ជាតិ
សម្ដេច ស ខេង ប្រាប់​អភិបាល​រាជធានី​ភ្នំពេញ ចាត់វិធានការ​ឲ្យ​បាន​តឹងរ៉ឹង​លើ​សំណង់​អគារ​
29, Jun 2017 , 8:39 pm         4381
រូបភាព
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្ដេច ស ខេង ប្រាប់​ឲ្យ​អភិបាល​រាជធានី​ភ្នំពេញ ចាត់វិធានការ​ឲ្យ​បាន​តឹងរ៉ឹង​ចំពោះ​ការសាងសង់​សំណង់​អគារ​នៅក្នុង​ទីក្រុង​។ ការណែនាំ​របស់​សម្ដេច ស ខេង នេះ ធ្វើឡើង​នៅក្នុង​ពិធី​ចូលកាន់​អភិបាល​រាជធានី​ភ្នំពេញ​របស់លោក ឃួ​ង ស្រេង កាលពី​ថ្ងៃទី​២៨ មិថុនា​។​


​ក្នុង​ពិធី​សំណេះសំណាល​នេះ សម្ដេច ស ខេង បានលើកឡើង​យក​បញ្ហា​សន្តិសុខ ,​គ្រឿងញៀន​, និង​ការបម្រើ​ផល​ប្រ​យោ​ជ​ន៏​ជូន​ប្រជាពលរដ្ឋ ណែនាំ​ទៅ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​មន្ត្រី អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ដែល​ត្រូវ​រួមគ្នា​ដោះស្រាយ​បញ្ហា​ទាំងនេះ​ឲ្យ​បាន​ត្រឹមត្រូវ​។

​បន្ថែម​ពីលើ​នេះ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក៏បាន​ប្រាប់​ឲ្យ​អភិបាល​រាជធានី​ភ្នំពេញ គ្រប់គ្រង​និង​ចាត់វិធានការ​ឲ្យ​បាន​តឹងរឹង​លើ​សំណង់​អគារ ដែល​កំពុង​រីកដុះដាល​ក្នុង​ទីក្រុង​ផងដែរ​។ ជាពិសេស​បញ្ហា​សំណង់​អគារ​ខុសច្បាប់​។ សម្ដេច ស ខេង បានបញ្ជាក់​ដូច្នេះ​ថា​៖«​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​សមត្ថកិច្ច​ជំនាញ​នានា ត្រូវ​គ្រប់គ្រង​សំណង់​នានា​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ប្លង់​ដែល​បានអនុញ្ញាត និង​បទដ្ឋាន​បច្ចេកទេស សំដៅ​ធានា​គុណភាព និង​សុវត្ថិភាព​លើ​សំណង់​គ្រប់​ប្រភេទ​។ ចំណុច​នេះ​យើង​មិនត្រូវ​មើលស្រាល​ទេ ព្រោះ​បើជា​យើង​មិនបាន​ត្រួតពិនិត្យបាន​ដិតដល់ គឺអាច​នឹង​កង្វះ​បច្ចេកទេស ហើយ​អាច​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សុវត្ថិភាព​ប្រជាពលរដ្ឋ​។ អាជ្ញាធរ​ត្រូវ​បង្កា​ទប់ស្កាត់​លើ​សំណង់​ដែល​គ្មាន​ច្បាប់​អនុញ្ញាត និង​មាន​វិធាន​ឲ្យ​បាន​សមស្រប​ចំពោះ​សំណង់​ដែល​សង់​រួច​គ្មាន​ច្បាប់​អនុញ្ញាត​»​។​

​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ព្រមាន​ចាត់វិធានការ​លើ ការដ្ឋាន​សាងសង់​របស់​ក្រុមហ៊ុន​ចិន​មួយកន្លែង ដែល​បាន​រំលោភ​យក​ចំណីផ្លូវ មក​ដាក់​សម្ភារ​សំណង់ និង​រថយន្ត​ដឹក​ខ្សាច់ ក្រឡុក​ស៊ីម៉ង់ត៍ ចត​នៅខាងមុខ​ការដ្ឋាន​នេះ ដែល​បណ្ដា​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​ជាដើម​។ ជាពិសេស​ការដ្ឋាន​នេះ ក៏បាន​បង្ហូរទឹក​កខ្វក់​មកលើ​ផ្លូវ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ផ្លូវ​ខូច​ទៀតផង ។ អភិបាលរង​រាជធានី​ភ្នំពេញ លោក អៀង អូន​នី និយាយថា បើ​ក្រុមហ៊ុន​ចិន (CHINA CONTRUCTION FOURTH ENGINEERING DIVISION CORP.LTD ) នៅតែ​រំលោភ​លើ​ចិញ្ចើមផ្លូវ​សាធារណៈ​ទៀត​នោះ អាជ្ញាធរ​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​៕

Tag:
 ស ខេង​
 ​ អភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev1234next