ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ក្រោយ​ស្វាយ​ខ្មែរ​ពេញនិយម​ក្នុង​ទីផ្សា​អឺរ៉ុប លោក ម៉ុង ឫទ្ធី គ្រោង​នាំ​ផ្លែ​ទុរេន និង​ផ្លែ​សាវម៉ាវ ទៅ​បន្ថែមទៀត
04, Jul 2017 , 9:59 pm        
រូបភាព
ហ្វេសប៊ុក៖ លោក ម៉ុង ឫទ្ធី ជួបជាមួយអ្នកបញ្ជាទិញនៅបារាំង កាលពីចុងខែមិថុនា
ហ្វេសប៊ុក៖ លោក ម៉ុង ឫទ្ធី ជួបជាមួយអ្នកបញ្ជាទិញនៅបារាំង កាលពីចុងខែមិថុនា
​ភ្នំពេញ​៖ ក្រោយពី​ផ្លែស្វាយ​ខ្មែរ បានទទួល​គាំទ្រ​ច្រើន​ក្នុង​ទីផ្សារ​អឺរ៉ុប​នោះ ក្រុមហ៊ុន ម៉ុង ឫទ្ធី ក៏​ត្រៀម​បង្កើន​បរិមាណ​ផ្លែស្វាយ​បន្ថែមទៀត សម្រាប់​ទិសដៅ​ឆ្នាំ​២០១៨​ខាងមុខ ។ ក្រៅពី​នាំយក​ផលិតផល​ស្វាយ​ខ្មែរ​នេះ ក្រុមហ៊ុន ម៉ុង ឫទ្ធី ក៏​គ្រោង​នាំយក​ផលិតផល​ផ្លែ​ទុរេន និង​ផ្លែ​សាវម៉ាវ​ខ្មែរ ចូល​ទី​អឺរ៉ុប​ផងដែរ​។



​ខាងក្រោម​នេះ​ជា​កិច្ចសម្ភាសន៍​រវាង​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​លោក ម៉ុង ឫទ្ធី ជា​សមាជិក​ព្រឹទ្ធសភា និង​ជា​អគ្គនាយក​ក្រុមហ៊ុន ម៉ុង ឫទ្ធី ក្រុប ដូចតទៅ​៖

​លោក រំដួល ចិ​ត្រា​៖ លោក​ឧកញ៉ា ទើបតែ​ត្រឡប់​មកពី​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង​វិញ ក្រោយពី​បាន​ជួប​ជាមួយ​អ្នកបញ្ជា​ទិញ​ផ្លែស្វាយ​ពី​កម្ពុជា យកទៅ​ចែកចាយ​នៅក្នុង​សហគមន៍​អឺរ៉ុប ។ ដូច្នេះ​ខ្ញុំ​ចង់​ជម្រាបសួរ​លោក​ថា តើ​ក្នុងជំនួប​ជាមួយ​អ្នកបញ្ជា​ទិញ​នោះ សម្រេចបាន​លទ្ធផល​អ្វី​បន្ថែម​ដែរ​ទេ​?

​លោក ម៉ុង ឫទ្ធី​៖ យើងបានព្រមព្រៀងគ្នាពីការបង្កើនបរិមាណផ្លែស្វាយ។ដោយសារ​កន្លងមក កាលពី​ឆ្នាំ​២០១៦ ដល់​២០១៧ នេះ យើង​បាន​នាំ​ផ្លែស្វាយ​ចេញ​ប្រហែល​ជាង​៣០០​តោន​ហើយ​។ ដូច្នេះ​ក្នុង​ឆ្នាំ​២០១៧-២០១៨​ខាងមុខនេះ គេ​(​អ្នកបញ្ជា​ទិញ​)​ស្នើ​ឲ្យ​យើង​ធ្វើ​យ៉ាង​ផ្គត់ផ្គង់​ស្វាយ​ឲ្យ​បាន​លើស​៥០០​តោន សម្រាប់​ផ្គត់ផ្គង់​នៅក្នុង​ទីផ្សារ​អឺរ៉ុប​។​

​លោក រំដួល ចិ​ត្រា​៖ តើ​ចំនួន​លើសពី​៥០០​តោន ដែល​ខាង​អ្នកបញ្ជា​ទិញ​ត្រូវការ​សម្រាប់​ទីផ្សារ​អឺរ៉ុប​នេះ ខាង​ក្រុមហ៊ុន ម៉ុង ឫទ្ធី ក្រុប នឹង​អាចមាន​លទ្ធភាព​ផ្គត់ផ្គង់​តាម​តម្រូវ​បានដែរ​ទេ​?

