បទយកការណ៍ / បទសម្ភាសន៍
រៀន​ចប់​បរិញ្ញាបត្រ​ធ្វើការ​សិន និង​រៀន​បន្ត​អនុបណ្ឌិត​ភ្លាម​មួយណា​ល្អ​ជាង​?
09, Jul 2017 , 10:39 pm        
រូបភាព
ដោយ:
 
​និស្សិត​កំពុង​រៀន​នៅ​មហាវិទ្យាល័យ​មួយចំនួន កំពុង​ពិបាកចិត្ត​។ ពួកគេ​មិនមែន​បារម្ភ​ខ្លា​ចរក​ការងារ​មិនបាន​ធ្វើ​ទេ ប៉ុន្តែ​ពិបាក​សម្រេច​ថា តើ​រៀន​ចប់​បរិញ្ញាបត្រ គួរតែ​ធ្វើការ​សន្សំ​បទពិសោធន៍​សិន ឬ​ត្រូវ​បន្ត​រៀន​ថ្នាក់អនុបណ្ឌិត​ភ្លាម​តែម្តង​។  និស្សិត​ខ្លះ​ខ្លាច​ថា បើ​រៀន​ចប់​ធ្វើការ​សិន ខ្លាច​ខាត​ពេល អាយុ​កាន់តែច្រើន​រៀន​លែង​ចូល ឬ​គ្មាន​ពេល​រៀន នៅពេល​មានគ្រួសារ ខណៈ​និស្សិត​ខ្លះ​គិតថា​ធ្វើការ​ដើម្បី​សន្សំ​ពិសោធន៍ និង​រកប្រាក់​ផង មុន​បន្ត​ការសិក្សា​ទៀត​។ និស្សិត​ខ្លះទៀត ជ្រើស​យក​ការរៀន​អនុបណ្ឌិត​បណ្តើរ និង​ធ្វើការ​បណ្តើរ​។​



​ជុំវិញ​រឿងនេះ​លោក ហឿន សំនៀង  នាយករង​ខុទ្ទកាល័យ​រដ្ឋមន្ត្រីក្រសួង​សាធារណការ យល់ថា​និស្សិត​រៀន​ចប់​គួរតែ​ធ្វើការ​សិន​។ ផ្អែក​តាម​បទពិសោធន៍​ផ្ទាល់ខ្លួន ដែល​បានបញ្ចប់​ថ្នាក់អនុបណ្ឌិត​នៅ​សាកលវិទ្យាល័យ​ហា​វើដ សហរដ្ឋអាមេរិក លោក ហឿន សំនៀង បន្តថា ការធ្វើការ​សិន​មុន​បន្ត​ការសិក្សា​នេះ នឹងធ្វើ​ឲ្យ​និស្សិត​ទទួលបាន​បទពិសោធន៍ ទំនាក់ទំនង ស្គាល់​ច្បាស់​ពី​សង្គម និង​ធ្វើ​ឲ្យ​និស្សិត​ងាយស្រួល​យល់ ពី​មេរៀន​ថ្នាក់អនុបណ្ឌិត​។ 

 
 
​លោក​បាន​ធៀប​ការរៀន​ថ្នាក់​បរិញ្ញាបត្រ និង​អនុបណ្ឌិត​ថា ថ្នាក់​បរិញ្ញាបត្រ បាន​បង្ហាត់​មូលដ្ឋានគ្រឹះ និង​ទ្រឹស្តី ដល់​មនុស្ស​ក្មេងខ្ចី រីឯ​រៀន​ថ្នាក់អនុបណ្ឌិត ប្រៀបដូចជា​ការហ្វឹកហាត់​បន្ថែម​សម្រាប់​មនុស្ស​ដែលមាន​បទពិសោធន៍ ដែល​ធ្លាប់បាន​អនុវត្ត​ទ្រឹស្តី​ដែល​បាន​រៀន​នៅ​ថ្នាក់​បរិញ្ញាបត្រ​។ លោក ហឿន សំនៀង​ថ្លែង​ដូច្នេះ​ថា​៖«​បើ​យើង​រៀន​តែ​ទ្រឹស្តី មិន​យល់​ទេ​។ ក្មេង​ពេក​នឹងមិន​យល់​ទ្រឹស្តី​ពិត នៅក្នុង​ពិសោធន៍​ថ្នាក់អនុបណ្ឌិត​។ នៅ​ស្រុក​គេ និស្សិត​រៀន​ចប់​បរិញ្ញាបត្រ ចូលធ្វើការ ៣​ឆ្នាំ ទៅ​៤​ឆ្នាំ សិន ទើប​គេ​រៀន​ថ្នាក់អនុបណ្ឌិត​»​។​
 
​សម្រាប់ លោក សំនៀង ធ្វើការ​សិន​មុន​រៀន​បន្ត​ថ្នាក់អនុបណ្ឌិត​ជាម​នុស្ស​ជោគជ័យ​ខ្ពស់ ហើយ​ការលើកឡើង​ដែលថា ខ្លាច​ពេល​មានគ្រួសារ​រវល់ និង​អាយុ​ច្រើន​រៀន​លែង​ចូល ជា​ការគិត​មិនបាន​ឆ្ងាយ និង​គ្រប់​ជ្រុងជ្រោយ​។​
 
