កីឡាអន្តរជាតិ
អន្តរជាតិ
Lacazette ក្លាយជាកីឡាករចំណូលថ្មីរបស់ Arsenal ផ្លូវការ ក្លិប Arsenal បង្ហាញរូប Alexandre Lacazette នៅក្នុងគេហទំព័រផ្លូវការរបស់ខ្លួន
× Alexandre Lacazette ខ្សែប្រយុទ្ធរបស់ក្រុម Olympique Lyon បានផ្ទេទៅកាន់ Arsenal ក្នុងកិច្ចសន្យារយៈពេលវែង និងតម្លៃបិទជិតមួយ។ នេះបើតាមការផ្សាយរបស់គេហទំព័រផ្លូវការក្លិបកាំភ្លើងធំ នារាត្រីថ្ងៃទី៥ ខែកក្កដា។
ខ្សែប្រយុទ្ធសញ្ជាតិបារាំង វ័យ២៦ឆ្នាំរូបនេះ បានទៅធ្វើតេស្តិ៍សុខភាពនៅឯទីក្រុងឡុងដ៍ កាលពីថ្ងៃអង្គារ ទី៤ ខែកក្កដា។ ជាមួយគ្នានេះ សារព័ត៌មានបានផ្សាយមុនថា Lacazette អាចចុះកិច្ចសន្យារយៈពេល៥ឆ្នាំនៅទឹកដី Emirate ជាមួយនឹងតម្លៃផ្ទេថ្លៃបំផុតជាកំណត់ត្រាក្លិប ពោល ក្នុងតម្លៃ ៤៦លានផោន ប្រមាណ៥៩លានដុល្លារអាមេរិក បន្ទាប់ពីកាំភ្លើងធំទិញ Mesut Ozil ពី Real Madrid តម្លៃ ៤២.៥លានផោន ប្រហែលជិត៥៥លានដុល្លារកាលពីឆ្នាំ២០១៣។
ទោះបីជាយ៉ាងណាក៏ដោយ Arsenal មិនបានបង្ហើបពីតម្លៃ និងរយៈពេលនៃកិច្ចសន្យានោះឡើយ។ ក្រោយការចុះហត្ថលេខា លោក Arsene Wenger គ្រូបង្វឹកក្លិប Arsenal បានលើកឡើងថា ខ្សែប្រយុទ្ធបារាំងរូបនេះ ជាអ្នកស៊ុតបាល់បញ្ចូលទីប្រកបដោយសុវត្ថិភាព។
Lacazette បានបង្ហាញខ្លួនសរុប ២៧៥ប្រកួត ជាមួយនឹងគ្រាប់បាល់បញ្ចូលទី ១២៩គ្រាប់ ឲ្យ Lyon បន្ទាប់ពីតំឡើងខ្លួនមកកាន់ក្រុមឈុតធំនៃលីកកំពូលបារាំង Ligue1 នេះតាំងពីរដូវកាល ២០០៩-២០១០។
កាលពីសប្តាហ៍មុនលោក Ivan Gazidis នាយកប្រតិបត្តិក្រុម Arsenal ធ្លាប់បានសន្យាជាមួយអ្នកគាំទ្រថានឹងនាំយកកីឡាល្អៗមករួមក្រុមនារដូវកាលក្រោយ។
ក្រៅពី Lacazette លោក Arsene Wenger ក៏កំពុងសម្លឹងមើលកីឡាករល្អៗដ៏ទៃទៀតដែរដូចជា Riyad Mahrez របស់ Leicester City និងខ្សែបម្រើ Thomas Lemar របស់ Monaco ខណៈក្រុមស្ថិតនៅចំណាត់ថ្នាក់ទី៥ ក្នុងតារាង Premier League កាលពីរដូវកាល ២០១៦-២០១៧ ក៏បានបើកផ្លូវឲ្យកីឡាករមួយចំនួនចាកចេញទៅរកក្រុមថ្មីផងដែរ ៕
Tag:
បាល់ទាត់
Alexandre Lacazette
Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com