​លោក ម៉ុង ឫទ្ធី​៖ ស្វាយ​យើង​មាន​ច្រើន​លើសពី​តម្រូវការ​នេះ​ច្រើនដង​ណាស់​។ ប៉ុន្តែ​សំខាន់​លើ​គុណភាព ការ​វេច​ខ្ចប់ ការថែទាំ និង​សុវត្ថិភាព​ចំណីអាហារ សំខាន់​ជា​រឿង​ចំបង​សម្រាប់​ទីផ្សារ​អឺរ៉ុប​។ ប៉ុន្តែ​បើតាម​ខ្ញុំ​មើល​វា​ប្រហែលជា​អាច​ផ្គត់ផ្គង់​បាន​ចំនួន​ប៉ុណ្ណឹង វា​ដូច​អត់​មាន​បញ្ហា​អ្វី​ទេ​។​

​លោក រំដួល ចិ​ត្រា​៖ ក្រោយពី​ផលិតផល​ស្វាយ​ខ្មែរ​ទទួលបាន​ការគាំទ្រ​ច្រើន​ហើយ ឃើញថា​អ្នកបញ្ជា​ទិញ​នៅ​បារាំង​នោះ ក៏​ចង់​ឲ្យ​ក្រុមហ៊ុន ម៉ុង ឫទ្ធី ក្រុប នាំចូល​នូវ​កសិផល​ផ្លែ​ទុរេន និង​ផ្លែ​សាវម៉ាវ​បន្ថែមទៀត​ដែរ​។ នេះ​បើតាម​លោក​ឧកញ៉ា បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​។ ដូច្នេះ​តើ​ក្រុមហ៊ុន ម៉ុង ឫទ្ធី នឹង​ត្រៀមខ្លួន​បែបណា​ដែរ សម្រាប់​ការនាំយក​ផលិតផល​ខ្មែរ​នេះ ចូលក្នុង​ទីផ្សារ​អឺរ៉ុប​ទៀត​នោះ​? តើ​នឹង​ចាប់ផ្ដើម​ដំណើការ​នៅពេលណា​ដែរ​?

​លោក ម៉ុង ឫទ្ធី​៖ តាមពិតទៅ​យើង​បាន​សិក្សា​ជាមួយគ្នា​(​អ្នកបញ្ជា​ទិញ​) ទៅវិញទៅមក​ជាច្រើនលើក​ច្រើនសារ​ទៅហើយ អ្នកបញ្ជា​ទិញ​មក​មើល​ផ្ទាល់​តែម្ដង​លើ​កសិផល​ផ្លែ​ទុរេន និង​សាវម៉ាវ​។ ហើយ​មិនមែន​តែ​របស់ខ្ញុំ​ទេ កុំ​ឲ្យ​ច្រឡំ​។ ផ្លែ​ទុរេន និង​សាវម៉ាវ គឺជា​របស់​កសិករ​យើង ហើយកសិផល​របស់ខ្ញុំ​គ្រាន់​តែមាន​ខ្លះ​ទេ​។ ដូច្នេះកសិផល​របស់​កសិករ​យើង គេ​បានមក​សិក្សា​ហើយ​មើលទៅ​វា​អាច​ចាប់ផ្ដើម​ទៅបាន ​ហើយ​នឹងដំណើការ​គឺ​នៅ​ឆ្នាំ​២០១៧-២០១៨​។​

​លោក រំដួល ចិ​ត្រា​៖ ដូចនេះ​បានន័យថា ក្នុង​ឆ្នាំ​២១០៧-២០១៨​នេះ ក្រុមហ៊ុន ​ម៉ុង​ឫទ្ធី ​ក្រុប នឹង​នាំចេញ​ទាំង​ផ្លែស្វាយ​ផង ទាំង​ទុ​រេ​ន និង​សាវ​ម៉ាវ ផង​។​

​លោក ម៉ុង ឫទ្ធី​៖ បាទ​! ប៉ុន្តែ​ផ្លែ​សាវម៉ាវ និង​ទុរេន យើង​នាំចេញ​មិនបាន​ច្រើន​ទេ តែ​យើងត្រូវ​ធ្វើ​ម៉េច​ចាប់ផ្តើម​នាំចេញ​សិន​។ ហើយ​ខាងគេ​(​អ្នកបញ្ជា​ទិញ​)​នោះ ទោះបីជា​យើង​មាន​ប៉ុន្មាន​តោន​ក៏​គេ​ទទួលយក​ដែរ ព្រោះ​ទីផ្សារ​គេ​ធំ​ណាស់ ហើយ​គេ​ត្រូវការ​ផលិតផល​ដែលមាន​គុណភាព​ល្អ (​គ្មាន​ជាតិគីមី​)​។ ហើយ​សំខាន់​ទាល់តែ​យើង​ព្រមព្រៀងគ្នា​ហើយ គេ​នឹង​មក​បង្រៀន​យើង ថា​យើង​ត្រូវ​រៀបចំ​ធ្វើ​យ៉ាងម៉េច​សិន​។ ដូចជា​ការ​វេច​ខ្ចប់​បិត​តែម​ត្រឹមត្រូវ ។ ចំណែក​ផ្លែ​សាវម៉ាវ យើង​អាច​នាំយក​ទាំង​សំបក​ទៅបាន ហើយ​ផ្លែ​ទុរេន​ទាល់តែ​យើងត្រូវ​បកសំបក​ដាក់​ប្រអប់​វិញ​ខ្ចប់តាមរបៀបគេសិន​។ នេះហើយ​ជាការ​ចាប់ផ្ដើម​។ បើ​យើង​មិន​ចាប់ផ្ដើម​វា​ក៏​អត់​មាន​ជំហាន​ទី​១ ទី​២ និង​ទី​៣​ដែរ ដូច្នេះ​ទាល់តែ​យើង​ត្រូវ​បោះជំហាន​ទី​១ ទី​២ និង​ទី​៣​ទៅមុខ​។​