​លោក ហុយ សម្បត្តិ គ្រូបង្រៀន​នៅ​សាកលវិទ្យាល័យ​មួយ ក៏​យល់ស្រប​នឹង​ការលើកឡើង​របស់លោក សំនៀង​ដែរ​។ គ្រូបង្រៀន​រូបនេះ​បន្ថែមថា ពេល​ចប់​ថ្នាក់​បរិញ្ញាបត្រ និស្សិត​ភាគច្រើន ក៏​មិនដឹងថា គាត់​មាន​ចំណាប់​អារ​ម្មរណ៍ និង​ទេពកោសល្យ​ផ្នែក​អ្វី​ឲ្យ​ប្រាកដ​ដែរ ប៉ុន្តែ​នៅពេលដែល​ពួ​គាត់​ចំណាយ ពេល​១​ឆ្នាំ ទៅ​២​ឆ្នាំ ធ្វើការ​សិន ទើប​អាច​រកឃើញ​អ្វីដែល​គាត់​ស្រលាញ់ និង​ចូលចិត្ត​។ លោក ហុយ សម្បត្តិ ក៏​លើកទឹកចិត្ត​ឲ្យ​និស្សិត រៀន​បណ្តើរ ធ្វើការ​បណ្តើ​រដែរ ប៉ុន្តែ​ត្រូវ​ឲ្យ​មាន​តុល្យភាព​រវាង ការរៀន និង​ធ្វើការ​ព្រមទាំង​មាន​ទំនួល​ខុសត្រូវ​ខ្ពស់​លើ​កិច្ចការ​ទាំង​២​នេះ​។​

 
 
​គ្រូបង្រៀន​រូបនេះ ក៏​មើលឃើញ​ពី​សក្តានុពល​របស់​យុវជន​ខ្មែរ​នា​សម័យ​បច្ចុប្បន្ន​ដែរ​ថា ពួកគេ​ពូកែៗ​ច្រើន និង​ក៏មាន​ឱកាស​ច្រើន​ដែរ ទទួលបាន​អាហារូបករណ៍​ទៅ​សិក្សា​បន្ត​នៅ​បរទេស​។ បញ្ហា​នៅត្រង់ថា ពួកគេ​ខ្លះ​មាន​វ័យក្មេង ខ្វះ​បទពិសោធន៍ ប៉ុន្តែ​ការរំពឹង​ខ្ពស់ ពោល​ពួគគាត់​ចង់បាន​តំណែង​ខ្ពស់ និង​ប្រាក់បៀវត្ស​ច្រើន​ពេល​រៀន​ចប់​។   
 
​អ្នកស្រី ណា​រិ​ទ្ធ ណា​រឺ​មិ អ្នកគ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន CDL HR ដែលជា​ក្រុមហ៊ុន​ជ្រើសរើស​ធនធានមនុស្ស​លើកឡើង​ផ្ទុយ​បន្តិច​។ អ្នកស្រី ណា​រិ​ទ្ធ ណា​រឺ​មិ និយាយថា ការរៀនសូត្រ មិនចាំបាច់​ទាល់តែ​ចូល​មហាវិទ្យាល័យ​ទេ ឬ​រៀន​បន្ត​ថ្នាក់អនុបណ្ឌិត​ទេ ប៉ុន្តែ​វា​អាស្រ័យ​លើ​ការតាំង​ចិត្ត ថា​យើង​ចង់​ធ្វើ​អ្វី​? ក្តី​សុបិន​របស់​យើង​ជា​អ្វី​? ត្រង់​ន័យ​នេះ មិនមែន​មានន័យថា ការបន្ត​រៀន​បណ្ឌិត​មិនល្អ​នោះទេ ប៉ុន្តែ​យើង​មាន​សមត្ថភាព​ធ្វើ​ការងារ​ជាក់ស្តែង​។ អ្នកគ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន CDL HR​រូបនេះ​បន្តថា ការងារ​ជា​អ្នក​បង្រៀន​មនុស្ស​។  


 
​ជារួម រៀន​ចប់​ធ្វើការ​សិន ឬ​បន្ត​ការសិក្សា​អនុបណ្ឌិត​ភ្លាម អាស្រ័យ​លើ​ខ្លួន​យើង​ផ្ទាល់ ជា​អ្នកសម្រេច​។ រៀន​ចប់​រួច​ធ្វើ​ការងារ​សិន ធ្វើ​ឲ្យ​យើង​មានបទពិសោធន៍​ការងារ ទំនាក់ទំនង និង​ស្គាល់​សង្គម​ច្បាស់ និង​ជា​ទុន​ដែល​នាំ​ឲ្យ​ស្គាល់​ខ្លួនឯង​កាន់តែច្បាស់ ព្រមទាំង​ងាយស្រួល​សម្រេចចិត្ត រើស​ជំនាញ​អ្វី​នៅ​ថ្នាក់អនុបណ្ឌិត​។ រៀន​ចប់​បរិញ្ញាបត្រ​ភ្លាម រៀន​បន្ត​ភ្លាម ក៏​ម្យ៉ាង​ប្រសិនបើ​យើង​មាន​ធនធាន​គ្រប់គ្រាន់ និង​ចង់​ស្រវា​យកចំនេះ​ដាក់​ក្នុង​ខ្លួន​ឲ្យ​ច្រើន​សិន​មុន​ចេញ​ធ្វើការ​។ ប៉ុន្តែ​ពេល​ចប់​អនុបណ្ឌិត ហើយ​ធ្វើការ​ក្នុង​តំណែង​ណាមួយ និស្សិត​អាច​ស្ទើរ​បទពិសោធន៍ មិនសូវ​យល់​ពី​បរិបទ​សង្គម​៕
 

Tag:
 និស្សិត​
 ​ អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com