អន្តរជាតិ
ប្រធានាធិបតី​ប្រេ​ស៊ី​ល​ជាប់ចោទ​ករណី​ពុករលួយ ក្រោយ​ចូលកាន់​តំណែង​ជិត​មួយឆ្នាំ
27, Jun 2017 , 11:32 am        
រូបភាព
ប្រធានាធិបតីប្រេស៊ីល Michel Temer (រូបភាព Xinhua)
ប្រធានាធិបតីប្រេស៊ីល Michel Temer (រូបភាព Xinhua)
​រដ្ឋអាជ្ញា​កំពូល​ប្រេ​ស៊ី​ល នៅ​ថ្ងៃទី​២៦ ខែមិថុនា បាន​ចោទប្រកាន់​ផ្លូវការ​លើ​ប្រធានាធិបតី​ប្រេ​ស៊ី​ល លោក Michel Temer ជុំវិញ​ការទទួល​សំណូក​រាប់លាន​ដុល្លារ​ពី​ក្រុមហ៊ុន​ឯកជន​មួយ​។ សំណុំរឿង​ពុករលួយ​នេះ បាន​ទៅ​ដល់ដៃ​តុលាការ​កំពូល​ហើយ ហើយ​សមាជិកសភា​នឹង​បោះឆ្នោត​សម្រេច​ឲ្យ​មានការ​បើកសវនាការ​កាត់ក្ដី​លោក Temer ឬ​អត់​។ នៅពេលនេះ ប្រជាប្រិយភាព​លោក Temer ធ្លាក់ចុះ​យ៉ាងខ្លាំង ខណៈ​ស្ថិរភាព​នយោបាយ​កំពុង​ឈានទៅរក​ភាពមិនច្បាស់លាស់​នោះ​។​



​លោក Rodrigo Janot រដ្ឋអាជ្ញា​កំពូល​ប្រេ​ស៊ី​ល បាន​បញ្ជូន​សំណុំរឿង​ពុករលួយ​របស់​ប្រធានាធិបតី Michel Temer ទៅកាន់​តុលាការ​កំពូល​ហើយដោយ​បាន​ចោទ​លោក Temer លើ​ករណី​ពុករលួយ​ទទួល​សំណូក​។ រដ្ឋអាជ្ញា​សហព័ន្ធ​រូបនេះ​និយាយថា លោក​ប្រធានាធិបតី Temer បាន​បោកប្រាស់​ប្រជាជន​ប្រេ​ស៊ី​ល និង​ជំពាក់​លុយ​ប្រជាជន​រាប់លាន​ដុល្លារ ដែលជា​សំណង​សម្រាប់​ការទទួល​លុយ​សំណូក​ពី​ក្រុមហ៊ុន​មួយ​។ 

​លោក Temer ទើប​កាន់តំណែង​ប្រធានាធិបតី​នេះ​បាន​ជិត​មួយឆ្នាំ​ប៉ុណ្ណោះ បន្ទាប់ពី​អតីត​ប្រធានាធិបតី Dilma Rousseff ត្រូវបាន​ទម្លាក់​ពី​តំណែង​រួចមក​។ ប៉ុន្តែ​លោក Temer ផ្ទាល់ មិនសូវមាន​ប្រជាប្រិយភាព​ក្នុងចំណោម​ប្រជាជន​ប្រេ​ស៊ី​ល​ឡើយ​។ ជាមួយ​ការចោទប្រកាន់​ខាងលើ ច្បាប់​ប្រេ​ស៊ី​ល​កំណត់​ឲ្យ​រដ្ឋសភា​បោះឆ្នោត​សម្រេច​បើកផ្លូវ​ឲ្យ​តុលាការ​កំពូល​កាត់ក្ដី​លោក Temer ឬក៏​ផ្អាក​ត្រឹមនេះ​។​

