ជាតិ
​​​ន​យោ​បាយ​ជាតិ​
គ​.​ជ​.​ប​៖ គ្មាន​ការបោះឆ្នោត​ណាមួយ ដែល​រៀបចំ​ល្អឥតខ្ចោះ ១០០​ភាគរយ​នោះទេ​
28, Jun 2017 , 9:42 am        
រូបភាព
លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត
លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត
​ភ្នំពេញ​៖ បន្ទាប់ពី​ការបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​៤ បាន​បញ្ចប់ទៅ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ចាត់ទុកថា ការបោះឆ្នោត​នេះ ប្រព្រឹត្ត​ទៅដោយ​រលូន សុខសន្តិភាព និង​មាន​ភាពល្អប្រសើរ​ជាង​មុន​។ ទន្ទឹមនឹងនេះ គជប យល់ឃើញថា គ្មាន​ការបោះឆ្នោត​ណាមួយ ដែល​រៀបចំ​ល្អឥតខ្ចោះ ១០០​ភាគរយ​នោះទេ ទោះបី​ក្នុងប្រទេស​អភិវឌ្ឍ ឬ​អារ្យ​ប្រទេស​ក៏ដោយ​។



​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​វាយតម្លៃថា ការបោះឆ្នោត​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន សុខសន្តិភាព និង​មាន​ភាពល្អប្រសើរ​ជាង​ការបោះឆ្នោត​មុនៗ​។ ទោះបីជា គ​.​ជ​.​ប ចាត់ទុក​ការបោះឆ្នោត​នេះ មាន​ភាពរលូន​យ៉ាងណាក៏ដោយ ប៉ុន្តែ​នៅក្រោយ​ថ្ងៃ​ដែល គ​.​ជ​.​ប ប្រកាស​លទ្ធផល​ជា​ផ្លូវការ មានមតិ​មួយចំនួន​វាយតម្លៃ​អវិជ្ជមាន​ពី​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​។

​បើតាម​សេចក្ដីថ្លែងការណ៍ គ​.​ជ​.​ប មានការ​សោកស្ដាយ ចំពោះ​ការវាយតម្លៃ ដែល​គ្មាន​ព្រឹត្តិការណ៍​ជាក់ស្ដែង​មក​ឆ្លុះបញ្ចាំង​ការពិត​លើ​ទិដ្ឋភាព​បច្ចេកទេស​។ ការវាយតម្លៃ​គ្មាន​ព្រឹត្តិការណ៍​ជាក់ស្ដែង​នេះ អាចធ្វើ​ឲ្យ​សាធារណជន​មានការ​យល់ច្រឡំ​លើ​ដំណើរការ និង​លទ្ធផល​នៃ​ការបោះឆ្នោត​។​

​ជាមួយគ្នានេះ គ​.​ជ​.​ប បញ្ជាក់ថា​៖ «​គ្មាន​ការបោះឆ្នោត​ណាមួយ ដែល​រៀបចំ​ល្អឥតខ្ចោះ ១០០​ភាគរយ​នោះទេ ទោះបី​ក្នុងប្រទេស​អភិវឌ្ឍ ឬ​អារ្យ​ប្រទេស​ក៏ដោយ​»​។ ម្យ៉ាងទៀត គ​.​ជ​.​ប ចាត់ទុក​ចំណុច​ខ្វះខាត ដែល​នៅសល់​តាមរយៈ​បទពិសោធន៍​នៃ​ការបោះឆ្នោត​នេះ ដើម្បី​ដោះស្រាយ  និង​កែលម្អ ឲ្យ​បាន​ប្រសើរ​ថែមទៀត សម្រាប់​ការបោះឆ្នោត​លើក​ក្រោយ​។​

​ទន្ទឹមនឹងនេះ ការដាក់ ការទទួល និង​ការដោះស្រាយ​ពាក្យបណ្ដឹង រួមទាំង​ការដោះស្រាយ​បណ្ដឹង ទាក់ទង​នឹង​ការរាប់​សន្លឹកឆ្នោត​ឡើងវិញ​របស់​គណបក្សនយោបាយ​មួយចំនួន គ​.​ជ​.​ប អះអាងថា បាន​អនុវត្ត​ត្រឹមត្រូវ តាមច្បាប់ និង​នីតិវិធី​បោះឆ្នោត​។ គ​.​ជ​.​ប បន្ថែមថា នៅ​ថ្ងៃ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត​ពុំមាន​ពាក្យបណ្ដឹង​ពាក់ព័ន្ធ នឹង​ភាពមិនប្រក្រតី​ធ្ងន់ធ្ងរ​នៅ​ការិយាល័យ​បោះឆ្នោត​នោះទេ​៕


Tag:
 គ​.​ជ​.​ប​
  បោះឆ្នោត​ឃុំ​-​សង្កាត់
© រក្សាសិទ្ធិដោយ thmeythmey.com