​លោក រំដួល ចិ​ត្រា​៖ តើ​ក្រុមហ៊ុន ម៉ុង ឫទ្ធី ក្រុប នឹង​ចាប់ផ្ដើម​សហការ​ជាមួយ​ប្រជាកសិករ​នៅក្នុង​តំបន់​ណាខ្លះ ដើម្បី​អាច​ប្រមូល​ផ្លែ​ទុរេន និង​ផ្លែ​សាវម៉ាវ សម្រាប់​នាំយកទៅ​ផ្គត់ផ្គង់​ក្នុង​ទីផ្សារ​អឺរ៉ុប​នេះ​?

​លោក ម៉ុង ឫទ្ធី​៖ ផ្លែ​ទុរេន និង​ផ្លែ​សាវម៉ាវ គឺ​មានតែ​តំបន់​ខេត្ត​ជាប់​ឆ្នេរ​ដូចជា​កំពង់សោម កំពត ដែល​សំបូរ​ផ្លែ​សាវម៉ាវ​ច្រើន ហើយ​មក​ខាង​កោះកុង ក៏មាន​ផ្លែ​សាវម៉ាវ និង​ទុរេន​ច្រើន​ដែរ​។ ប៉ុន្តែ​បើសិនជា​តម្លៃ​នៃ​ការ​វេច​ខ្ចប់​ផ្លែ​ទុរេន និង​សាវម៉ាវ មានតម្លៃ​ល្អ យើង​នឹង​បង្កើន​ការដាំដុះ​ផ្លែ​ទុរេន និង​សាវម៉ាវ​ នៅទីនោះបន្ថែមទៀត​។

​លោក រំដួល ចិ​ត្រា​៖ តាមរយៈ​ការនាំចេញ​ផលិតផល​កសិកម្ម​ខ្មែរ ចូល​ទីផ្សារ​អឺរ៉ុប​នេះ តើ​លោក​ឧកញ៉ា សង្កេតឃើញ​ពី​កម្រិតជីវភាព​ប្រជាកសិករ ដែល​បាន​សហការ​ជាមួយ​ក្រុមហ៊ុន ម៉ុង ឫទ្ធី ក្រុប​កន្លងមកនេះ ទទួលបាន​កម្រិតជីវភាព​យ៉ាងដូចម្ដេច​ដែរ​?

​លោក ម៉ុង ឫទ្ធី​៖ អត់​មាន​បញ្ហា​អ្វី​ទេ​។ ព្រោះ​កន្លងមក​ដំណើរ​ការល្អ ហើយ​កសិករ គាត់​សប្បាយ​ទាំងពី​តម្លៃ​កសិកម្ម និង​ការទទួលបាន​ការបង្រៀន​ចេះ​ថែទាំ​ដំណាំ​ឲ្យ​មានគុណ​ភាព​នេះ គាត់​ក៏​សប្បាយចិត្ត​ព្រោះ​ពីមុនមក​គាត់​គ្មាន​លទ្ធភាព​។​

​លោក រំដួល ចិ​ត្រា​៖ ជា​ចុងក្រោយ តើ​លោក​ឧកញ៉ា មានសុទិដ្ឋិនិយម​ដូចម្ដេច​ដែរ ចំពោះ​ផលិតផល​កសិកម្ម​ខ្មែរ ដែលមាន​ឈ្មោះ​នៅក្នុង​ទីផ្សារ​អឺរ៉ុប​នេះ​?

​លោក ម៉ុង ឫទ្ធី​៖ ការពិតទៅ​ខ្ញុំ​លះបង់​កម្លាំងកាយ​ចិត្ត ពេលវេលា និង​ថវិកា​ទាំងអស់ គឺ​ដើម្បី​ជួយ​ឲ្យ​កសិករ​ខ្មែរ​យើង បាន​នាំយក​កសិផល​របស់គាត់ ទៅ​ឲ្យ​ទីផ្សារ​សហគមន៍​អឺរ៉ុប​បាន​ស្គាល់ ហើយក៏​បានដាក់​ឈ្មោះ​ជា កសិផល​របស់​ខ្មែរ​យើង​។ ដូចនេះ​វា​ជា​មោទនភាព​របស់ខ្ញុំ ដែល​ខ្ញុំ​អាចធ្វើ​បាន​៕
 

Tag:
 ម៉ុង ឫទ្ធី​
  ​កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com