អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ក្រៅពី​ថៃ អាជ្ញាធរ​ម៉ាឡេស៊ី​ក៏​បង្ក្រាប​ពលករ​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​ដែរ​
08, Jul 2017 , 3:07 pm        
រូបភាព
រូបភាព៖ The Sun Daily
រូបភាព៖ The Sun Daily
ដោយ:
 
​ម៉ាឡេស៊ី​ចាប់ខ្លួន​ពលករ​ខុសច្បាប់​ជាង​២០០០​នាក់​ដែល​មកពី​បណ្ដា​ប្រទេសជិតខាង និង​ត្រៀម​បញ្ជូន​ពួកគេ​ទៅ​ស្រុក​វិញ​។ គេ​ព្រួយបារម្ភ​ថា ការបង្ក្រាប​ពលករ​ខុសច្បាប់​នេះ​អាច​នឹង​ជំរុញ​ឲ្យ​ពលករ​ទាំង បន្ត​លាក់ខ្លួន និង ប្រឈមមុខ​នឹង​ការជួញដូរ​មនុស្ស​ពី​ក្រុម​ទុច្ចរិត​ផង​។​


​ក្រៅពី​ថៃ ម៉ាឡេស៊ី​កំពុង​ពង្រឹង​វិធានការ​បង្ក្រាប​ពេល​ករ​ខុសច្បាប់​ដែល​ឆ្លងដែន​មកពី​ប្រទេសជិតខាង​ដើម្បី​មក​ធ្វើការ​ងារ​នៅ​ម៉ាឡេស៊ី​នោះ​។ ពលករ​ច្រើន​ពាន់​នាក់​ហើយ​ដែល​ត្រូវបាន​ចាប់ខ្លួន និង​អាច​ត្រូវ​អាជ្ញាធរ​ម៉ាឡេស៊ី​បញ្ជូនទៅ​ស្រុក​វិញ​ផងដែរ​។​
 
​ពាក់ព័ន្ធ​បញ្ហា​នេះ  មន្ត្រីជាន់ខ្ពស់​ផ្នែក​អន្តោប្រវេសន៍​ម៉ាឡេស៊ី​លោក​Saravana Kumar បាន​អះអាងថា ពលករ​ចំនួន​២០៣៩​នាក់​ដែល​ធ្វើ​ការងារ​ក្នុង​រោងចក្រ និង​ភោជនីយដ្ឋាន​នានា​នៅ​ម៉ាឡេស៊ី​ត្រូវបាន​ចាប់ខ្លួន​ពេល​អាជា្ញធរ​ចេញ​ប្រតិបត្តិ​ការឆែកឆេរ​ស្វែងរក​ពលករ​ខុសច្បាប់​ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១ ខែកក្កដា​មកនេះ​។​
 
​ទីភ្នាក់ងារ​ព័ត៌មាន​Reuters បាន​ស្រង់​សម្ដី​របស់​មន្ត្រី​ខាងលើ​ដូច្នេះ​ថា​៖«​ពលករ​ខុសច្បាប់​ដែល​គេ​ចាប់បាន​នឹងត្រូវ​ឃុំខ្លួន​រយៈពេល​១៤​ថ្ងៃ ដើម្បី​ស្រាវជ្រាវ និង​ផ្ដន្ទាទោស​មុនពេល​បញ្ជូន​ពួកគេ​ទៅវិញ​»​។​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ពលក​រ​ខុសច្បាប់​នេះដែរ អាជ្ញាធរ​ឃាត់ខ្លួន​និយោជក​៥២​នាក់ ព្រោះ​មានការ​សង្ស័យថា​ពួកគេ​បាន​ជួល​ពលករ​ខុសច្បាប់​ឲ្យ​ធ្វើការ​។​
 
​លោក Saravana Kumar​បាន​បន្តទៀតថា មួយចំនួនធំ​នៃ​ពលករ​ខុសច្បាប់​ទាំងនេះ​មកពី​ឥណ្ឌូណេស៊ី និង​បង់​ក្លា​ដែ​ស​។ ពួកគេ​ឆ្លងដែន​ចូលមក​ម៉ាឡេស៊ី​ដោយ​ទិដ្ឋាការ​ជា​ភ្ញៀវ​ទេសចរណ៍ ហើយ​គ្មាន​ការអនុញ្ញាតិ​ការងារ​ត្រឹមត្រូវ​នោះទេ​។​
 
