ជាតិ
គ​.​ជ​.​ប ប្តូរ​អគារ​ថ្មី ដែលមាន​តម្លៃ​ជាង ១២​លាន​ដុល្លារ
07, Jul 2017 , 11:30 am        
រូបភាព
លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត
លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែល​បច្ចុប្បន្ន​ស្ថិតក្នុង​បរិវេណ​នៃ​ក្រសួងមហាផ្ទៃ តាំងពី​ឆ្នាំ​១៩៩៨​មក នឹងត្រូវ​ផ្លាស់ប្តូរ​ទៅ​កន្លែង​ថ្មី​។ អគារ​ថ្មី​របស់​គ​.​ជ​.​ប ស្ថិតនៅ​ពីមុខ​វិមាន​រដ្ឋសភា​និង​ពុទ្ធសាសនបណ្ឌិត្យ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានី​ភ្នំពេញ​។​



​លោក ខន កែវ​មនោ ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​គ​.​ជ​.​ប បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា អាគារ​ថ្មី​នេះ មាន​កម្ពស់​១៥​ជាន់ ដោយ​ចំណាយ​ទឹកប្រាក់​ជាង​១២​លាន​ដុល្លារ ក្នុងការ​សាងសង់​។ លោក និយាយ​ដូច្នេះ​ថា​៖«​អគារ​ថ្មី​ហ្នឹង មាន​បន្ទប់​សម្រាប់ធ្វើ​កា​រ ធ្វើ​សន្និសីទ ឬ​ប្រជុំ​ផ្សេងៗ ធំ​ជាង​មុន​។ វា ងាយស្រួល​សម្រាប់​យើង បំពេញការងារ​»​។

​បើតាម​លោក ខន កែវ​មនោ នៅ​រសៀល​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២0១៧​នេះ គ​.​ជ​.​ប នឹង​រៀបចំ​ពិធីសូត្រមន្ត ឡើង​អគារ​ថ្មី​។ ប៉ុន្តែ លោក​បញ្ជាក់ថា ក្នុងអំឡុង​ពេលនេះ គ​.​ជ​.​ប មិនទាន់​អាច​ផ្លាស់ប្តូរ​ទៅ​អគារ​ថ្មី​នោះទេ ដោយសារ​កន្លែង​សម្រាប់​ចត​រថយន្ត មិនទាន់​ធ្វើ​រួចរាល់​។ លោក ប្រាប់ថា គ​.​ជ​.​ប នឹង​ប្តូរ​ទៅ​អគារ​ថ្មី នៅពេល​កន្លែង​សម្រាប់​ចត​រថយន្ត ធ្វើ​រួចរាល់ ក្នុង​ខែកញ្ញា ឆ្នាំ​២0១៧ ឯណោះ​៕


Tag:
 គជប​
  អគារ​ថ្មី​
© រក្សាសិទ្ធិដោយ thmeythmey.com