ជាតិ
​​​ន​យោ​បាយ​ជាតិ​
ភរិយា​របស់លោក ហុង សុខ​ហួរ នឹង​ក្លាយជា​សមាជិក​ព្រឹទ្ធសភា​
27, Jun 2017 , 12:08 pm        
រូបភាព
លោកស្រី គុណ លំអង ប្រធានចលនាស្រ្តីនៃគណបក្សសង្គ្រោះជាតិ និងជាភរិយារបស់លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា។ រូបភាពពីគណនីហ្វេសបុក Lum Ang Cnrp
លោកស្រី គុណ លំអង ប្រធានចលនាស្រ្តីនៃគណបក្សសង្គ្រោះជាតិ និងជាភរិយារបស់លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា។ រូបភាពពីគណនីហ្វេសបុក Lum Ang Cnrp
ភ្នំពេញ​៖ លោកស្រី គុណ លំអង ប្រធានចលនាស្រ្តីនៃគណបក្សសង្គ្រោះជាតិ នឹង​ក្លាយជា​សមាជិក​ព្រឹទ្ធសភា ជំនួស​ស្វាមី​របស់លោក​ស្រី គឺ​លោក ហុង សុខ​ហួរ ដែល​កំពុង​ជាប់ពន្ធនាគារ ដោយសារតែ​ការ​បង្ហោះ​ឯកសារ ពាក់ព័ន្ធ​នឹង​ព្រំដែន​កម្ពុជា​-​វៀតណាម លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។



​លោក ម៉ម ប៊ុននាង អ្នកនាំពាក្យ​ព្រឹទ្ធសភា ប្រាប់​សារព័ត៌មាន​ថ្មីៗ ថា លោកស្រី គុណ លំអង ត្រូវ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា អនុម័ត​ទទួលស្គាល់​ជា​បេក្ខជន ដែល​ឈរឈ្មោះ​ជា​សមាជិក​ព្រឹទ្ធសភា ជំនួស​លោក ហុង សុខ​ហួរ រួចហើយ​។ លោក បញ្ជាក់ថា ព្រឹទ្ធសភា នឹង​បើក​កិច្ចប្រជុំពេញអង្គ នៅ​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២0១៧ ដើម្បី​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត ដល់​លោកស្រី គុណ លំអង ព្រមទាំង​អនុម័ត​លើរ​បៀ​ប​វារៈ​មួយចំនួន​ផ្សេងទៀត​។

បើតាម​លោក ម៉ម ប៊ុននាង ការជ្រើសរើស​លោកស្រី គុណ លំអង ជា​បេក្ខជន​សមាជិក​ព្រឹទ្ធសភា គឺធ្វើឡើង​តាម​សំណើរ​របស់​គណបក្ស សម រង្ស៊ី​។ លោក ម៉ម ប៊ុននាង បន្ថែមថា លោក ហុង សុខ​ហួរ គឺជា​សមាជិក​ព្រឹទ្ធសភា ដែល​មកពី​គណបក្ស​សម រង្ស៊ី ដូច្នេះ​ការដាក់​សមាជិក​ព្រឹទ្ធសភា​ថ្មី ជំនួស​លោក ហុង សុខ​ហួរ គឺជា​សិទ្ធិ​របស់​គណបក្ស​សម រង្ស៊ី​។

ជុំវិញបញ្ហាខាងលើ សារព័ត៌មានថ្មីៗ មិនអាចសុំអត្ថាធិប្បាយបន្ថែមពីលោក ទាវ វណ្ណុល ប្រធានគណបក្ស សម រង្ស៊ី បានទេ ដោយសារតែហៅទូរសព្ទចូលដែរ តែលោក មិនបានលើក។

​សូម​រម្លឹកថា លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​ពី​គណបក្ស សម រង្ស៊ី  ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​៧​ឆ្នាំ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៦​។ លោក ហុង សុខ​ហួរ ត្រូវបាន​ឃាត់ខ្លួន តាំងពី​ខែសីហា ឆ្នាំ​២០១៥ មកម្ល៉េះ បន្ទាប់ពី​លោក បង្ហោះ​ឯកសារ ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ ដោ​សារ​តែ​ការ​បង្ហោះ​ឯកសារ​នោះឯង តុលាការ ក៏បាន​ចោទ​លោក ហុង សុខ​ហួរ ពីបទ​«​ក្លែង​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​»៕


Tag:
 គុណ លំអង
  ហុង សុខហួរ
© រក្សាសិទ្ធិដោយ thmeythmey.com