ជាតិ
​​​ន​យោ​បាយ​ជាតិ​
សភា​ប្រជុំ​អនុម័ត​ខ្លឹមសារ​ថ្មី​នៃ​ច្បាប់​គណបក្សនយោបាយ ដោយ​គ្មាន​វត្តមាន​CNRP
10, Jul 2017 , 9:02 am        
រូបភាព
ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១០ កក្កដា​នេះ រដ្ឋសភា​ប្រជុំ​ពេញអង្គ ដើម្បី​ពិនិត្យ​និង​អនុម័ត​ខ្លឹមសារ​ថ្មី​នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែលមាន​បំណង​ហាម​អ្នកទោស​ធ្វើ​សកម្មភាព​ជាមួយ​អ្នកនយោបាយ​។ កិច្ចប្រជុំពេញអង្គ​នេះ គ្មាន​វត្តមាន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ គឺ​មានតែ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​៦៦​រូប​ប៉ុណ្ណោះ​។​


 
​អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ធ្លាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា មូល​ដែល​គណបក្ស​លោក​មិន​ចូលរួម​ប្រជុំ​អនុម័ត​នោះ ដោយសារតែ​ខ្លឹមសារ​ថ្មី​នៃ​ច្បាប់​នេះ មាន​លក្ខណៈ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ ដែល​ស្ថិតនៅក្នុង​គោលបំណង​រិត​ត្បិត​សិទ្ធិសេរីភាព​អ្នកនយោបាយ​។ លោក អេង ឆៃអ៊ាង និយាយថា ខ្លឹមសារ​ច្បាប់​បង្កើតឡើង​នេះ គ្មាន​ចំណុច​ណា​ដែល​អាចជួយ​ដោះស្រាយ​បញ្ហានយោបាយ និង​បញ្ហា​ជាតិ​ឡើយ ពោលគឺ​មានតែ​ការជំរុញ​ឲ្យ​អ្វីៗ ដែល​អ្នកនយោបាយ​ធ្លាប់មាន​កន្លងមក បែ​ជា​ដើរ​ថយក្រោយ​ទៅវិញ​។​
 
​ខ្លឹមសារ​ថ្មី ដែល​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ស្នើសុំ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​នោះ មាន​បន្ថែម​៣​ចំណុច​ទៀត ត្រង់​មាត្រា​៦ ដែលមាន​ចំណុច​៥​ហើយ​នោះ រួមមាន​៖ ទី​១ គណបក្សនយោបាយ​មិនត្រូវ​ធ្វើ​សកម្មភាព​ប្រើប្រាស់​សារ​ជា​សំឡេង រូបភាព ឯកសារ​ជា​លាយលក្ខណ៍អក្សរ ឬ​សកម្មភាព​របស់​ទណ្ឌិត​ជាប់ទោស​ពីបទ​ឧក្រិដ្ឋ ឬ​ពីបទ​មជ្ឈិម ដើម្បី​ជា​ផលប្រយោជន៍​នយោបាយ​ស​ម្រា​ប់​គណបក្ស​របស់ខ្លួន ។ ទី​២ មិនត្រូវ​យល់ព្រម​ដោយ​ចំហរ ឬ​ដោយ​តី​ណ្ហ​ភាព ឬ​ឃុបឃិត​ជាមួយ​ទណ្ឌិត​ជាប់ទោស​ពីបទ​ឧក្រិដ្ឋ ឬ​ពីបទ​មជ្ឈិម ឲ្យ​ធ្វើ​សកម្មភាព​ណាមួយ ដើម្បី​ជា​ផលប្រយោជន៍​នយោបាយ​ស​ម្រា​ប់​គណបក្ស​របស់ខ្លួន និង​ទី​៣ មិនត្រូវ​គាំទ្រ ឬ​រៀបចំ​ផែនការ ឬ​ឃុបឃិត​ជាមួយ​រាល់​បុគ្គល ដែល​ធ្វើ​សកម្មភាព​ក្នុង​គោលបំណង​ប្រឆាំង​និង​ផលប្រយោជន៍​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដូច​មានចែង​ពី​ចំនុច​ទី​១ ដល់​ចំណុច​ទី​៥​ខាងលើ​ឡើយ​។ 
 
​សម្រាប់​ទោសទណ្ឌ​ដល់​គណបក្សនយោបាយ ដែល​បាន​ប្រព្រឹត្ត​ផ្ទុយ​ពី​ច្បាប់​នេះ ត្រូវ​បានចែង​នៅក្នុង​មាត្រា​៤៤​ថ្មី (​ពីរ​) ចែងថា ដោយ​មិនទាន់​គិតពី​ទោស​ព្រហ្មទណ្ឌ​ផ្សេងទៀត គណបក្សនយោបាយ​ដែល​ប្រព្រឹត្តល្មើស​នឹង​មាត្រា​៦​ថ្មី (​ពីរ​)​នៃ​ច្បាប់​នេះ និង​មាត្រា​៧ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ តុលាការ​អាច​សម្រេច ផ្អាក​សកម្មភាព​គណបក្ស​នយោបាយ​នោះ មិន​លើសពី​៥​ឆ្នាំ ឫ​អាចរំលាយ​គណបក្ស​នោះ​។​
 
​ក្រៅពី​អនុម័ត​ខ្លឹមសារ​ថ្មី​នេះ​ច្បាប់​គណបក្សនយោបាយ​នេះ រដ្ឋសភា​ក៏​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ការ​ធនា​ទូទាត់​របស់​រដ្ឋាភិបាល ឲ្យ​ក្រុមហ៊ុន​ខេ​ម​បូ​ឌា​ន អេ​នើ​ជី II ឯ​.​ក​។ ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ការ​ធនា​ទូទាត់​របស់​រដ្ឋាភិបាល ឲ្យ​ក្រុមហ៊ុន​អេ​ឡិច ខ​ប​ភើ​រេ​សិន​ផងដែរ​៕
 

Tag:
 ច្បាប់​នយោបាយ​
 CNRP
© រក្សាសិទ្ធិដោយ thmeythmey.com