ជាតិ
តំបន់​ប្រាសាទសំបូរព្រៃគុក​ដែលមាន​អាយុ​ជាង ១ ពាន់​ឆ្នាំ ត្រូវបាន​ចុះបញ្ជី​ជា​សម្បត្តិ​បេ​តិក​ភណ្ឌ​ពិភពលោក​
09, Jul 2017 , 10:08 am        
រូបភាព
រូបប្រាសាទសំបូរព្រៃគុក ពីហ្វេសប៊ុក​ក្រសួង​ទេសចរណ៍
រូបប្រាសាទសំបូរព្រៃគុក ពីហ្វេសប៊ុក​ក្រសួង​ទេសចរណ៍
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ តំបន់​ប្រាសាទសំបូរព្រៃគុករ​បស់​កម្ពុជា ត្រូវបាន​ចុះបញ្ជី​ជា​ផ្លូវការ​នៅ​អង្គការ យូ​នី​ស្កូ​(UNESCO) នៅ​ថ្ងៃទី​៨​ខែកក្កដា ម្សិលមិញ​នេះ​។ នេះ​បើតាម​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។​


​ការសម្រេច​បញ្ចូល​តំបន់​ប្រាសាទសំបូរព្រៃគុក​ក្នុង​បញ្ជី​បេតិកភណ្ឌ​នេះ ត្រូវបាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី​៤១ នៃ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូ​នី​ស្កូ​ដែល​ប្រារព្ធ​ធ្វើ​ពីថ្ងៃ​ទី​២ ដល់​ថ្ងៃទី​១២​ខែកក្កដា​ឆ្នាំនេះ​។ សមាជិក​គណៈកម្មាធិកា​រ​នេះ​ចំនួន ១៩៣ ប្រទេស ហើយ​ដែល ២១ ប្រទេស​ជា​គណៈកម្មាធិការ​អចិន្ត្រៃយ៍ បានអនុម័ត​ចុះបញ្ជី​ប្រាសាទសំបូរព្រៃគុក​នេះ នៅ​យប់​ថ្ងៃទី​៨​ខែកក្កដា នៅក្នុង​ទីក្រុង KRAKOW នៅ​ក្នុង​ប្រទេស​ប៉ូឡូញ ម្សិលមិញ​។​
  
 
​ជាមួយគ្នានេះ សម្ដេច ហ៊ុន សែន នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន បាន​ថ្លែងអំណរគុណ​ដល់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ស្ថាប័ន​ពាក់ព័ន្ធ ដែល​បាន​ចូលរួម​ខិតខំ​លើ​កិច្ចការ​ថែរក្សា​ការពារ​អភិរក្ស និង​បញ្ចូល​ប្រាសាទសំបូរព្រៃគុក​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។​​

ប្រតិភូរបស់​កម្ពុជា ដែលបាន​ចូលរួមនៅក្នុង​កិច្ច​ប្រជុំ​គណៈកម្មកាធិការ​បេតិ​ភណ្ឌ​ពិភព​លោក ដឹក​នាំ​ដោយ​​លោកស្រី ភឿង សកុណា រដ្ឋមន្រ្តី​ក្រសួង​​វប្បធម៌​ និងវិចិត្រសិល្បៈ​។ 


​ប្រាសាទ​សំបូរព្រៃគុក កសាងឡើង​នៅក្នុង​សតវត្សរ៍ទី ៧ ក្នុងរជ្ជកាលស្តេច​ ឥសានវរ្ម័ន ក្នុងសម័យចេនឡា។ បច្ចុប្បន្ន តំបន់​ប្រាសាទនេះ ក្លាយ​ជា​រមណីយដ្ឋាន​វប្បធម៌ ប្រវត្តិសាស្ត្រ ដែល​ស្ថិតនៅ​ក្នុងភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ មាន​ចម្ងាយ​ប្រមាណ​៣៧​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តកំពង់ធំ​៕
 









 

© រក្សាសិទ្ធិដោយ thmeythmey.com