ភ្នំពេញ៖ មន្ត្រីអាដហុក និង គ.ជ.ប ទាំង៥រូប ត្រូវបានតុលាការសម្រេចដោះលែងវិញ នៅយប់ថ្ងៃទី២៩ មិថុនា ។ គណបក្សនយោបាយ និងសង្គមស៊ីវិល សាទរចំពោះការសម្រេចរបស់តុលាការ ដោយចាត់ទុកថា ការដោះលែងពួកគេនេះ គឺជាសញ្ញាល្អមួយនៃការគោរពសិទ្ធមនុស្ស សម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០១៨ ខាងមុខ។
មន្ត្រីជាន់ខ្ពស់សមាគមអាដហុក លោក ស៊ឹង សែនករុណា ត្រេកអរយ៉ាងខ្លាំងដែលសមាជិកអាដហុកទាំង៤រូប រួមទាំងមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងជាអតីតមន្ត្រីអាដហុកលោក នី ចរិយា ត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពវិញ។ លោក ស៊ឹង សែនករុណា ចាត់ទុកការដោះលែងសមាជិកខ្លួនទាំងនេះ គឺជាពន្លឺយុត្តិធម៌សម្រាប់ស្ថាប័នអាដហុក ហើយក៏ជាការលើកទឹកចិត្តឲ្យសមាជិកអង្គការលោក កាន់តែខិតខំបំពេញការងារជួយដោះស្រាយបញ្ហារំលោភសិទ្ធមនុស្ស និងភាពអយុត្តិធម៌ក្នុងសង្គមកាន់តែខ្លាំងក្លាថែមទៀត។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ មន្ត្រីជាន់ខ្ពស់សមាគមអាដហុក បានបញ្ជាក់ដូច្នេះថា៖«ខ្ញុំអបអរសាទរចំពោះការសម្រេចដោះលែងពួកគាត់។ ខ្ញុំយល់ថាវាជាសញ្ញាល្អមួយ ដែលជាពន្លឺយុត្តិធម៌ដល់អាដហុកបើទោះជាពួកគាត់ត្រូវបានតុលាការដោះលែងឲ្យក្រៅឃុំបណ្ដោះអាសន្ន ស្ថិតនៅក្រោមការស៊ើបអង្កេតរបស់តុលាការក៏ដោយ។ ហើយខ្ញុំសង្ឃឹមថាតុលាការនឹងផ្តល់ភាពយុត្តិធម៌បន្ថែមទៀតដល់អាដហុក ដោយទម្លាក់ចោលការចោទប្រកាន់អ្នកទាំង៥នាក់នេះទាំងស្រុង»។
មិនខុសពីលោក សែនករុណា ឡើយ។ មន្ត្រីជាន់ខ្ពស់អង្គការលីកាដូរ លោក អំ សំអាត យល់ថា ការដោះលែងមន្ត្រីអាហុក និង គ.ជ.ប នេះ គឺជាសញ្ញាល្អមួយ ដែលអាចបន្ធូរបន្ធយភាពតានតឹងក្នុងសង្គម មុនការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០១៨ ខាងមុខនេះ។ «យើងអបអរសាទរ ព្រោះវាជាការទទ្ទឹងរង់ចាំជាង១ឆ្នាំងហើយ។ តែយើងក៏មានការសោកស្ដាយដែរ ព្រោះការឃុំខ្លួនពួកគាត់រយៈពេលជាង១ឆ្នាំនេះ វាធ្វើឲ្យពួកគាត់មិនបានបំពេញការងារបម្រើផលប្រយោជន៍ជូនពលរដ្ឋ។ ប៉ុន្តែវាក៏ជាសញ្ញាល្អមួយ ដែលឈានទៅរកការបោះឆ្នោតខាងមុខនេះ»។
សម្រាប់លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ ក៏បង្ហាញអារម្មណ៍សាទរមិនចាញ់មន្ត្រីជាន់ខ្ពស់សមាគមអាដហុក និងមន្ត្រីជាន់ខ្ពស់អង្គការលីកាដូរដែរ។ «ខ្ញុំសប្បាយចិត្ត និងធូទ្រូងមែនទែន ដែលមន្ត្រីអាហុក និងគជប ត្រូវបានដោះលែង។ ព្រោះកន្លងមក រាល់ពេលដែលកម្មករមានបញ្ហា ក្រុមសហជីព និងកម្មករតែងតែទៅរកខាងសង្គមស៊ីវិលទាំងនោះ ឲ្យជួយដោះស្រាយ»។ នេះជាការបញ្ជាក់ពីអារម្មណ៍ត្រេកអររបស់លោក ប៉ាវ ស៊ីណា។
