ជាតិ
ទូត​អាមេរិក សាទរ​ចំពោះ​ការដោះលែង​មន្ត្រី​អាដហុក និង គ​.​ជ​.​ប​
30, Jun 2017 , 11:33 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ស្ថានទូត​អាមេរិក ចេញ​សេចក្តីថ្លែងការណ៍​សាទរ​មុនដំបូង​គេ ចំពោះ​មន្ត្រី​អាដហុក និង​គណៈកម្មាធិការ​រៀប​ចំការ​បោះឆ្នោត (​គ​.​ជ​.​ប​) ដែល​ត្រូវបាន​តុលាការ​សម្រេច​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​ប​ណ្ណោះ​អាសន្ន​កាលពី​ថ្ងៃទី​២៩ មិថុនា​។​



​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ ស្ថានទូត​អាមេរិក បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖«​ការសំរេចចិត្ត​តាមផ្លូវ​ច្បាប់​នេះ​នឹង​កាត់បន្ថយ​បន្ទុក​ដែលមាន​ទៅលើ​ចុងចោទ និង​គ្រួសារ​របស់គេ ក្នុងពេលដែល​គេ​ប្រឈម​ដោះស្រាយ​ចំពោះ​បណ្តឹង​ចោទប្រកាន់​ចំពោះ​រូប​ពួកគេ​»​។​

​អង្គការ​អាដហុក ចាត់ទុក​ការដោះលែង​សមាជិក​ខ្លួន​ទាំងនេះ គឺជា​ពន្លឺយុត្តិធម៌​សម្រាប់​ស្ថាប័ន​អាដហុក ហើយក៏​ជាការ​លើកទឹកចិត្ត​ឲ្យ​សមាជិក​អង្គការ​លោក កាន់តែ​ខិតខំ​បំពេញការងារ​ជួយ​ដោះស្រាយ​បញ្ហា​រំលោភ​សិទ្ធមនុស្ស និង​ភាពអយុត្តិធម៌​ក្នុងសង្គម​កាន់តែ​ខ្លាំងក្លា​ថែមទៀត​។

​មន្ត្រី​អាដហុក​បួនរូប ដែល​រួមមាន លោក នី សុខា លោក ណៃ វង់​ដា លោក យី សុខសាន្ត និង​លោកស្រី លឹម មុន្នី ព្រមទាំង​លោក នី ចរិយា អគ្គលេខាធិការរង​គ​.​ជ​.​ប បាន​ជាប់ឃុំ​ជាង​មួយឆ្នាំ (៤២៧​ថ្ងៃ​) ។ មន្ត្រី​អាដហុក ត្រូវបាន​ចោទ​ពីបទ «​សូកប៉ាន់​សាក្សី​» ហើយ​មន្ត្រី​គ​.​ជ​.​ប ត្រូវបាន​ចោទ​ពីបទ «​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​»​។ តុលាការ រកឃើញថា អ្នក​ទាំង​ប្រាំ បាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​របស់​ស្រីមុំ និង​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្សប្រឆាំង​៕


Tag:
 អាមេរិក​
  ​អាដហុក​
 ​ គជប
© រក្សាសិទ្ធិដោយ thmeythmey.com