ជាតិ
​​​ន​យោ​បាយ​ជាតិ​
ទោះ​មើលឃើញ​បញ្ហា​ខ្លះ តែ ស​.​ស​.​យ​.​ក ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ឃុំ​សង្កាត់​
27, Jun 2017 , 10:13 pm        
រូបភាព
ដោយ: ថ្មីៗ
​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) ក៏បាន​ធ្វើ​សេចក្តីថ្លែងការណ៍​សាទរ​គាំទ្រ​ការប្រកាស​លទ្ធផល​បោះឆ្នោត​ឃុំ​សង្កាត់​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ដែរ​។​

 
​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ចុះ​ថ្ងៃទី​២៧​ខែមិថុនា​នេះ ស​.​ស​.​យ​.​ក ក៏​សង្ក​ត​ឃើញ​ភាពមិនប្រក្រតី​មួយចំនួន​ដែរ ដែល​កើតឡើង​នៅក្នុង​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​ឃុំ​សង្កាត់​កន្លងទៅនេះ​។ ប៉ុន្តែ​សម្រាប់ ស​.​ស​.​យ​.​ក «​បញ្ហា​មិន​ប្រក្រតី​ទាំងនោះ មិនបាន​ជះឥទ្ធិពល​លើ​ដំណើរការ​បោះឆ្នោត​ជារួម​នោះទេ​»​។ ផ្ទុយទៅវិញ ស​.​ស​.​យ​.​ក  ដែលបានដាក់អ្នកសង្កេតការណ៍​ជាង​៣ម៉ឺននាក់បាន​កត់សម្គាល់ថា រាល់​បញ្ហា​ត្រូវបាន​ដោះស្រាយ​ដោយ​យក​ទុកដាក់ តាមច្បាប់ និង​នីតិវិធី​។​
 
​សេចក្តីថ្លែងការណ៍​រប​ស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖«​ស​.​ស​.​យ​.​ក សូម​ប្រកាស​គាំទ្រ​ថា លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​ពិតជា​បានកើត​ចេញពី​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​»​។​
 
​គួរ​រម្លឹក​ផងដែរ​ថា ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី​៤​នេះ ត្រូវបាន​រៀបចំឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថ្មី​ដែល​កើតចេញពី​ការចរចា​នយោបាយ​នៃ​គណបក្ស​នៅក្នុង​រដ្ឋសភា​សព្វថ្ងៃ និង​ដោយមាន​ការគាំទ្រ​ពី​សហភាព​អឺរ៉ុប និង​ប្រទេស​ជប៉ុន​។

ស្ថាប័ន​សង្កេតការណ៍របោះឆ្នោត​ជាតិ​ និង​អន្តរជាតិ​ជាច្រើនបានវាយតម្លៃជាវិជ្ជាមាន​ និងថា​ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី​៤នេះ មានតម្លាភាព​ជាងលើកមុនៗ បើទោះជានៅមានបញ្ហា​មួយចំនួន​ក៏ដោយ៕

 

Tag:
 ​បោះឆ្នោត​ឃុំ​សង្កាត់​
© រក្សាសិទ្ធិដោយ thmeythmey.com