អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
យោធា​ចិន​ថា ខ្លួន​គ្មាន​ទំនាក់ទំនង​គ្នា​សម្បី​តែ​បន្តិច​ជាមួយ​កងទ័ព​កូរ៉េខាងជើង​បច្ចុប្បន្ន​
09, Jul 2017 , 3:40 pm        
រូបភាព
​ក្នុង​បទសម្ភាសន៍​ផ្តាច់មុខ​ជាមួយ​ទូរទស្សន៍​សិង្ហ​បុរី Channel NewsAsia មន្ត្រី​យោធា​ជាន់ខ្ពស់​ចិន​បាន​អះអាងថា យោធា​ចិន​គ្មាន​ទំនាក់ទំនង​សូម្បីតែ​បន្តិច​សោះ​ជាមួយ​យោធា​កូរ៉េខាងជើង​។ ការលើកឡើង​នេះ​កើតឡើង​ក្រោយ​ពេលដែល​កូរ៉េខាងជើង​សម្រេច​ជោគជ័យ​ក្នុងការ​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​ឆ្លង​ទ្វីប​ដែល​អាច​បាញ់​ដល់​ទឹកដី​អា​ឡា​ស្ការ​អាមេរិក​នោះ​។  

 
« មិនដែល​ទាក់ទង​គ្នា​ទេ​។ យើង​គ្មាន​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងជើង​ឡើយ​ឥឡូវនេះ​»​។ នេះ​ជាការ​ឆ្លើង​តប​របស់លោក Zhou Bo មន្ត្រី​យោធា​ជាន់ខ្ពស់​នៃ​កងទ័ព​រំដោះប្រជាជន​ចិន​ពេលដែល​អ្នកសារព័ត៌មាន​សួរថា «​តើ​ទំនាក់ទំនង​ប្រភេទ​ណាខ្លះ​ដែល​យោធា​ចិន​មាន​ជាមួយ​កូរ៉េខាងជើង​ក្នុងនាម​ជា​មិត្ត​ជាតិ​ខាង​?»​។ 
 
​ក្នុងនាម​ជា​ប្រធាន​មជ្ឈមណ្ឌល​សម្រាប់​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​អន្តរជាតិ​នោះ លោក Zhou Bo បាន​បកស្រាយ​ថា កាលពីមុន​យោធា​ចិន​និង យោធា​កូរ៉េខាងជើង​ពិតជា​មានការ​ប្រាស្រ័យ​ទាក់ទង​គ្នា​មែន ប៉ុន្តែ​មកដល់​ឥឡូវនេះ​វា​លែងមានទៀតហើយ​។​
 
«​បច្ចុប្បន្ននេះ​យើង​មិនបាន​ទាក់ទង​គ្នា​ជាមួយ​កងទ័ព​កូរ៉េខាងជើង​ឡើយ​។ កាលពីមុន​វា​មាន​មែន​។ យើង​មានការ​ប្រាស្រ័យ​ទាក់ទង​គ្នាច្រើន​ជាពិសេស​ការផ្លាស់ប្តូរ​ទំនាក់ទំនង​ក្រោម​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​យោធា​។ ខ្ញុំ​គិតថា​វា​បង្ហាញ​ឲ្យ​ឃើញ​ពី​ការផ្លាស់ប្តូរ​នៃ​សម្ព័ន្ធភាព​រវាង​ប្រទេស​យើង​ទាំងពីរ​ដោយសារ​ហេតុផល​មួយចំនួន​ដែល​គ្រប់គ្នា​បានដឹង​ហើយ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក Zhou Bo​។​
 
​គ្មាន​ការប្រាស្រ័យ​ទាក់​ទំនង​រវាង​យោធា​ប្រទេស​ទាំងពីរ​ត្រូវបាន​លោក Zhou Bo បកស្រាយ​ថា វា​ជា​ឆន្ទៈ​របស់​ចិន​ក្នុងការ​ចូលរួម​អនុវត្ត​ដំណោះស្រាយ​អង្គការសហប្រជាជាតិ​និង​គាំទ្រ​សហគមន៍​អន្តរជាតិ​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង​។​
 