​សមាជិកសភា​ដែលជា​សម្ព័ន្ធមិត្ត​របស់​លោក​ប្រធានាធិបតី​មាន​ជំនឿ​ចិត្ត​ក្នុងការ​ប្រមូលបាន​សំឡេង​គ្រប់គ្រាន់​ជួយ​លោក Temer ឲ្យ​ផុតពី​ការកាត់ទោស ព្រោះ​គេ​ត្រូវការ​សំឡេង​ពីរភាគបី​នៃ​ចំនួន​សមាជិកសភា​ទាំងអស់​ដើម្បី​កាត់ទោស​លោក Temer ។ ប៉ុន្តែ​សមាជិកសភា​ទាំងនោះ ទំនងជា​មិនអាច​ការពារ​លោក Temer បានយូរ​ដែរ ដ្បិត​ប្រជាជន​ប្រេ​ស៊ី​ល​មិនសូវ​ពេញចិត្ត​ការដឹកនាំ​របស់​លោក​ឡើយ បូករួម​ទាំង​បញ្ហា​ពុករលួយ​បែបនេះ​ទៀត​។

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក Temer ត្រូវបាន​ចោទថា​ជាប់ទាក់ទង​អំពើពុករលួយ​ជាមួយ​ក្រុមហ៊ុន​វេច​ខ្ចប់​សាច់​ធំជាងគេ​របស់​ពិភពលោក JBS SA ។ មន្ត្រី​ក្រុមហ៊ុន​និយាយថា លោក Temer បានទទួល​សំណូក​ពី​ក្រុមហ៊ុន​ដើម្បី​ដោះស្រាយ​បញ្ហា​ពន្ធ បន្ធូរបន្ថយ​លក្ខខណ្ឌ​ខ្ចីប្រាក់​ពី​ធនាគារ​រដ្ឋ និង​បញ្ហា​មួយចំនួនទៀត​។ មិន​ត្រឹមតែ​យកលុយ​ផ្ទាល់ខ្លួន​ឡើយ លោក Temer ក៏​រង​ការចោទប្រកាន់ថា​បាន​យកលុយ​ទៅ​ឲ្យ​បក្ស​របស់លោក​ទៀតផង​។​

​តាមពិតទៅ មិន​ត្រឹមតែ​លោក Temer ឡើយ សូម្បីតែ​សមាជិក​គណៈរដ្ឋមន្ត្រី​ច្រើន​ទៀត ក៏​កំពុង​រង​ការចោទប្រកាន់​ដែរ ហើយ​ខ្លះទៀត​ត្រូវបាន​កាត់ទោស​រួចហើយ​។ រឿងអាស្រូវ​ពុករលួយ​នេះ បាន​បង្អាក់​ឱកាស​កែទម្រង់សេដ្ឋកិច្ច​របស់​លោក Temer ទៀតផង​។ ករណី​បង្ហាញ​ច្បាស់​ពី​អំពើពុករលួយ​ជីក​ឬ​ស​ជ្រៅ​ក្នុង​បរិបទ​នយោបាយ​ប្រេ​ស៊ី​ល ដែល​អ្នកនយោបាយ​ទទួល​ប្រាក់​ពី​អ្នកជំនួញ​ដើម្បី​ផ្ដល់​ការងាយស្រួល​សម្រាប់​កា​ររ​ក​ស៊ី​របស់​ពួកគេ​វិញ​។​

​រដ្ឋ​អាម​រិ​ក​ខាងត្បូង​ប្រេ​ស៊ី​ល​រងគ្រោះ​ខ្លាំង ហើយ​នយោបាយ​ប្រទេស​នេះ​កាន់តែ​ច្របូកច្របល់​ដោយសារ​បញ្ហា​ពុករលួយ​របស់​អ្នកនយោបាយ​កំពូលៗ​។ ដូច​ឃើញស្រាប់​អតីត​ប្រធានាធិបតី​ប្រេ​ស៊ី​ល​លោកស្រី Dilma Rousseff ត្រូវ​បាត់បង់​តំណែង​ដោយសារតែ​បញ្ហា​ពុករលួយ​ដែរ​។ គេ​មិនដឹងថា ប្រធានាធិបតី​បច្ចុប្បន្ន​នឹង​ត្រូវគេ​ដកហូត​តំណែង​ទៀត​ឬ​អត់ ប៉ុន្តែ​ការបោះឆ្នោត​ប្រធានាធិបតី​ជា​ផ្លូវការ​នឹងត្រូវ​រៀបចំ​នៅ​ខែតុលា​ឆ្នាំ ២០១៨ ខាងមុខ​៕


Tag:
 ប្រេ​ស៊ី​ល​
  Michel Temer
© រក្សាសិទ្ធិដោយ thmeythmey.com