កីឡាជាតិ
ជាតិ
លោក មៀ​ច សុផាន់​ណា​៖ អ្នកខ្លាំង​គួរ​ចូលរួម​ជាមួយ​សហព័ន្ធ​បាញ់កាំភ្លើង ប្រសើរ​ជាង​បាញ់បោះ​សេរី​
27, Jun 2017 , 9:59 am        
រូបភាព
លោក មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា
លោក មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា
ដោយ:
​ដើម្បី​ចូលរួមចំណែក​លុបបំបាត់​អំពើ​ខុសច្បាប់​នៃ​ការប្រើប្រាស់​អាវុធជាតិផ្ទុះ ប្រធាន​សហព័ន្ធ​កីឡា​បាញ់កាំភ្លើង​កម្ពុជា​ស្នើថា អ្នក​ដែលមាន​សមត្ថភាព​ខ្ពស់​ក្នុងការ​បាញ់កាំភ្លើង គួរ​ចូលរួម​ជា​សហព័ន្ធ​កីឡា​បាញ់កាំភ្លើង ប្រសើរ​ជាង​យក​ពេល​ដើរ​បាញ់បោះ​ដោយ​សេរី​។ លោក មៀ​ច សុផាន់​ណា បាន​ថ្លែង​បែបនេះ ក្នុង​អង្គ​មហាសន្និបាត​វិសាមញ្ញ​របស់​សហព័ន្ធ​កីឡា​បាញ់កាំភ្លើង​កម្ពុជា​កាលពី​ចុង​សប្តាហ៍​មុន​។



​លោក មៀ​ច សុផាន់​ណា ប្រធាន​សហព័ន្ធ​កីឡា​បាញ់កាំភ្លើង​កម្ពុជា បានបញ្ជាក់​ឲ្យ​ដឹងថា សហព័ន្ធ​របស់លោក​ត្រូវការ​កីឡាករ កីឡាការិនី​ដែលមាន​សមត្ថភាព​ជាច្រើន​រូប ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ជាតិ និង​អន្តរជាតិ​នានា​។ ជាមួយគ្នានេះ លោក​បាន​អំពាវនាវ​ដល់​មន្ត្រី​កងកម្លាំងប្រដាប់អាវុធ​គ្រប់លំដាប់​ថ្នាក់ និង​ជន​ស៊ីវិល​ដែល​ជំនាញ ចូលរួម​ក្នុង​សហព័ន្ធ​របស់លោក​។​

​ថ្លែង​ក្នុង​មហាសន្និបាត​សហព័ន្ធ​កាលពី​ចុង​សប្តាហ៍​កន្លងមក លោក មៀ​ច សុផាន់​ណា បានកត់សម្គាល់​ឃើញ​បាតុភាព​អវិជ្ជមាន​មួយចំនួន​ដែល​បង្កឡើង​ដោយ​អ្នកកាន់កាំភ្លើង​។ ជាមួយនឹង​ការអះអាង​ថា សហព័ន្ធ​មាន​គោលបំណង​រួមចំណែក​កាត់បន្ថយ​ការប្រើប្រាស់​អាវុធ​ខុសច្បាប់ លោក សុផាន់​ណា ចង់​ឲ្យ​អ្នក​ពូកែ​បាញ់កាំភ្លើង​ប្រើ​ជំនាញ​ខ្លួន​ដើម្បី​ជួយ​ដល់​វិស័យ​កីឡា​។​



​ការលើកឡើង​របស់​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​រូបនេះ ធ្វើឡើង​បន្ទាប់ពី លោក សង្កេតឃើញ​មាន​ករណី​បាញ់បោះ​កើតមាន​ជា​ញឹកញាប់​នៅតាម​ទីសាធារណៈ ហើយ​ភាគច្រើន​នៃ​អ្នកបាញ់​ទាំងនោះ​ជាម​ន្ត្រី​កងកម្លាំងប្រដាប់អាវុធ​។ ជាក់ស្តែង​កាលពីពេល​ថ្មីៗ​កន្លងទៅ មាន​ករណី​បាញ់បោះ​មួយ​បាន​កើតឡើង​ដែល​បង្កដោយ លោក លឹម ចំណាន នាយរង​ការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្តកណ្តាល​។ ករណីនេះ​ធ្វើ​ឲ្យ​មន្ត្រីប៉ូលិស​រូបនេះ ធ្លាក់​ឋានន្តរស័ក្តិ​ពី​នាយរង​ការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្តកណ្តាល​ទៅជា​មន្ត្រីប៉ូលិស​ធម្មតា​។  

