កីឡាអន្តរជាតិ
អន្តរជាតិ
Pacquiao ចាញ់ Horn មិនទាន់​បញ្ចប់​ការរិះគន់​
03, Jul 2017 , 7:19 pm        
រូបភាព
​មានការ​រិះគន់​ជាច្រើន​តាមរយៈ​អ្នកកីឡា​ល្បីៗ​នៅ​ជុំវិញ​ពិភពលោក​អំពី​ការវិនិច្ឆ័យ​ដោយ​កាត់សេចក្តី​ឲ្យ Manny Pacquiao ចាញ់ Jeff Horn នា​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់ WBO ដែល​ធ្វើឡើង​នៅ​សង្វៀន​ក្នុង​កីឡដ្ឋាន Suncorp ទីក្រុង Brisbane ប្រទេស​អូស្ត្រាលី នា​ព្រឹក​ថ្ងៃអាទិត្យ ទី​២ ខែកក្កដា​។



​ក្រោយ​បញ្ចប់​ការប្រកួត​ទាំង​១២​ទឹក​​ចៅក្រម​ទាំងបី​រូប​បាន​ឲ្យ​អ្នក​ប្រដាល់​អូស្ត្រាលី Jeff Horn ឈ្នះ Manny Pacquiao ដោយ​ពិន្ទុ​ឯកច្ឆ័ន្ទ ១១៧-១១១, ១១៥-១១៣ និង ១១៥-១១៣​។ ការសម្រេច​ខាងលើ​បានធ្វើ​ឲ្យ​អ្នកកីឡា​មួយចំនួន​រិះគន់​ដោយ​បង្ហោះ​សារ​មិន​ពេញចិត្ត​ចំពោះ​លទ្ធផល​នេះ​នៅក្នុង​បណ្តាញ​សង្គម​របស់​ពួកគេ​រៀងៗ​ខ្លួន​។​

​អតីត​ស្តេច​ប្រដាល់​ទម្ងន់​ធ្ងន់​របស់​អង់គ្លេស Lennox Lewis បាន​បង្ហោះ​សារ​លើ Twitter របស់ខ្លួន​ថា​៖«​នេះ​ដូច​មិនមែន​ជាការ​ប្រដាល់​ទេ​។ Horn ពិតជា​ធ្វើ​បានល្អ​ក្នុង​ប្រកួត​នេះ ប៉ុន្តែ​ខ្ញុំ​មើលមិនឃើញ​ថា​គាត់​អាច​ឈ្នះ Pacquiao ត្រង់ណា​នោះទេ​»​។​

​ចំណែក​តារា​បាល់បោះ NBA កីឡាករ Kobe Bryant និង Damian Lillard ក៏បាន​បង្ហាញ​អារម្មណ៍​មិន​ពេញចិត្ត​នូវ​ការសម្រេច​នេះ​ផងដែរ ដោយ​លើកឡើងថា​ការប្រកួត​នេះ​មាន​បញ្ហា និង​មាន​ភាព​សុ​ក្រិ​ត្យ​ឡើយ​។​



​មួយវិញទៀត​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន ABC អូស្ត្រាលី រឿង​ដែល​គួ​ឲ្យ​ក្តៅក្រហាយ​ជាងគេ​ជុំវិញ​ការបញ្ចេញមតិ​នៅក្នុង​បណ្តាញ​សង្គម​នេះ គឺ​ចៅក្រម​ម្នាក់​ក្នុងចំណោម​បីនាក់​នេះ​បាន​ឲ្យ​អ្នក​ប្រដាល់​អតីត​គ្រូបង្រៀន​វ័យ​២៩​ឆ្នាំ ឈ្នះ​ពិន្ទុ​រហូតដល់ ១១៧ ទល់នឹង ១១១ ទាំង​ជាក់ស្តែង​ក្នុង​ទី​៩ កំពូល​អ្នក​ប្រដាល់​ហ្វីលីពីន​បាន​វាយ Horn ស្ទើ​តែ​បាត់បង​ស្មារតី​នោះ​។​



​យ៉ាងណា​ក៏ដោយ​ជាមួយនឹង​កិច្ច​សម្ភាស​ក្រោយ​បញ្ចប់​ការប្រកួត អ្នក​ប្រដាល់​មិន​ធ្លាប់​ស្គាល់​ពាក្យ​ចាញ់​បានប្រកាសថា​រូបគេ​ស្វាគមន៍​ជានិច្ច​សម្រាប់​ការប្រកួត​សងសឹក​ជាមួយនឹង​ម្ចាស់​ខ្សែ​ក្រ​វាតពិភពលោក​៨​ស្ថាប័ន​ វ័យ​៣៨​នេះ​។ លើសពីនេះ​ទៀត រូបគេ​ក៏​ចង់​សាក​ថ្វីដៃ​ជាមួយ Floyd Mayweather ផងដែរ​៕

Tag:
 ​ប្រដាល់​
  Manny Pacquiao
  Jeff Horn
  WBO
© រក្សាសិទ្ធិដោយ thmeythmey.com