​លោក​បញ្ជាក់​ដូច្នេះ​ថា​៖ « ចិន​និង​កូរ៉េខាងជើង​ជា​មិត្ត​ពិតមែន ហើយ​យើង​ថែមទាំង​បានធ្វើ​សង្គ្រាម​រួមគ្នា​នៅលើ​ទឹកដី​កូរ៉េ​កាលពី​អតីតកាល​យូរអង្វែង​មកហើយ​ដែរ​។ ប៉ុន្តែ​អ្វីដែល​ខ្ញុំ​ចង់​និយាយ​នោះ​គឺ ចិន​បច្ចុប្បន្នកំពុង​រួម​ជាមួយ​សហគមន៍​អន្តរជាតិ​ក្នុងការ​អនុវត្ត​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។ យើង​សង្ឃឹមថា យើង​នឹង​អា​ចរក​ដំណោះស្រាយ​ឃើញ​ដើម្បី​បញ្ចប់​បញ្ហា​ទាំងនេះ​»​។​
 
​ការ​លើកឡើងថា​ទំនាក់ទំនង​រវាង​យោធា​ចិន​និង​យោធា​កូរ៉េខាងជើង​ស្ថិតនៅ​កម្រិត​សូន្យ​នោះ កើតឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​កូរ៉េខាងជើង​បាញ់​សាកល្បង​មី​ស៊ី​លបាញ់​ឆ្លង​ទ្វីប​ដោយ​ជោគជ័យ​។ មី​ស៊ី​ល​ដែល​ត្រូវបាន​បាញ់​នោះ​មាន​អនុភាព​អាច​ហោះ​ដល់​អា​ឡា​ស្ការ​អាមេរិក ហើយ​មាន​អ្នកជំនាញ​មួយចំនួន​វាយតម្លៃ​ផងដែរ​ថា​វា​អាច​បំពាក់​ក្បាល​គ្រាប់​នុយ​ក្ល​អ៊ែរ​បាន​ផងដែរ​។ 
 
​នេះ​ជាការ​គំរាមកំហែង​បំផុត​ធំ​បំផុត​មួយ​ដែរ​ចំពោះ​សន្តិសុខ​អាមេរិក  ហើយ​ចិន​ក៏​រង​សម្ពាធ​ខ្លាំង​ផងដែរ​ពី​អាមេរិក​និង​ប្រទេស​ផ្សេងទៀត​ដែល​ហាក់​មិន​ប្រើ​អំណាច​ខ្លួន​ដាក់​សម្ពាធ​កូរ៉េខាងជើង​សោះ​នោះ​។ នេះ​ក៏​ព្រោះ​គេ​គ្រប់គ្នា​យល់ថា ចិន​ជា​សម្ព័ន្ធមិត្ត​និង​ជា​ខ្នងបង្អែក​ធំ​តែមួយគត់​របស់​កូរ៉េខាងជើង ដែល​ធ្វើ​ឲ្យ​ចិន​មាន​ទឹកមាត់ប្រៃ​ក្នុង​ការដាក់​សម្ពាធ​កូរ៉េខាងជើង​។​
 
​ពាក់ព័ន្ធ​ដំណោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​នេះដែរ អ្នកសារព័ត៌មាន Channel News Asia ក៏បាន​ចោទសួរ​លោក Zhou Bo ផងដែរ​ជុំវិញ​ចំណាត់ការ​របស់​ចិន​ក្នុង​ការដាក់​សម្ពាធ​ឲ្យ​កូរ៉េខាងជើង​ឲ្យ​បោះបង់​អាវុធ​នុយក្លេអ៊ែរ​នោះ​។ 
 
​លោក Zhou Bo បាន​ឆ្លើយតប​ថា ក្រុង​ប៉េកាំង​បច្ចុប្បន្នកំពុង​ប្រឹងប្រែង​រក​វិធានការ ហើយ​គោលជំហរ​របស់​ចិន​ច្បាស់លាស់​ណាស់​ក្នុង​ការបន្ត​គាំទ្រ​ការរំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​។ ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​រូបនេះ​គូសបញ្ជាក់ថា ស្ថានការណ៍​បច្ចុប្បន្ន​កាន់តែ​ស្មុគស្មាញ ដោយសារ​ការដំឡើង​ខែល​ការពារ​មី​ស៊ី​ល​អាមេរិក THAAD នៅ​កូរ៉េខាងត្បូង និង​មួយទៀត​ការបន្ត​បាញ់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​ឥតឈប់ឈរ​៕
 
 
 
 
 

Tag:
 កូរ៉េខាងជើង​
  ចិន​
  Zhou Bo
© រក្សាសិទ្ធិដោយ thmeythmey.com