ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការ​កំពូល ប្រកាស​សាលដីកា​លោក គឹម សុខ ទាំង២សំណុំរឿងនៅថ្ងៃ​ពុធ​នេះ
04, Jul 2017 , 8:23 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ តុលាការ​កំពូល នឹង​ប្រកាស​សាលដីកា២ផ្សេងគ្នា លើ​សំណុំរឿង លោក គឹម សុខ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី ៥ ខែកក្កដា​នេះ។ សាលដីកា​ទាំង២ គឺ​ការសុំ​ឲ្យ​លោក គឹម សុខ រស់នៅ​ក្រៅ​ពន្ធនាគារ​បណ្តោះអាសន្ន និង​ការសុំ​ឲ្យ​កោះហៅ​ដើមបណ្តឹង ចូល​តទល់​ជាមួយ​ចុងចោទ នៅក្នុង​តុលាការ។


 
កាលពីពេល​កន្លងទៅ តុលាការ​កំពូល បាន​បើកសវនាការ​លើ​បណ្តឹង​សារទុក្ខ​ចំនួន២ របស់លោក គឹម សុខ អ្នក​វិភា គ​នយោបាយ ដែល​កំពុង​ជាប់ឃុំ ដោយសារតែ​បណ្តឹង​របស់​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា។
 
តាម​ការកំណត់ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី៥ ខែកក្កដា​នេះ តុលាការ​កំពូល នឹង​ប្រកាស​សាលដីកា លើ​បណ្តឹង​សារទុក្ខ​ទាំង២ របស់លោក គឹម សុខ។ លោក ជូ​ង ជូ​ងី មេធាវី​របស់លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មានថ្មីៗថា សាលដីកា​ទាំងពីរ​នោះ គឺ​ទី១ ការសុំ​ឲ្យ​លោក គឹម សុខ រស់នៅ​ក្រៅ​ពន្ធនាគារ​បណ្តោះអាសន្ន និង​រឿង​ទី២ ការសុំ​ឲ្យ​កោះហៅ​ដើមបណ្តឹង (សម្តេច ហ៊ុន សែន) ចូល​តទល់​ជាមួយ​ចុងចោទ (លោក គឹម សុខ) នៅក្នុង​តុលាការ។ 
 
លោក ជូ​ង ជូ​ងី មិន​សន្និដ្ឋាន​ជាមុន​ឡើយ ថា​តើ​ការតវ៉ា​របស់លោក នឹង​ជោគជ័យ ឬ​បរាជ័យ។ លោក និយាយ​ដូច្នេះ​ថា៖«ខ្ញុំ​មិន​ពិចារណា​ទេ ថា​លទ្ធផល​នៃ​ការប្រកាស​សាក​ដីកា​យ៉ាងម៉េច។ ទាល់តែ​ប្រកា​សសិន ទើប​ខ្ញុំ​អាច​ដឹងបាន ថា​ត្រូវធ្វើ​អ្វី​បន្តទៀត»។  
 
យ៉ាងណាក៏ដោយ បើតាម​មេធាវី​រូបនេះ លោក​កំពុង​រវល់​ការងារ​នៅតាម​ខេត្ត មិនបាន​ចូលរួម​ស្តាប់​ការប្រកាស​សាលដីកា​បានទេ ប៉ុន្តែ​សមត្ថកិច្ច អាច​នាំខ្លួន​លោក គឹម សុខ ទៅកាន់​តុលាការ​កំពូល ដើម្បី​ស្តាប់​ការប្រកាស​សាលដីកា​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។
 
កន្លងមក លោក ជូ​ង ជូ​ងី បានដាក់​បណ្តឹង​ទាំង២ខាងលើ ទៅកាន់​សាលាឧទ្ធរណ៍​រួចហើយ។ ប៉ុន្តែ បរាជ័យ លោក​ក៏​បន្ត​ដាក់​បណ្តឹង​ដដែល​នេះ ទៅកាន់​តុលាការ​កំពូល។ 
សម្តេច ហ៊ុន សែន បានដាក់​ពាក្យ​ប្តឹង​លោក គឹម សុខ អ្នកវិភាគ​នយោបាយ ពីបទ «បរិហារកេរ្តិ៍​ជា​សាធារណៈ» និង​បទ «ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍» កាលពី​ខែកុម្ភៈ ឆ្នាំ២0១៧ ។ លោក គី តិច មេធាវី​របស់​សម្តេច ហ៊ុន សែន បញ្ជាក់ថា​មូលហេតុ​នៃ​ការដាក់​ប្តឹង​នេះ ដោយសារតែ​លោក គឹម សុខ បាន​និយាយថា គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពី​ក្រោយខ្នង​អំពើ​ឃាតកម្ម លោក កែម ឡី អ្នកវិភាគ​នយោបាយ និង​ជា​អ្នកស្រាវជ្រាវ​ការអភិវឌ្ឍ​សង្គម​ដ៏​ល្បីល្បាញ កាលពី​ខែកក្កដា ឆ្នាំ២0១៦ ។ 
 
លោក គឹម សុខ នៅ​រង​បណ្តឹង​របស់​សម្តេច ហ៊ុន សែន មួយ​ផ្សេងទៀត។ អង្គហេតុ ដែល​នាំ​ឲ្យ​លោក គឹម សុខ រង​បណ្តឹង​ជា​លើក​ទី២ គឺ​ដោយសារតែ​លោក និយាយថា ប្រព័ន្ធ​មួយ ដែល​ស្ថិតនៅក្រោម​រដ្ឋាភិបាល​ប​ច្ចុ​ប្បន្ន មានការ​សម្លាប់​មនុស្ស ហើយ​រកមុខ​ឃាតក​មិនឃើញ។ រហូតមកដល់​ពេលនេះ លោក គឹម សុខ បាន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស អស់​រយៈពេល​ជិត​កន្លះ​ឆ្នាំ​ហើយ៕
 

Tag:
 គឹម សុខ
  ហ៊ុន សែន
  តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com