ជាតិ
​​​ន​យោ​បាយ​ជាតិ​
តំណាងរាស្ត្រ​បក្ស​កាន់អំណាច ផ្តើមធ្វើ​ច្បាប់​មិន​ឲ្យ​ទណ្ឌិត​ធ្វើ​សកម្មភាព​ជាមួយ​បក្សនយោបាយ​
03, Jul 2017 , 6:26 pm        
រូបភាព
លោក សុខ ឥសាន តំណាងរាស្ត្រនិងជាអ្នកនាំពាក្យគណបក្សជាជនកម្ពុជា។ រូបថត CPP
លោក សុខ ឥសាន តំណាងរាស្ត្រនិងជាអ្នកនាំពាក្យគណបក្សជាជនកម្ពុជា។ រូបថត CPP
​ភ្នំពេញ​៖ តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ពិភាក្សា​លើ​សំណើ​របស់​សម្តេច ហ៊ុន សែន ដែល​សុំ​ឲ្យ​បន្ថែម​ខ្លឹមសារ​ថ្មី ចូលទៅក្នុង​ច្បាប់​ស្តីពី គណបក្សនយោបាយ  ។ លោក សុខ ឥសាន តំណាងរាស្ត្រ​និង​ជា​អ្នកនាំពាក្យ​គណបក្ស​ជា​ជនកម្ពុជា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាង​ដូច្នេះ តាម​ប្រព័ន្ធ​ទូរ​សព្ទ នៅ​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២0១៧​នេះ​។​



​លោក សុខ ឥសាន អះអាងថា ការពិភាក្សា​ត្រូវ​បានបញ្ចប់​សព្វគ្រប់​ហើយ ហើយ​សំណើសុំ​ឲ្យ​បន្ថែម​ខ្លឹមសារ​ថ្មី ចូលទៅក្នុង​ច្បាប់​ស្តីពី​គណបក្សនយោបាយ នឹងត្រូវ​បញ្ចូនទៅ​កាន់​រដ្ឋសភា​។ ប៉ុន្តែ លោក​មិនទាន់​អាច​បញ្ជាក់បាន​នោះទេ ថា​សំណើ​នេះ នឹងត្រូវ​ដាក់​ទៅកាន់​រដ្ឋសភា​នៅពេលណា​។ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​រូបនេះ និយាយ​ដូច្នេះ​ថា​៖«​ឲ្យ​តែ​ពិភាក្សាគ្នា​ចប់ គឺ​យើង​បញ្ជូនទៅ​រដ្ឋសភា​ហើយ​។ ប្រហែលជា​ពេល​ឆាប់ៗ​នេះ​»​។

​ដោយ​លើក​ហេតុផល​ថា កំពុងតែ​ស្ថិតក្នុង​ដំណាក់កាល​នៃ​ការពិភាក្សា លោក សុខ ឥសាន មិន​លើកឡើង​ពី​ខ្លឹមសារ​ថ្មី ដែល​នឹងត្រូវ​ដាក់ចូល​ទៅក្នុង​ច្បាប់​ស្តីពី​គណបក្សនយោបាយ ឡើយ​។ ទោះ​លោក សុខ ឥសាន មិនបាន​លើកឡើង​ក៏ដោយ ប៉ុន្តែ​ខ្លឹមសារ​ថ្មី ដែល​ចង់​ដាក់ចូល​ទៅក្នុង​ច្បាប់​ស្តីពី​គណបក្សនយោបាយ ទំនងជា​មិន​ខុសពី​សំណើរ​របស់​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នោះទេ​។

ក្នុង​ពិធី​រម្លឹក​ខួប​៦៦​ឆ្នាំ នៃ​ការបង្កើត​គណបក្ស​ប្រជាជន​កម្ពុជា ដែល​រៀបចំឡើង​កាលពី​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២0១៧ សម្តេច ហ៊ុន សែន បានស្នើ​ឲ្យ​រដ្ឋសភា ធ្វើ​វិសោធនកម្ម​សាជាថ្មី លើ​ច្បាប់​ស្តីពី គណបក្សនយោបាយ ដោយ​បន្ថែម​ខ្លឹមសារ​ថា ទណ្ឌិត​ឬ​អ្នកទោស មិនអាច​យក​ខ្លួន​ទៅ​ភ្ជាប់​ជាមួយ​គណបក្សនយោបាយ ដើម្បី​ធ្វើ​សកម្មភាព​ឡើយ​។

សូមបញ្ជាក់ថា នៅ​ដើមឆ្នាំ​២0១៧​នេះ សម្តេច ហ៊ុន សែន បានស្នើ​ឲ្យ​រដ្ឋសភា កែប្រែ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ម្តង​រួចទៅហើយ ដោយ​មិន​អនុញ្ញាត​ឲ្យ​អ្នកទោស ធ្វើជា​ប្រធាន​គណបក្ស ឬក៏​ជា​សមាជិក​គណៈកម្មាធិកា​រ​នាយក​ក្នុង​គណបក្ស​ណាមួយ​៕




Tag:
 CPP
  ច្បាប់​នយោបាយ
  សុខ ឥសាន
© រក្សាសិទ្ធិដោយ thmeythmey.com