ពីនេះ ពីនោះ
«នំឆាខ្វៃ» ជាពាក្យមកពីភាសាចិនដែលសម្គាល់មនុស្សក្បត់ផែនដីម្នាក់ឈ្មោះ ខ្វៃ នាសម័យនោះ
× យ៉ាវឆាខ្វៃ ជានាមសព្ទ ដែលជាពាក្យផ្សំរបស់ភាសាចិន (យ៉ាវ "ខ្លាញ់" + ឆា "ចម្រាញ់" + ខ្វៃ "មនុស្សក្បត់ឈ្មោះខ្វៃ" > យ៉ាវឆាខ្វៃ) ។ ប្រជាជនចិន នៅប្រទេសកម្ពុជា ពពាយនាយលក់នំនេះថា យ៉ាវឆាខ្វៃ!; អ្នកខ្លះហៅនំនេះថា នំឆាខ្វៃ, អ្នកខ្លះហៅ នំប្រៃៗ ពីព្រោះនំនេះមានរសប្រៃបន្តិចៗ, អ្នកខ្លះទៀតហៅ នំប្រៃឡមៗ, គេច្រើនប្រើបរិភោគផ្សំជាមួយនឹងទឹកកាហ្វេ ឬគុយទាវជាដើម តាមទម្លាប់ប្រើ។ នេះជាសេចក្តីអត្ថាធិប្បាយនៅក្នុងវចនានុក្រមខ្មែរសម្តេច ជួន ណាត។
វចនានុក្រមខ្មែរសម្តេច ជួន ណាត ក៏បានពន្យល់ពីប្រវតិ្តនៃឈ្មោះនំចិនមួយបែបនេះយ៉ាងដូច្នេះថា ជានំដែលគេធ្វើទុកឲ្យជាគ្រឿងសម្គាល់នូវរឿងរ៉ាវនៃមនុស្សក្បត់ផែនដីម្នាក់ឈ្មោះ ខ្វៃ ដែលរាជការសឹកចិនក្នុងបុរាណសម័យព្រេងនាយ បានចាប់យកមកធ្វើទារុណកម្មដោយអារសាច់ទាំងរស់ ចម្រាញ់ធ្វើជានំឲ្យឈ្មោះ ខ្វៃ ស៊ីសាច់របស់វា ហើយគេឲ្យជាងឆ្លាក់ថ្មធ្វើជារូបវាទុកនៅទីមួយជាសញ្ញាផ្ចាញ់ផ្ចាល កុំឲ្យជនឯទៀតៗយកតម្រាប់តាម, គេឲ្យធ្វើនំមួយបែបទុកធ្វើជាព័ស្តុតាង ដើម្បីឲ្យបច្ឆាជនទាំងពួកស្គាល់ឈ្មោះជនក្បត់ផែនដីនោះតៗមក គេឲ្យឈ្មោះនំនោះថា យ៉ាវឆាខ្វៃ "នំចម្រាញ់ខ្លាញ់អាខ្វៃ" ។ រូបថ្មអាខ្វៃនោះមាននៅប្រទេសចិនដរាបមកដល់សព្វថ្ងៃនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com