ជាតិ
សេដ្ឋកិច្ច
ពន្ធដារ ប្រកាស​ប្រើ​តែម​ថ្មី​បិទ​លើ​កញ្ចប់​បារី ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការប្រមូល​ពន្ធ​
10, Jul 2017 , 7:39 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកអគ្គនាយកដ្ឋានពន្ធដារ
រូបភាពពីហ្វេសប៊ុកអគ្គនាយកដ្ឋានពន្ធដារ
ដោយ:
​អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​ប្តូរ​ប្រភេទ​តែម​ពន្ធ​ថ្មី​សម្រាប់​បិទ​លើ​កញ្ចប់​បារី ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ប្រមូល​ចំណូល​ពន្ធ​។ ការអនុវត្តន៍​លើ​នីតិវិធី​ច្បាប់ នឹង​ចាប់ផ្តើម​នៅ​ខែសីហា​ខាងមុខ​។ បើតាម​នាយកដ្ឋាន​ពន្ធ​ដារ ផលិត​បារី​មិន​បិទ​តែម​ពន្ធ​ថ្មី​នេះ​នៅលើ​កញ្ចប់ នឹងមិន​អនុញ្ញាត​ឲ្យ​លក់​លើ​ទីផ្សារ​ឡើយ ចាប់ពី​ខែសីហា​។​



​ក្នុងឱកាស​ចុះ​ត្រួតពិនិត្យ​ការបិទ​តែម​ប្រភេទ​ថ្មី​បិទ​លើ​កញ្ចប់​បារី នៅ​ក្រុមហ៊ុន British American Tobacco Cambodia កាលពី​ថ្ងៃទី​៣ ខែកក្កដា លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​បញ្ជាក់ថា ការដាក់ឱ្យ​ប្រើប្រាស់​តែម​ថ្មី​នេះ គឺ​ដើម្បី​ទប់ស្កាត់​ការ​ក្លែងបន្លំ​សន្លឹក​តែម​ពន្ធ​នៅលើ​ទីផ្សារ ដែល​នាំ​ឲ្យ​បាត់បង់​ចំណូល​ជាតិ​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​(AKP)​។​

AKP បាន​ស្រង់​ប្រសាសន៍​លោក គង់ វិបុល ទៀតថា​តែម​ពន្ធ​ថ្មី​នេះ​មាន​សុវត្ថិភាព ទាំង​ក្រដាស ពណ៌​ទឹក​ថ្នាំ និង​មាន​ឃ្យូ អរ កូដ (QR Code) ដែល​បង្ហាញ​ពី​ព័ត៌មាន​ឈ្មោះ​ក្រុមហ៊ុន តាមរយៈ​ម៉ាស៊ីន​អេឡិចត្រូនិក​។  លោក គង់ វិបុល បញ្ជាក់ទៀតថា យន្តការ​ថ្មី​នេះ នឹង​ចាប់ផ្តើម​អនុវត្តន៍ នៅ​ខែសីហា​ខាងមុខ ហើយ​រដ្ឋបាល​សារពើពន្ធ គ្រោង​ចុះ​ពិនិត្យ​ទៅតាម​ទីផ្សារ​ដែរ​នៅថ្ងៃនោះ​ដែរ ដើម្បី​ចុះ​ត្រួតពិនិត្យ​ពី​ការអនុវត្ត​ប្រភេទ​តែម​ពន្ធ​ថ្មី​លើ​កញ្ចប់​បារី​។

​អាជ្ញាធរ​នឹង​រឹបអូស​កញ្ចប់​បារី​ណា ដែល​នៅតែ​បិទ​តែម​ចាស់ ឬ​គ្មាន​ការបិទ​តែម​បង់ពន្ធ ព្រោះ​បារី​ទាំងនោះ​ផុតកំណត់​កាលបរិច្ឆេទ​។ នេះ​បើតាម​លោក គង់ វិបុល ដែល​បន្តថា យន្តការ​ថ្មី​នេះ មិន​ត្រឹមតែ​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការបង់ពន្ធ​លើ​ផលិតផល​ថ្នាំជក់ ប៉ុណ្ណោះ​ទេ ក៏​ពង្រឹង​ពី​បញ្ហា​សុវត្ថិភាព​អ្នកប្រើប្រាស់​ផលិតផល​ថ្នាំជក់​ដែរ ដោយ​តម្រូវឱ្យមាន​ការបិទ​សារ​ព្រមាន​សុខភាព និង​រូបភាព​ជក់បារី​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​។ ទន្ទឹមនឹងនេះ លោក ក៏​ប្រាប់​ឲ្យ​អាជីវករ​ទាំងអស់ ដែល​សល់​ផលិតផល​បារី​មាន​បិទ​តែម​ចាស់ បញ្ជូនទៅ​ឲ្យ​ក្រុមហ៊ុន​វិញ ចៀស​ជាង​ការ​រឹបអូស និង​រង​ការព្រមាន​ពី​អាជ្ញាធរ​៕ 

​ប្រភព​៖AKP


Tag:
 បារី​
 ​ តែម​
 ​ ពន្ធដារ
© រក្សាសិទ្ធិដោយ thmeythmey.com