រថយន្ត
អន្តរជាតិ
រដ្ឋមន្ត្រី​បរិស្ថាន​បារាំង​ចង់​ឲ្យ​ប្រទេស​គ្មាន​រថយន្ត​ប្រើ​សាំង និង​ម៉ា​ស៊ូ​ត ចាប់ពី​ឆ្នាំ​២០៤០​
10, Jul 2017 , 7:19 pm        
រូបភាព
លោក Nicolas Hulot‏ អតីតសកម្មជន​បរិស្ថាន ដែលបច្ចុប្បន្ន​ជាទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី​បរិស្ថានបារាំង
លោក Nicolas Hulot‏ អតីតសកម្មជន​បរិស្ថាន ដែលបច្ចុប្បន្ន​ជាទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី​បរិស្ថានបារាំង
​បារាំង នឹង​ហាមឃាត់​ការលក់​យានយន្ត​ប្រើប្រាស់​ប្រេងសាំង និង​ម៉ា​ស៊ូ​ត​នៅ​ឆ្នាំ​២០៤០ ដែលជា​ផ្នែក​នៃ​ការប្រយុទ្ធប្រឆាំង​បម្រែបម្រួល​បរិស្ថាន​ពិភពលោក​។ មិន​ត្រឹមតែ​ហាមឃាត់​ការលក់​ឡាន​ឡើយ សូម្បីតែ​គម្រោង​ផលិត​ឡាន​ប្រើប្រាស់​ប្រេងសាំង ធ្យូងថ្ម ឬ​ហ្គាស ក៏ត្រូវ​ហាមឃាត់​ផងដែរ​។ រដ្ឋមន្ត្រី​បរិស្ថាន​ថ្មី Nicolas Hulot ជា​អ្នក​ប្រកាស​គម្រោង​ហាមឃាត់​នេះ ដោយ​អនុលោម​តាម​ការប្ដេជ្ញាចិត្ត​របស់​ប្រធានាធិបតី អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ។​



​បារាំង​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​ហាមឃាត់​ការប្រើប្រាស់​យានយន្ត​ប្រើ​ប្រេង និង​ម៉ា​ស៊ូ​ត ដោយ​បញ្ចប់​ការលក់​យានយន្ត​ប្រើ​ថាមពល​ឥន្ធនៈ​ទាំងនេះ​នៅត្រឹម​ឆ្នាំ​២០៤០ ។ នេះ​ជា​មហិច្ឆតា​របស់​បារាំង​ក្នុងការ​អនុវត្តតាម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្ដីពី​បម្រែបម្រួល​អាកាសធាតុ ទោះជា​គ្មាន​វត្តមាន​អាមេរិក​ក៏ដោយ​។ ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ប្រកាស​ហើយ​ថា បារាំង​នឹង​កា​ពារ​កិច្ចព្រមព្រៀង​នេះ ក្នុង​គោលដៅ​ប្រែក្លាយ​ពិភពលោក​នេះ​ឲ្យ​អស្ចារ្យ​ម្ដងទៀត​។​

​រដ្ឋមន្ត្រី​បរិស្ថាន​ថ្មី Nicolas Hulot បានប្រកាស​ពី​គម្រោង​ហាមឃាត់​នេះ​នៅ​ថ្ងៃទី​៦ ខែកក្កដា ដោយ​ចាត់ទុក​វិធានការ​នេះ​ជា​បដិវត្តន៍​មួយ ព្រោះ​ជា​មហិច្ឆតា​ដ៏​ធំ និង​មិន​ងាយ​សម្រេច​បានឡើយ​។ បើតាម​សារព័ត៌មាន France 24 លោក Hulot ក៏បាន​ចាត់ទុក​ផែនការ​នេះ​ជា​រឿង​ដ៏​លំបាក​សម្រាប់​ក្រុមហ៊ុន​ផលិត​ឡាន​ទាំងឡាយ ប៉ុន្តែ​បាន​អះអាងថា ឧស្សាហកម្ម​យានយន្ត​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ផ្លាស់ប្ដូរ​ទិសដៅ​របស់ខ្លួន​។​