ទាំងលោក ស៊ឹង សែនករុណា ទាំងលោក អំ សំអាត និងលោក ប៉ាវ ស៊ីណា សុទ្ធតែមិនដឹងពីហេតុផលនៃការសម្រេចដោះលែងមន្ត្រីអាដហុក និង គ.ជ.ប នោះទេ។ ប៉ុន្តែលោក ស៊ឹង សែនករុណា បានដាក់ការសន្និដ្ឋានថា មូលហេតុដែលតុលាការដោះលែងសមាជិកខ្លួន និងមន្ត្រី គ.ជ.ប នេះ អាចទំនងមកពីការដាក់សម្ពាធពីអង្គការអាដហុក សង្គមស៊ីវិលជាតិ និងអន្តរជាតិ បានចេញសេចក្ដីថ្លែងការណ៍ទាមទាឲ្យតុលាការដោះលែងពួកគេ ជាបន្តបន្ទាប់កន្លងមកនេះ។
ងាកមកគណបក្សនយោបាយវិញ ចាត់ទុកការដោះលែងអ្នកទាំង៥រូបនេះ ជាការបន្ធយភាពតានតឹងនយោបាយផងដែរ។ លោក ប៉ុល ហំម អនុប្រធានគណបក្សសង្គ្រោះជាតិ ៖«ខ្ញុំយល់ថា ការដោះលែងនេះ គឺជាសញ្ញាណវិជ្ជាមានសម្រាប់អ្នកនយោបាយ និងសង្គមស៊ីវិល។ ហើយខ្ញុំ សុំស្នើរដ្ឋាភិបាល កុំឲ្យយកប្រព័ន្ធតុលាការ ទៅគំរាមកំហែងសង្គមស៊ីវិល ឬគណបក្សនយោបាយ»។
ប៉ុន្តែសម្រាប់លោក សាម អ៊ីន អគ្គលេខាបក្សប្រជាធិបតេយ្យមូលដ្ឋានវិញ យល់ឃើញថា ការដោះលែងមន្ត្រីអាដហុក និងគជប គឺអាចទាក់ទងនឹងទឹកចិត្តដោយឡែកមួយរបស់គណបក្សប្រជាជនកម្ពុជា។ «ខ្ញុំដូចជាភ្ញាក់ផ្អើលដែរ ចំពោះការដោះលែងពួកគាត់។ ការដោះលែងនេះ ទំនងជាទាក់ទងនឹងពិធីរម្លឹកខួប៦៦ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៨ មិថុនា ។ ខ្ញុំតែងតែកត់សម្គាល់ឃើញថា ឲ្យតែមានការប្រារព្ធពីធិបុណ្យសំខាន់ណាមួយ ដូចជាថ្ងៃបុណ្យ៧មករា ថ្ងៃបង្កើតរណសិរ្សសង្គ្រោះជាតិកម្ពុជា២ ធ្នូ និងការរម្លឹកខួបនៃការបង្កើតគណបក្សប្រជាជនកម្ពុជាជាដើម គឺតែងមានការដោះលែង សកម្មជន ឬក៏អ្នកនយោបាយ នៅក្រោយមួយថ្ងៃនៃការប្រារព្វពីធីរបស់គណបក្សប្រជាជននេះ»។ នេះជាការយល់ឃើញរបស់លោក សាម អ៊ីន។
បើគិតរហូតមកដល់ពេលនេះ មន្ត្រីអាដហុកបួនរូប ដែលរួមមាន លោក នី សុខា លោក ណៃ វង់ដា លោក យី សុខសាន្ត និងលោកស្រី លឹម មុន្នី ព្រមទាំងលោក នី ចរិយា អគ្គលេខាធិការរងគ.ជ.ប បានជាប់ឃុំជាងមួយឆ្នាំ (៤២៧ថ្ងៃ) ហើយ ។ មន្ត្រីអាដហុក ត្រូវបានចោទពីបទ «សូកប៉ាន់សាក្សី» ហើយមន្ត្រីគ.ជ.ប ត្រូវបានចោទពីបទ «សមគំនិតក្នុងអំពើសូកប៉ាន់សាក្សី»។ តុលាការ រកឃើញថា អ្នកទាំងប្រាំ បានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវរបស់ស្រីមុំ និងឯកឧត្តម កឹម សុខា ប្រធានគណបក្សប្រឆាំង៕