​ភាគច្រើន​ការងារ​សំណង់ និង​កសិកម្ម​ដាំ​ដុះ​នៅ​ម៉ាឡេស៊ី​ពឹងផ្អែក​ខ្លាំង​ទៅលើ​ពលករ​ចំណាកស្រុក​មកពី​ឥណ្ឌូណេស៊ី បង់​ក្លា​ដែ​ស និង​នេ​ប៉ាល់​ព្រោះ​ប្រជាជន​ម៉ាឡេស៊ី​មិន​ធ្វើ​ការងារ​បែប​នោះទេ​។ ចំណែក​ចំនួន​ពលករ​ស្របច្បាប់​ដែល​កំពុងធ្វើការ​ងារ​នៅ​ម៉ាឡេស៊ី​មាន​ចំនួន​២​លាន​នាក់ ខណៈដែល​ចំនួន​ពលករ​ខុសច្បាប់​ក៏មាន​ប្រហាក់ប្រហែលគ្នា​ដែរ​។​
 
​ដោយឡែក គេ​ឃើញ​មានការ​បារម្ភ​ខ្លាំង​ផងដែរ​ចំពោះ​ការបង្ក្រាប​ពលករ​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​នេះ​។ សកម្មជន​ការពារ​សិទ្ធ​កម្មករ​ចំណាកស្រុក​ម៉ាឡេស៊ី​លោក Aegile Fernandez យល់ថា ការចាប់ខ្លួន​និង​ឃុំខ្លួន​ហើយ​បញ្ជូន​ពលករ​ខុសច្បាប់​ទាំងនេះ​ទៅ​ប្រទេស​ខ្លួន​វិញ ជា​រឿង​មិន​យុត្តិធម៌​នោះទេ​។ នេះ​ក៏ដោយ​សារ​ពួកគេ​មិនបាន​ទទួលបាន​ការទទួល​ស្គាល់​ជា​ពលករ​ស្របច្បាប់ បើទោះបីជា​ពួកគេ​បង់ប្រាក់​ឲ្យ​និយោជក​និង​ភ្នាក់ងារ​អន្តោប្រវេសន៍​ក៏ដោយ​។​
 
​លោក​Aegile Fernandez បន្ថែមទៀតថា ការចាប់ខ្លួន​នេះ​នឹង​ជំរុញ​ឲ្យ​ហានិភ័យ​នៃ​ការជួញដូរ​មនុស្ស​កើនឡើង ព្រោះ​ពលករ​ខុសច្បាប់​ខ្លះ​បាន​ព្យាយាម​លាក់ខ្លួន និង​ព្យាយាម​រត់ចេញ​ពី​ម៉ាឡេស៊ី​។​
 
​សូម​ជម្រាប​ផងដែរ​ថា ម៉ាឡេស៊ី​ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​២ ក្នុង​របាយការណ៍​ពី​ការជួញដូរ​មនុស្ស​រប​ស់​អាមេរិក​ក្នុង​ឆ្នាំ ២០១៧ ដោយ​អាច​ឆ្លង​ផុត​បញ្ជី​ប្រទេស​ដែល​ត្រូវគេ​ឃ្លាំមើល​ហើយ​។ នេះ​មានន័យថា​ម៉ាឡេស៊ី​កំពុងតែ​ព្យាយាម​បង្ក្រាប​ការជួញដូរ​មនុស្ស ថ្វីបើ​មិនទាន់បាន​អនុវត្តតាម​ស្តង់ដារ​ទាំងស្រុង​ក៏ដោយ​៕ 
 
 
 
 
 

Tag:
 ម៉ាឡេស៊ី​
  ពលករ​ខុសច្បាប់​
  Saravana Kumar
© រក្សាសិទ្ធិដោយ thmeythmey.com