ជាតិ
វៀតណាម ស្នើឲ្យកម្ពុជា ទប់ស្កាត់ក្រុមអមិត្ត ដែលយកទឹកដីកម្ពុជា ប្រឆាំងវៀតណាម ហ្វេសប៊ុក៖សម្ដេច ហេង សំរិន ជាមួយប្រធានរដ្ឋវៀតណាម ត្រាន់ ដាយក្វាង (ខាងស្ដាំ) នៅវៀតណាម
× ភ្នំពេញ៖ ថ្នាក់ដឹកនាំវៀតណាម បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា ទប់ស្កាត់ក្រុមអមិត្ត ឬជនទី៣ ដែលប្រើប្រាស់ទឹកដីកម្ពុជា យកទៅប្រឆាំងវៀតណាម។ ការលើកឡើងរបស់ថ្នាក់ដឹកនាំវៀតណាមនេះ ធ្វើឡើងនៅក្នុងជំនួបជាមួយសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា។
ក្នុងជំនួបទ្វេរភាគីនេះ ភាគីវៀតណាម បានលើកយកបញ្ហាព្រំដែនមកពិភាក្សាជាមួយកម្ពុជា។ វៀតណាម បានលើកឡើងថា បញ្ហាព្រំដែនដែលមិនទាន់ឯកភាពគ្នា ភាគីទាំងពីរត្រូវចរចា ដើម្បីបោះបង្គោលព្រំដែនបញ្ចប់ ក្នុងពេលឆាប់ៗខាងមុខ។
ជាមួយគ្នានេះ វៀតណាម បានស្នើឲ្យកម្ពុជា ចាត់វិធានការការពារសន្តិសុខតាមព្រំដែនឲ្យបានហ្មត់ចត់ បង្ក្រាបអំពើរត់ពន្ធ ឧក្រិដ្ឋកម្មឆ្លងដែន និងការពារកុំឲ្យមានក្រុមអមិត្ត ឬអ្នកទី៣ ប្រើប្រាស់ទឹកដីកម្ពុជា ទៅប្រឆាំងវៀតណាម។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គរដ្ឋលេខារដ្ឋសភាកម្ពុជា។
កន្លងមករដ្ឋាភិបាលកម្ពុជា ធ្លាប់បានប្រកាសពីទំនាក់ទំនងរវាងកម្ពុជា-វៀតណាម ដែលមិនអាចកាត់ផ្ដាច់បាន។ ហើយរដ្ឋាភិបាល ក៏ធ្លាប់ព្រមានចាត់វិធានលើក្រុមណា ដែលចង់បង្កភាពអមិត្តជាមួយវៀតណាមផងដែរ។
គួរបញ្ជាក់ថា កម្ពុជា-វៀតណាម បានព្រមព្រៀងគ្នាបោះបង្គោលព្រំដែន កាលពីឆ្នាំ២០០៦មក ក្នុងបណ្តោយព្រំដែនរវាងប្រទេសទាំងពីរប្រវែង១២៧០គីឡូម៉ែត្រ ដោយកំណត់បោះបង្គោលព្រំដែនចំនួន៣៧៥បង្គោល។ កម្ពុជា-វៀតណាម បានបោះបង្គោលព្រំដែនបានចំនួន៨៣ភាគរយ ពោលគឺបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ នៅសល់១៧ភាគរយទៀតប៉ុណ្ណោះ។ បើតាមគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា បញ្ហាដែលនៅសេសសល់ មិនទាន់អាចដោះស្រាយបាននេះ ដោយសារតែការបោះបង្គោលព្រំដែន ត្រូវការដោះស្រាយដោយបច្ចេកទេស និងសុទ្ធតែរកផលចំណេញរៀងៗខ្លួន៕
Tag:
ហេង សំរិន
កម្ពុជា
វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com