ជាតិ
នយោបាយជាតិ
តើអ្វីទៅជាបន្ទប់ស្ថានការណ៍?
× ភ្នំពេញ៖ បន្ទប់ស្ថានការណ៍ដែលជាបណ្តុំអង្គការសង្គមស៊ីវិលជាង៤០ បានចេញមុខពន្យល់សាធារណជនអំពីគោលបំណង និងសកម្មភាពរបស់ខ្លួន បន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្គាប់ឲ្យក្រសួងមហាផ្ទៃ ពិនិត្យផ្លូវច្បាប់លើសកម្មភាពរបស់ពួកគេ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់បន្ទប់ស្ថានការណ៍ បានឲ្យដឹងថា បន្ទប់ស្ថានការណ៍ គឺជាវេទិកាអព្យាក្រឹត្យឥតលំអៀង ដែលរៀបចំ និងចាត់ចែងដោយ គណៈកម្មាធិការដើម្បីបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ ខុមហ្វ្រែល និងគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា និចហ្វិច ដែលមានការចូលរួមដោយស្ម័គ្រចិត្តពីអង្គការសមាគមចំនួន៤០ទៀត។
បន្ទប់ស្ថានការណ៍បានបញ្ជាក់ថា គោលបំណងសហការរួមគ្នានេះ ដើម្បីប្រមូលធនធាន បង្កើនសមត្ថភាព និងរួមចំណែកសហការជាមួយមូលនិធិឬគាំទ្រ ដល់ដំណើរផែនការដាក់ពង្រាយអ្នកសង្កេតការណ៍ក្នុងស្រុក ក្នុងថ្ងៃបោះឆ្នោត ដើម្បីចែករំលែក និងធ្វើបច្ចុប្បន្នភាពព័ត៌មានទាក់ទងការបោះឆ្នោត ដោយមានការវាយតម្លៃនិងផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោតប៉ុណ្ណោះ។
បន្ថែមពីនេះអង្គការខុមហ្វ្រែល និងនិចហ្វិច បានដាក់ពង្រាយអ្នកសង្កេតការណ៍ នៅក្នុងថ្ងៃបោះឆ្នោត ដោយមានការទទួលស្គាល់ពីគណៈកម្មាធិការជាតិរៀបចំបោះឆ្នោត(គ.ជ.ប)។ នេះបើតាមសេចក្តីប្រកាសដដែល។
ការចេញលិខិតបកស្រាយរបស់
បន្ទប់ស្ថានការណ៍បោះឆ្នោតនេះ ធ្វើឡើងក្រោយពីសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យក្រសួងមហាផ្ទៃត្រួតពិនិត្យតាមផ្លូវច្បាប់ទៅលើស្ថាប័នមួយនេះ ដែលបានវាយតម្លៃលើការបោះឆ្នោតកន្លងមក។ ប្រមុខរដ្ឋាភិបាល ចាត់ទុកការវាយតម្លៃរបស់ក្រុមអង្គការសង្គមស៊ីវិលទាំងនេះ ជាការបង្កឲ្យមានភាពអាប់អួរក្នុងដំណើរការបោះឆ្នោត៕
Tag:
បន្ទប់ស្ថានការណ៍
សង្គមស៊ីវិល
© រក្សាសិទ្ធិដោយ thmeythmey.com