​ជាមួយនឹង​គ្នា រដ្ឋាភិបាល​បារាំង ក៏​បន្ត​ការគាំទ្រ​ក្រុមហ៊ុន​ផលិត​ឡាន​ប្រើប្រាស់​ថាមពលអគ្គីសនី និង​ថាមពល​ដែល​ប​ន្ក​ផលប៉ះពាល់​តិច​ដល់​បរិស្ថាន ក៏ដូចជា​អង្គការក្រៅរដ្ឋាភិបាល​ដែល​ចូលរួម​ក្នុងការ​ប្រយុទ្ធប្រឆាំង​បម្រែបម្រួល​អាកាសធាតុ​ផងដែរ​។ នៅ​ថ្ងៃទី​៥ ខែកក្កដា ក្រុមហ៊ុន​ផលិត​ឡាន Volvo បានប្រកាសថា​ខ្លួន​នឹង​ឈប់​ផលិត​ប្រើប្រាស់​ប្រេងឥន្ធនៈ ហើយ​ងាក​មក​ផលិត​ឡាន​ប្រើប្រាស់​អគ្គីសនី​ជំនួស​វិញ​ចាប់ពី​ឆ្នាំ​២០១៩ តទៅ​។​

​ដោយឡែក​ក្រុមហ៊ុន​ផលិត​ឡាន​ផ្សេងទៀត​ដូចជា Peugeot, Citroën និង Renault ជាដើម ក៏​ស្ថិតក្នុង​លេខ​ខ្ពស់​ក្នុង​បញ្ជី​ក្រុមហ៊ុន​ដែល​ផលិត​ឡាន​បញ្ចេញ​ឧស្ម័ន​កាបូ​និ​ច​តិចជាងគេ​ផងដែរ​។ យ៉ាងណាមិញ បើតាម​សារព័ត៌មាន Telegraph ឡាន​ដែល​ប្រើប្រាស់​ប្រេងសាំង និង​ម៉ា​ស៊ូ​ត នៅមាន​អត្រា​ខ្ពស់​ដដែល​ក្នុង​ទី​ផ្សាយ​យានយន្ត​។ ឡាន​ប្រើប្រាស់​ឥន្ធនៈ​ទាំងនេះ​មាន​ចំនួន​ដល់​ទៅ​៩៥​ភាគរយ​លើ​ទីផ្សារ ខណៈ​ឡាន​ប្រើ​អគ្គីសនី​មាន​ចំនួន​១,២​ភាគរយ និង​ជាង​៣​ភាគរយ​ទៀត គឺ​ប្រើ​ម៉ាស៊ីន​ចម្រុះ​។​

​ទន្ទឹមគ្នា​នោះដែរ ក្នុង​គោលដៅ​ការពារ​បរិស្ថាន បារាំង​ក៏​នឹង​ឈប់​ផលិត​ថាមពល​ប្រើប្រាស់​ធ្យូងថ្ម ដែល​ស្មើនឹង​៥​ភាគរយ​នៃ​តម្រូវ​ថាមពល​ទូទាំងប្រទេស​នៅត្រឹម​ឆ្នាំ​២០២២ ក៏ដូចជា​កាត់​ការប្រើប្រាស់​ថាមពលនុយក្លេអ៊ែរ ដែលមាន​ចំនួន​៧៥​ភាគរយ​នៃ​តម្រូវ​ទាំងអស់​នៅត្រឹម​ឆ្នាំ​២០២៥ ដែរ​។ គម្រោង​ទាំងនេះ សុទ្ធតែជា​ការប្ដេជ្ញាចិត្ត​របស់​ប្រធានាធិបតី ម៉ា​ក្រុង ដែល​ចង់​ដើរតួ​នាំមុខគេ​ក្នុងការ​ប្រយុទ្ធប្រឆាំង​ការឡើង​កម្ដៅ​ពិភពលោក ព្រមទាំង​បម្រែបម្រួល​អាកាសធាតុ​ផង​៕


Tag:
 បារាំង​
  បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com