កីឡាអន្តរជាតិ
អន្តរជាតិ
សមាជិកសភា​ចិន​ស្នើ​អត្ត​ព​លិ​ក​កុំ​ដាក់​ដៃ​លើ​ទ្រូង​ឆ្វេង​ដូច​អាមេរិក​ពេល​គោរព​ភ្លេងជាតិ​
27, Jun 2017 , 3:01 pm        
រូបភាព
​សមាជិកសភា​ចិន​បានស្នើ​ឲ្យ​ហាម​ក្រុម​កីឡាករ​បាល់ទាត់​ជម្រើស​ជាតិចិន​យកដៃ​ដាក់​លើ​ទ្រូង​ខាងឆ្វេង​នៅពេល​គោរ​ភ្លេងជាតិ ដោយ​លើក​ហេតុផល​ថា​ការដាក់​ដៃ​នេះ​ស្មើនឹង​ការគោរព​ទៅដល់​សហរដ្ឋអាមេរិក​។​



​បើតាម​សារព័ត៌មាន​ចិន CGTN ចុះផ្សាយ​នៅ​ថ្ងៃទី​២៦ មិថុនា​នេះ លោក Chen Guoling ដែលជា​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ចិន បាន​អំពាវនាវ​ឲ្យ​មាន​ការដាក់​បម្រាម​លើ​ការដាក់​ដៃ​លើ​ដើមទ្រូង​ខាងឆ្វេង ឬ​លើ​បេះដូង​នៅពេល​គោរព​ភ្លេងជាតិ​នៅក្នុង​ប្រទេស​ចិន​។ ការស្នើ​នេះ​ដោយសារ​លោក​យល់ឃើញថា ជា​ទង្វើ​ដែល​មិនអាច​ទទួលយកបាន​ព្រោះនេះ​ជាស​ញ្ញា​ដែល​កើតចេញពី​សហរដ្ឋអាមេរិក​តាំងពី​ឆ្នាំ​១៩៤២ និង​ជាការ​គោរព​របស់​ប្រជាជន​អាមេរិក​ទៅវិញ​។​



«​មនុស្ស​វ័យ​កណ្តាល​ជាច្រើន​តែងតែ​ដាក់​ដៃស្តាំ​នៅលើ​បេះដូង​របស់​ពួកគេ​នៅពេល​គោរព​ភ្លេងជាតិ ហើយ​ជាពិសេស​នោះ​គឺ​អ្នកលេង​កីឡា​តែម្តង​។ យើង​មិនអាច​ទទួលយក​បានទេ​ព្រោះនេះ​ជា​របៀប​គោរព​របស់​ប្រជាជន​អាមេរិក​ដែល​បង្កើតឡើង​កាលពី​ឆ្នាំ​១៩៤២​។ ជនជាតិ​អាមេរិក​រួមទាំង​ក្រុម​កីឡាករ​របស់​ពួកគេ​ធ្វើបែបនេះ [​យកដៃ​ដាក់​លើ​ទ្រូង​ខាងឆ្វេង​] គឺ​ដើម្បី​គោរព​ដល់​សហរដ្ឋអាមេរិក​»​។ នេះ​ជាការ​លើកឡើង​របស់លោក Chen Guoling​។​

​លើសពីនេះទៅទៀត លោក Chen ក៏បាន​ស្នើ​ដល់​សភា​ចិន​ដើម្បី​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការគោរព​ភ្លេងជាតិ​របស់​ចិន​នេះ​ថែម​ទៀតផង​៕



Tag:
 បាល់ទាត់​
  សភា​ចិន​
  ភ្លេង​គោរព​ទង់ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com