កីឡាអន្តរជាតិ
អន្តរជាតិ
Pacquiao ទៅដល់​អូស្ត្រាលី​ត្រៀម​ប៉ះ Jeff Horn ចុង​សប្តាហ៍​នេះ​
27, Jun 2017 , 8:19 am        
រូបភាព
​ស្តេច​ប្រដាល់​អាស៊ី Manny Pacquiao បានធ្វើ​ដំណើរ​ទៅដល់​ប្រទេស​អូស្ត្រាលី​ហើយ​ដើម្បី​ត្រៀម​ឡើង​សង្វៀន​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​មិន​ស្គាល់​ចាញ់ Jeff Horn នៅ​ថ្ងៃទី​២ ខែកក្កដា ចុង​សប្តាហ៍​នេះ​។​



​បើតាម​ការចុះផ្សាយ​រប​ស់ Rappler កំពូល​អ្នក​ប្រដាល់​សញ្ជាតិ​ហ្វីលីពីន ដែលមាន​រហស្សនាម​ថា “Pacman” នឹង​ឡើង​ការពារ​ខ្សែក្រវាត់ WBO របស់ខ្លួន​ជាមួយ​អ្នក​ប្រដាល់​អូស្ត្រាលី Jeff Horn នា​កីឡដ្ឋាន Suncorp Arena ស្ថិតនៅ​ក្រុង Brisbane ប្រទេស​អូស្ត្រាលី ដែល​អាច​ផ្ទុក​ទស្សនិកជន​បាន​ដល់​ទៅ​ជាង​៥​ម៉ឺន​នាក់​។​

​ម្ចាស់​ជើងឯក​ខ្សែក្រវាត់​៨​ស្ថាប័នវ័យ​៣៨​ឆ្នាំ​ដែលមាន​ប្រវត្តិ​ប្រកួត​៥៩​ដង​ចាញ់​៦​ដង​និង​ស្មើ​២​ដង​នេះ បានធ្វើ​ដំណើរ​ចេញពី​ស្រុកកំណើត​របស់គេ​នៅ​ទីក្រុង General Santos ប្រទេស​ហ្វីលីពីន ឆ្ពោះទៅ​ទីក្រុង Brisbane ហើយ​បន្ត​ការ​ហ្វឹក​នៅ​ទីនោះ​តាំងពី​ថ្ងៃ​សៅរ៍ ទី​២៤ ខែមិថុនា​មក​ម្លេះ​។​


          Pacguiao និងភរិយាធ្វើដំណើរទៅដល់ក្រុងBrisbane ប្រទេសអូស្ត្រាលី

​ចំណែក​អ្នក​ប្រដាល់​សញ្ជាតិ​អូស្ត្រាលី វ័យ​២៩​ឆ្នាំនេះ Jeff Horn ធ្លាប់​ឡើង​វាយ​១៦​ដង ឈ្នះ​១៥ និង​ស្មើម្តង​។ អ្នក​ប្រដាល់​មិនដែល​ចាញ់​រួប​នេះ ចាប់ផ្តើម​ក្លាយជា​អ្នក​ប្រដាល់​អាជីព​នៅ​ឆ្នាំ​២០០៦ និង​ធ្លាប់ជា​អត្ត​ព​លិ​កនា​ការប្រកួត​អូឡាំពិក​ឆ្នាំ​២០១២ នៅ​ក្រុង​ឡុង​ដ៍​ផងដែរ​។​

​សម្រាប់​ការប្រកួត​លើក​នេះ Horn ជឿជាក់ថា​នឹង​អាច​រក្សា​កំណត់ត្រា​មិនដែល​ចាញ់​របស់គេ និង​ដណ្តើម​ខ្សែក្រវាត់​ពី Pacquiao បាន​ក្នុងនាម​ជា​ម្ចាស់ផ្ទះ ដែល​ស្ថិតក្រោម​ក្រសែភ្នែក​ទស្សនិកជន​រាប់ម៉ឺន​នាក់​នោះ​៕


Tag:
 ​ប្រដាល់​
  Manny Pacquiao
  Jeff Horn
  WBO
© រក្សាសិទ្ធិដោយ thmeythmey.com