ជាតិ
សេដ្ឋកិច្ច
ផ្លូវជាតិលេខ២ គ្រោងសាងសង់នៅឆ្នាំ ២០១៨ ដោយចំណាយថវិកា ៥៦លានដុល្លារ
×
ភ្នំពេញ៖ គម្រោងធ្វើឲ្យប្រសើរឡើងនូវផ្លូវជាតិលេខ២ គ្រោងនឹងចាប់ផ្ដើមអនុវត្តនៅឆ្នាំ២០១៨ ដោយនឹងចំណាយថវិកាសាងសង់ចំនួន ៥៦លានដុល្លារអាមេរិក។ នេះបើតាមព័ត៌មានដែលផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៩ខែកក្កដា។
គម្រោងនេះអនុវត្តសាងសង់ផ្លូវប្រវែង ៥៧ គីឡូម៉ែត្រពីរង្វង់មូលក្រុងតាខ្មៅ ខេត្តកណ្ដាល ដល់រង្វង់មូលអូរចំបក់ (ចម្ងាយប្រហែល ៣គីឡូម៉ែត្រពីរង្វង់មូលទីរួមខេត្តតាកែវ)។ គម្រោងនេះក៏បញ្ចូលការសាងសង់លើផ្លូវជាតិលេខ ២២ ប្រវែង ៩គីឡូម៉ែត្រផងដែរ។ គម្រោងទាំងមូលនឹងត្រូវចំណាយថវិកា ៥៦ លានដុល្លារ ក្រោមថវិកាកម្ចីពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ និងថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជាប្រមាណជាង ៨ លានដុល្លារ។
គម្រោងនេះនឹងអនុវត្តការក្រាលកៅស៊ូ AC សង់ស្ពានថ្មី និងពង្រីកទទឹងផ្លូវឲ្យបាន ១៣ម៉ែត្រ។ ដោយឡែកត្រង់ចំណុចរង្វង់មូលគួស្រូវទៅទិសខាងត្បូងប្រវែង ៨គីឡូម៉ែត្រ នឹងត្រូវសាងសង់ជា ៤ គន្លង។
បច្ចុប្បន្ន ភាគីកូរ៉េកំពុងជ្រើសរើសទីប្រឹក្សាបច្ចេកទេស ដើម្បីអាចចាប់ផ្ដើមរៀបចំការរចនា និងជ្រើសរើសក្រុមហ៊ុនសាងសង់ ដោយដំណើរការនេះអាចចំណាយរយៈពេល ១ឆ្នាំ រួចទើបអនុវត្តការសាងសង់ជាក់ស្ដែង។ នេះជាបញ្ជាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
ប៉ុន្តែដោយស្ថានភាពផ្លូវសព្វថ្ងៃពិបាកធ្វើដំណើរ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារការ និងដឹកជញ្ជូន ក្នុងឱកាសលោកចុះត្រួតពិនិត្យផ្លូវនេះនៅព្រឹកថ្ងៃនេះ បានណែនាំឲ្យមន្ត្រីក្រោមឱវាទធ្វើរបាយការណ៍ដាក់ជូន សម្ដេចនាយករដ្ឋមន្ត្រី ដើម្បីស្នើសុំគោលការណ៍ស្វែងរកកញ្ចប់ថវិកាពិសេសដោះស្រាយអោយបានទាន់ពេលវេលា ដោយមិនរង់ចាំរហូតដល់រយៈពេលមួយឆ្នាំទៀតនោះទេ៕
Tag:
ស៊ុន ចាន់ថុល
ផ្លូវជាតិលេខ២
© រក្សាសិទ្ធិដោយ thmeythmey.com