កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd យល់ព្រមទិញ Lukaku ពី Everton តម្លៃ ៩៧លានដុល្លារ
× Manchester United ព្រមទិញ Romelu Lukaku ក្នុងតម្លៃ ៧៥លានផោន ប្រមាណ៩៧លានដុល្លារ ពី Everton ខណៈពេលដែលអ្នកចាត់ការទូទៅលោក Jose Mourinho កំពុងរង់ចាំចុះហត្ថលេខាលើខ្សែប្រយុទ្ធរូបនេះ។ នេះបើតាម BBC ចុះផ្សាយនៅថ្ងៃទី៦ ខែកក្ដដា។
ក្រោយពីបរាជ័យដើម្បីនាំយក Antoine Griezmann ពីក្រុម Atletico Madrid នោះ ឥឡូវនេះអ្នកចាត់ការទូទៅក្រុមបិសាចក្រហមលោក Jose Mourinho បានឈានខិតជិតដើម្បីនាំយកខ្សែប្រយុទ្ធ Romelu Lukaku របស់ Everton មកជំនួសកន្លែង Zlatan Ibrahimovic។
ខ្សែប្រយុទ្ធអន្តរជាតិប៊ែលហ្ស៊ិក វ័យ២៤ឆ្នាំនេះ ក៏ស្ថិតក្នុងបញ្ជីរបស់ Mourinho សម្រាប់ស្នើទៅកាន់អនុប្រធានប្រតិបត្តិក្លិប Man Utd លោក Ed Woodward តាំពីមុនបញ្ចប់រដូវកាលផងដែរ។
Man Utd បានកៅអីនៅ UEFA Champion League ដោយស្វ័យប្រវត្តិរដូវក្រោយ ដូច្នេះទើបអ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់ស្វះស្វែងរកកីឡាករល្អដើម្បីប្រកួតប្រជែងពានជាមួយក្រុមខ្លាំងៗនារដូវកាលក្រោយ។
យ៉ាងណាក៏ដោយ កីឡាករដែលស៊ុតបញ្ចូលទីឲ្យ Everton ២៥គ្រាប់ ក្នុងក្របខណ្ឌ Premier League រដូវកាលមុន ក៏កំពុងមានទំនាក់ទំនងពីការផ្ទេទៅក្រុមចាស់ Chelsea វិញដែរ។ តែទោះបីយ៉ាងនេះក្តី Mourinho នៅតែជឿជាក់ថានិងអាចនាំរូបគេមកកាន់ទឹកដី Old Trafford បាន ស្របពេលដែល Everton ក៏កំពុងចង់បានសមាជិកខ្លួន Wayne Rooney ត្រឡប់ទៅទឹកដី Goodison Park វិញដែរ។
ក្រៅពី Lukaku ម្ចាស់ជើងឯក Premier League ២០សម័យកាល ក៏ចាប់អារម្មណ៍ខ្សែប្រយុទ្ធ Alvaro Morata របស់ Real Madrid ដែរ ប៉ុន្តែហាក់នៅមិនមានភាពវិជ្ជមានណាមួយកើតឡើងនៅឡើយទេ៕
Tag:
បាល់ទាត់
Manchester United
Romelu Lukaku
Everton
© រក្សាសិទ្ធិដោយ thmeythmey.com