ប៊ី​សា​អូឌីត​, អារ៉ាប់​រួម អេ​មី​រ៉ាត់​, បា​រ៉ែ​ន និង​អេ​ហ្ស៊ី​ប កំណត់ថា​ជា​ភេរវជន​ផង​។​

​ដោយឡែក​ក្នុង​កិច្ចសន្ទនា​តាម​ទូរ​សព្ទ​ជាមួយ​ក្សត្រ​កាតា ប្រធានាធិបតី​អ៊ីរ៉ង់ ហាសាន រ៉ូ​ហា​នី វិញ​ក៏បាន​ប្រាប់​ពី​ជំហរ​របស់​អ៊ីរ៉ង់​ក្នុង​ការបន្ត​គាំទ្រ​កាតា​ទល់នឹង​ទណ្ឌកម្ម​របស់​រដ្ឋ​អារ៉ាប់​ផ្សេងទៀត​។ អ៊ីរ៉ង់ ក៏​បន្ត​បើកចំហ​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវអាកាស​របស់ខ្លួន​សម្រាប់​កាតា​ប្រើប្រាស់​ផងដែរ ខណៈ​អ៊ីរ៉ង់​កំពុង​ផ្គត់ផ្គង់​ទំនិញ​ចាំបាច់​ជាច្រើន​រយ​តោន​ឲ្យ​កាតា​ស្រេច​ហើយ​នោះ​។​

​ចាប់តាំងពី​ជម្លោះ​កើតឡើង​អ៊ីរ៉ង់​បាន​ដើរតួនាទី​សំខាន់​ក្នុង​ការជួយ​ផ្គត់ផ្គង់​បន្លែ​បង្ក​និង​សាច់​ទៅកាន់​កាតា​ផងដែរ​។ ហើយ​រៀងរាល់ថ្ងៃ អ៊ីរ៉ង់​បញ្ជូនស្បៀង​អាហារ​ដែលមាន​ទំហំ​ច្រើនជាង ១០០០​តោន​ទៅកាន់​កាតា​ផងដែរ ។​



Tag:
 កាតា​
  ហាសាន រ៉ូ​ហា​នី​
  Sheikh Tamim bin Hamad Al Thani
  អ៊ីរ៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com