​បើ​យោងតាម លោក មៀ​ច សុផាន់​ណា បច្ចុប្បន្ន​សហព័ន្ធ​កីឡា​បាញ់កាំភ្លើង​កម្ពុ​ជាមាន​កីឡាការិនី​តែ​៦​នាក់​ប៉ុណ្ណោះ​ប្រចាំ​សហព័ន្ធ ដែល​ពួកគេ​ទាំងនេះ​សុទ្ធ​សឺ​ង​ជាម​ន្ត្រី​កងកម្លាំងប្រដាប់អាវុធ​។ ទៅ​ថ្ងៃ​អនាគត​សហព័ន្ធ​នេះ នឹង​ជ្រើសរើស​ក្រុម​កីឡាករ រួមទាំង​បើកទូលាយ​ឲ្យ​ជន​ស៊ីវិល​ដែលមាន​ជំនាញ​ខាង​បាញ់កាំភ្លើង​ចូលរួម ពោលគឺ​ពេល​សហព័ន្ធ​រៀបចំ​ប្រព័ន្ធគ្រប់គ្រង​រួចរាល់​។​

​សហព័ន្ធ​កីឡា​បាញ់កាំភ្លើង​កម្ពុជា​ក៏​គ្រោង​បញ្ជូន​មន្ត្រី និង​កីឡាករ​ឲ្យ​ចូលរួម​សង្កេតការណ៍​នា​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩​នៅ​ម៉ាឡេស៊ី​នា​ខែសីហា ខាងមុខ​ផងដែរ​។ ការបញ្ជូន​នេះ ដើម្បី​ឲ្យ​មន្ត្រី និង​កីឡាករ​ទាំងនោះ​ទទួលបាន​បទពិសោធន៍​សម្រាប់​ត្រៀម​រៀបចំ និង​ចូលរួម​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍​ជាតិ និង​អន្តរជាតិ​នានា​។



​តាមរយៈ​ការបោះឆ្នោត​ដោយ​លើកដៃ​អង្គ​មហាសន្និបាត​វិសាមញ្ញ​បាន​បន្ត​ជ្រើសតាំង លោក មៀ​ច សុផាន់​ណា ឲ្យ​ធ្វើជា​ប្រធាន​សហព័ន្ធ រីឯ​លោក ចាប ភក្តី​, លោក ប៊ុត សុភាព​, លោក Guy Porre’, លោក សា​មឺ​ឌី ស៊ីវ​ឌ្ឍ​នា​, លោក ធា​ម ប៊ុន​សេង​, លោក នុត សវ​នា​, លោក សុខ ខេមរិន និង​លោក ទេព រិទ្ធី​វិ​ទ្ធ ជា​អនុប្រធាន​។

​ចំណែក លោក វ៉ា​ត់ ចំរើន បាន​សុំ​ដកខ្លួន​ពី​អនុប្រធាន​ទៅជា​សមាជិក​កិត្តិយស​។ លោក ស្រី ចាន់ថន ជាទី​ប្រឹក្សា​, លោក ហួ សិទ្ធី​គុណ ជា​អគ្គលេខាធិការ រីឯ​លោក ម៉ៅ សូវ​ង្ស​, អ្នកស្រី ស៊ុំ សុខា​, លោក Pily Wong, លោក វុត្ថា ប៉ុណ្ណា​រិ​ទ្ធ និង​លោក គុជ វណ្ណៈ ជា​អគ្គលេខាធិការរង និង​លោក ខៃ វណ្ណៈ ជា​អគ្គ​ហិ​រញ្ញឹក​៕ 


Tag:
 បាញ់កាំភ្លើង​
  មៀ​ច សុផាន់​ណា​
© រក្សាសិទ្ធិដោយ thmeythmey.com