ជាតិ
​​​ន​យោ​បាយ​ជាតិ​
សកម្មជន​បក្សប្រឆាំង១១រូប ដែល​ជាប់ទោស​ពី​៧​ទៅ​២០ឆ្នាំ ត្រូវបាន​នាំខ្លួន​ទៅកាន់​សាលាឧទ្ធរណ៍
30, Jun 2017 , 12:25 pm        
រូបភាព
​ភ្នំពេញ​៖ សមត្ថកិច្ច បាន​នាំ​មន្ត្រី​បក្សប្រឆាំង​១១​រូប ដែល​កំពុង​ជាប់ពន្ធនាគារ ទៅកាន់​សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃទី​៣0 ខែមិថុនា ឆ្នាំ​២0១៧​នេះ ដើម្បី​ចូលរួម​សវនាការ​។ ការបើក​សវនាការ​រ​បស់​សាលាឧទ្ធរណ៍​នា​ព្រឹក​នេះ គឺធ្វើឡើង​តាម​សំណើរ​របស់​ក្រុម​មេធាវី ដែល​ការពារ​ក្តី​ឲ្យ​មន្ត្រី​បក្សប្រឆាំង​ទាំង​១១​រូប​។



​ក្រុម​មេធាវី បាន​បន្ត​ប្តឹង​ទៅកាន់​សាលាឧទ្ធរណ៍ ដើម្បី​សុំ​ប្រឆាំងនឹង​នីតិវិធី​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​បើកសវនាការ​កាត់ទោស​មន្ត្រី​បក្សប្រឆាំង​ទាំង​១១​រូប ឲ្យ​ជាប់ពន្ធនាគារ​ពី​៧​ទៅ​២0​ឆ្នាំ​។ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើកសវនាការ កាត់ទោស​មន្ត្រី​បក្សប្រឆាំង​ទាំង​១១​នាក់ ដោយ​គ្មាន​វត្តមាន​របស់​មេធាវី​។​

​ត្រង់ចំណុច​នេះហើយ ដែល​ក្រុម​មេធាវី​ទាំងនោះ អះអាងថា ការកាត់ទោស​លើ​មន្ត្រី​បក្សប្រឆាំង​ទាំង​១១​រូប គឺ​មិន​ត្រឹមត្រូវ​តាម​នីតិវិធី​។ ពួកគេ ធ្លាប់​បញ្ជាក់ថា ការបើក​សវនាការ លើ​សំណុំរឿង​ឧក្រិដ្ឋ មិនអាច​ធ្វើឡើង ដោយ​អវត្តមាន​របស់​មេធាវី​ឡើយ​។

​សូមបញ្ជាក់ថា លោក មា​ជ សុវណ្ណារ៉ា រួមទាំង​សកម្មជន​បក្សប្រឆាំង​ជាង​១០​នាក់​ទៀត ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទថា បាន​ចូលរួម និង​ដឹកនាំ​ធ្វើ​កុបកម្ម​ប្រឆាំង​អាជ្ញាធរ​សាធារណៈ នៅក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ខែកក្កដា ឆ្នាំ​២០១៤៕



Tag:
 មន្រ្តីបក្សប្រឆាំង
© រក្សាសិទ្ធិដោយ thmeythmey.com