កីឡាអន្តរជាតិ
អន្តរជាតិ
សហព័ន្ធកីឡាតេក្វាន់ដូពិភពលោកដូរឈ្មោះដើម្បីកុំឲ្យមានអក្សរកាត់ថា «WTF»
× អក្សរកាត់ «WTF» មានការពេញនិយមយ៉ាងខ្លាំងនៅតាមបណ្តាញសង្គម ដែលប្រើប្រាស់ក្នុងន័យអវិជ្ជមានដោយចេញពីឃ្លា «What The F..k» ។ ករណីនេះ បាននាំឲ្យសហព័ន្ធកីឡាតេក្វាន់ដូពិភពលោក World Taekwondo Federation សម្រេចធ្វើការផ្លាស់ប្តូឈ្មោះរបស់ខ្លួនទៅជា «World Taekwondo» ប៉ុណ្ណោះ។
តាំងពីឆ្នាំ១៩៧៣មក សហព័ន្ធកីឡាតេក្វាន់ដូពិភពលោក ត្រូវបានគេនិយមហៅកាត់ថា WTF ដោយឈ្មោះនេះ បានភ្ជាប់ទៅនឹងព្រឹត្តិការណ៍នានាដែលរៀបចំក្រោមការទទួលស្គាល់របស់សហព័ន្ធ។ ប៉ុន្តែរយៈពេលចុងក្រោយនេះ អ្នកប្រើប្រាស់អ៊ីនធ័រណិត បានយកពាក្យ WTF ដោយសំដៅក្នុងន័យអវិជ្ជមាន ជាងទៅសំដៅទៅសហព័ន្ធតេក្វាន់ដូអន្តរជាតិ។
ការសម្រេចផ្លាស់ប្តូរឈ្មោះ និងនិមិត្តសញ្ញា ពី World Taekwondo Federation ទៅជា World Taekwondo ត្រូវបានធ្វើឡើងនាអំឡុងកិច្ចប្រជុំនៅទីក្រុង Muju ប្រទេសកូរ៉េខាងត្បូង ខណៈសហព័ន្ធកីឡាមួយរៀបចំព្រឹត្តិការណ៍ 2017 World Taekwondo Championships ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែមិថុនា។
យោងតាមគេហទំព័រផ្លូវការរបស់សហព័ន្ធតេក្វាន់ដូពិភពលោក លោក Choue Chung-won ដែលជាប្រធានសហព័ន្ធ បានលើកឡើងថា៖ «នៅយុគសម័យឌីជីថល ពាក្យកាត់របស់សហព័ន្ធយើង ត្រូវបានគេប្រើប្រាស់ដោយប្រៀបធៀបទៅនឹងន័យអវិជ្ជមាន ហេតុដូច្នេះយើងត្រូវតែរៀបចំឈ្មោះឡើងវិញ ដើម្បីឲ្យអ្នកគាំទ្រយល់កាន់តែច្បាស់»។
ជាមួយនឹងឈ្មោះថ្មី ឡូហ្គូថ្មី លោក Choue Chung-won ជឿជាក់សហព័ន្ធរបស់លោក នឹងទទួលបានជោគជ័យ និងទំនុកចិត្តបន្ថែមពីអ្នកគាំទ្រ និងដៃគូឧបត្ថម្ភ នានា ដែលចូលរួមលើកកម្ពស់វិស័យកីឡាតេក្វាន់ដូ៕
© រក្សាសិទ្ធិដោយ thmeythmey.com