កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd បាន ២៥​ភាគរយ ក្រោយ Burnley លក់ Keane ឲ្យ Everton
04, Jul 2017 , 10:48 am        
រូបភាព
Everton បាន​ចុះហត្ថលេខា​នាំយក​ខ្សែការពារ Michael Keane ពី​ក្រុម  Burnley ក្នុងតម្លៃ ៣០​លាន​ផោន ប្រហែល ៣៨​លាន​ដុល្លារ​។ ការផ្ទេ​នេះ Manchester United អាច​ទទួលបាន​២៥​ភាគរយ​នៅពេល Burnely លក់​អតីត​កូនក្រុម Keane ទៅ​ឲ្យ​ក្រុម​ណាមួយ ព្រោះ​បានចែង​លក្ខខណ្ឌ​ក្នុង​កិច្ចសន្យា កាលពី​ឆ្នាំ​២០១៥​។ នេះ​បើតាម​ការចុះផ្សាយ​របស់ BBC​។



​ខ្សែការពារ​ដែល​ទើប​ជាប់​ជម្រើសជាតិ​អង់គ្លេស វ័យ​២៤​ឆ្នាំ​រូបនេះ បាន​យល់ព្រម​ចុះកិច្ចសន្យា​រយៈពេល​៥​ឆ្នាំ នៅ​ទឹកដី Goodison Park​។ អតីត​យុវជន​របស់​ក្រុម​បិសាច​ក្រហម​នេះ ជា​សមាជិក​ទី​៥​ហើយ​ដែល Everton នាំយកមក​ដើម្បី​ពង្រឹង​ក្រុម​ក្នុង​រដូវ​កាល​ថ្មី​ខាងមុខ ជាមួយនឹង​ការចំណាយ​ទឹកប្រាក់​សរុប​អស់​ជាង​៩០​លាន​ផោន ប្រមាណ​១១៦​លាន​ដុល្លារ​។​



Michael Keane បាន​ចាក​ចេញពី Man Utd ទៅ​ចូលរួម​ជាមួយ Burnely ក្នុងតម្លៃ​តែ​ជាង​២​លាន​ដុល្លារ​ប៉ុណ្ណោះ​កាលពី​២​ឆ្នាំមុន អំឡុងពេល​ដឹកនាំ​របស់លោក Louis van Gaal​។ ក្រោយពី​បង្ហាញខ្លួន​២​រដូវ​កាល​បាន​យ៉ាង​ល្អ​នោះ ក៏ត្រូវ​បាន​លោក Ronald Koeman អ្នកចាត់ការ​ទូទៅ Everton សម្រេច​យកមក​រួម​ក្រុម​តែម្តង​។​

«Keane គឺ​ខ្លាំង​ក្នុងចំណោម​កីឡាករ​ដែល​យើង​ចង់​នាំយកមក​ទីនេះ ហើយ​ខ្ញុំ​ពិតជា​រីករាយ​ណាស់​ដែល​គាត់​ព្រម​ចូលរួម​ជាមួយ​យើង​»​។ នេះ​ជាការ​លើកឡើង​របស់ អ្នកចាត់ការ​សញ្ជាតិ​ហូ​ឡង់ Koeman ហើយ​លោក​បន្ថែមទៀតថា​៖«​យើង​ដឹងថា​នេះ​ជាការ​ប្រកួតប្រជែង​ជាមួយ​ក្រុម​ដ៏​ទៃ ប៉ុន្តែ Keane ជឿជាក់​លើ​មហិច្ឆតា​របស់ Everton និង​អ្វីដែល​ក្រុម​ចង់​ធ្វើ​សម្រាប់​រដូវ​កាល​ថ្មី​ខាងមុខនេះ​»៕



Tag:
 បាល់ទាត់​
  Michael Keane
  Everton
  Manchester United
  Burnely
© រក្សាសិទ្ធិដោយ thmeythmey.com